ភ្នំពេញៈ សហភាព​អឺរ៉ុប​សន្យា​នឹង​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​ការចូលរួម​ខ្សែ​ច្រវាក់​តម្លៃ​តំបន់​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម អាទិភាព​របស់​កម្ពុជា​។

នៅក្នុង​ជំនួប​ពិភាក្សា​អំពី​ការសិក្សា​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង គោលនយោបាយ​អាស៊ាន និង​អំពី​គំនិត​ផ្តួចផ្តើម​ស្តីពី​ថាមពលបៃតង ព្រមទាំង​ខ្សែ​ច្រវាក់​តម្លៃ​ឧស្សាហកម្ម​ក្រោម​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ​២០២១-២០២៧ ​របស់​សហភាព​អឺរ៉ុប ជាមួយ​ក្រសួង​ពាណិជកម្ម​កម្ពុជា​កាលពី​ទី​ ១១ ខែឧសភា ឆ្នាំ​ ២០២២ ភាគី EU បានបង្ហាញ​អំពី​កម្មវិធី EU Multiannual Indicative Programme 2021 – 2027 ដែលមាន​ដាក់បញ្ចូល​នូវ​គំនិត​ផ្តួចផ្តើម​ស្តីពី​ថាមពលបៃតង និង​ខ្សែ​ច្រវាក់​តម្លៃ​ឧស្សាហកម្ម​ និង​កសិកម្ម ដែល​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថាមពល កិច្ចការពារ​បរិស្ថាន ការគោរព​ស្តង់ដា​ការងារ ផលិតភាព​ និង​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ទំនួល​ខុសត្រូវ និង​សុខុមាលភាព​នៅ​កម្ពុជា ដែល​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ស្វែងយល់​បន្ថែម​ក៏ដូចជា​ស្វែងរក​ជំនួយ​បច្ចេកទេស​ និង​ការគាំទ្រ​ពី​ភាគី​ EU​។

ខាង​ជំនាញការ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់ថា​៖ « គំនិត​ផ្តួចផ្តើម​ទាំងនេះ​ថា​នឹង​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម ការចូលរួម​ខ្សែ​ច្រវាក់​តម្លៃ​តំបន់​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម អាទិភាព​របស់​កម្ពុជា ដែល​ស្រប​នឹង​គោលដៅ​អភិវឌ្ឍន៍​របស់ EU ដែលមាន​ការគិតគូរ​ខ្ពស់​អំពី​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន តម្លាភាព ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ​ដល់​និយោជិក និង​ការអនុវត្ត​ច្បាប់ និង​បទប្បញ្ញតិ្ត​ចាំបាច់​»​។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មីៗ​ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រដ្ឋ​ និង​ឯកជន ការបង្កើន​ភាព​ប្រកួតប្រជែង តាមរយៈ​ការធ្វើ​កំណែទម្រង់​ និង​បញ្ចុះ​ថ្លៃដើម ការរៀបចំ​លិខិតបទដ្ឋាន​ច្បាប់ ​និង​ប្បញ្ញត្តិ​ថ្មីៗ​ការដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​កាត់ដេរ យុទ្ធសាស្ត្រ​ និង​កម្មវិធី​កែទម្រង់​ស្តារ​សេដ្ឋកិច្ច​នានា ព្រមទាំង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អង្គការ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​គ្រប់​ជ្រុងជ្រោយ និង​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់ថា៖ «​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​អនុវត្ត​កម្មវិធី​ដែល​ផ្តល់​ផល​វិជ្ជមាន​លើ​កិច្ចការពារ​បរិស្ថាន ការប្រើប្រាស់​ថាមពល​ល្អ និង​ការលើកកម្ពស់​សុខុមាលភាព​ និង​ស្តង់ដា​ការងារ​របស់​និយោជិក ការអនុវត្ត​មូលនិធិ​សន្តិសុខ​សង្គម រួមទាំង​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី​ផងដែរ​»​។

លោក​បាន​បន្ថែមថា កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factory Cambodia) របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បានក្លាយ​ជា​ឧទាហរណ៍​ល្អ​មួយ​សម្រាប់​ទាក់ទាញ​ការបញ្ជាទិញ ហើយ​ភាគី​ដៃគូ​ពាក់ព័ន្ធ​គួរ​ពិនិត្យ​លទ្ធភាព​បន្ត​ផ្តល់​មូលនិធិ​សម្រាប់​អនុវត្ត​រហូត​សម្រេចបាន​នូវ​កំណែទម្រង់ ក៏ដូចជា​លទ្ធផល​គាប់ប្រសើរ​ស្របតាម​ផែនការអភិវឌ្ឍន៍​ឧស្សាហកម្ម​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង វិស័យ​កសិឧស្សាហកម្ម និង​វិស័យ​ដទៃទៀត​៕