មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​វិភាគ​គុណភាព​បន្លែ និង​ផ្លែឈើ ក្នុង​ខេត្ត​ចំនួន ​២៤ ត្រូវ​យកចិត្តទុកដាក់​លើ​ការធ្វើ​តេស្ត​រក​សំណល់​ថ្នាំ​កសិកម្ម​នៅលើ​បន្លែ ផ្លែឈើ​ទាក់ទង​នឹង​ការវិភាគ​គុណភាព​បន្លែ​-​ផ្លែឈើ និង​ត្រូវ​វាយតម្លៃ​ប្រកបដោយ​វិជ្ជាជីវៈ​។​

​ការស្នើ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការប្រើប្រាស់​សម្ភារ​ពិសោធន៍ (Testing kits) និង​ការវិភាក​គុណភាព​បន្លែ និង​ផ្លែឈើ​» នា​ថ្ងៃទី​១២ ខែឧសភា នៅ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង ចែកចាយ​បន្លែ​សុវត្ថិភាព នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល​។​

​លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​នាយក​កម្មវិធី​ASPIRE បាន​ថ្លែងថា ការធ្វើ​តេស្ត​រក​សំណល់​ថ្នាំ​កសិកម្ម នៅលើ​បន្លែ ផ្លែឈើ និង​ការវិភាគ​គុណភាព​បន្លែ និង​ផ្លែឈើ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់ ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ ហើយ​ទាំងអស់គ្នា​ត្រូវធ្វើ​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រកបទៅដោយ​កិត្តិយស​។​

​លោក មាស ពិសិដ្ឋ បាន​បន្ថែមថា ៖ «​នៅពេល​យើងទាំងអស់គ្នា បរិភោគ​នូវ​ចំណីអាហារ​មិនល្អ បរិភោគ​ចំណីអាហារ​ដែល​គ្មាន​អាហារូបត្ថម្ភ ធ្វើឱ្យប៉ះពាល់​នូវ​សុខភាព​របស់​យើងទាំងអស់គ្នា ដូចជា​ស្គមស្គាំង មិន​លូតលាស់ ប្រាជ្ញា​ស្មារតី​មិនល្អ ធ្វើឱ្យ​យើង​មិនអាច​កសាង​ជីវភាព​គ្រួសារ​បានល្អ​។ នៅពេលដែល​យើង​ចាស់​ទៅ ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ជាច្រើន​»​។​

​លោក​បាន​បន្តថា នៅពេលដែល​គ្រប់គ្នា​បរិភោគ​ចំណីអាហារ​ដែលមាន​អាហារូបត្ថម្ភ​ល្អ ធ្វើឱ្យមាន​សុខភាព​ល្អ ប្រាជ្ញា​ស្មារតី​ពូកែ និង​ជួយ​ឱ្យ​ប្រទេសជាតិ​មាន​ធនធាន​ល្អជា​ច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ផងដែរ​។​

​ចំណែក លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​អនុ​កម្មវិធី​ASPIRE​ប្រចាំខេត្ត​កណ្ដាល បានឱ្យដឹង​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង គាំទ្រ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​បន្លែ​សុវត្ថិភាព បង្កើន​នូវ​ជំនឿ​ទុកចិត្ត ពី​ផលិតករ ក្រុមហ៊ុន​ប្រមូល​ទិញ និង​ធានា​សុវត្ថិភាព​ជូន​អតិថិជន និង​អ្នក​បរិភោគ​ផងដែរ​៕​