ភ្នំពេញៈ ក្រុម​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បាន​ពិភាក្សាគ្នា​អំពី​ការធានា​នូវ​សន្តិសុខ វិបុលភាព និង​ការគោរព​សិទ្ធិមនុស្ស​សម្រាប់​ប្រយោជន៍​ដល់​ប្រជាជន​ ១ ​ពាន់​លាន​នាក់​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ដែល​កម្ពុជា និង​អាមេរិក​ធ្វើជា​សហប្រធាន​។

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​បានចាប់ផ្តើម​នា​ថ្ងៃទី​ ១២ ខែឧសភា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១៣ ខែឧសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​ប្តូរ​វេន​ឆ្នាំនេះ និង​លោក ចូ បៃឌិន ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នេះ​។

លោក ចូ បៃឌិន បាន​សរសេរ​នៅលើ Twitter នា​ព្រឹក​ថ្ងៃទី​ ១៣ ខែឧសភា ថា​៖ «​ល្ងាច​នេះ ខ្ញុំ​បាន​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​មកកាន់​សេតវិមាន​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ខ្ញុំ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ីអាគ្នេយ៍​។ យើង​បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការធ្វើការ​រួមគ្នា​ដើម្បី​ធានា​សន្តិសុខ វិបុលភាព និង​ការគោរព​សិទ្ធិមនុស្ស​សម្រាប់​ប្រជាជន​ ១ ​ពាន់​លាន​នាក់​របស់​យើង​»​។

ដោយឡែក លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​សរសេរ​នៅលើ Twitter នា​ព្រឹក​ថ្ងៃទី​ ១៣ ខែឧសភា ថា អាស៊ីអាគ្នេយ៍​គឺជា​តំបន់​ដែលមាន​ការរីក​លូតលាស់​លឿន និង​ប្រកប​ដោយ​ថាមពល​។

តំបន់​នេះ​ទទួលបាន​ជោគជ័យ ដោយសារ​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ​ធ្វើការ​រួមគ្នា​។

លោក​ថ្លែងថា​៖ «​ខណៈដែល​យើង​ប្រារព្ធ​ខួប​ ៤៥ ឆ្នាំ​នៃ​ភាពជា​ដៃគូ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើជា​ដៃគូ​ដ៏​រឹងមាំ ដែល​មាន​ទំនុកចិត្ត និង​សកម្ម​ក្នុងការ​គាំទ្រ​ចក្ខុវិស័យ​របស់​អាស៊ាន​សម្រាប់​អនាគត​»៕