The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​​ ១៨​ រូប ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ប្រទេស​កូរ៉េ​

ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​​ ១៨​ រូប ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ប្រទេស​កូរ៉េ​

Content image - Phnom Penh Post

ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​​ ១៨​ រូប ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ប្រទេស​កូរ៉េ​

ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​ចំនួន​១៨​រូប ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ខែកញ្ញា​ខាងមុខនេះ​។

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​បានឱ្យដឹងថា ក្រសួង​បាន​សហការ​ជាមួយ​មន្ទីរអប់រំ​ក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​នឹង រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការងារ​បង្រៀន និង​រៀន​ក្នុង​បរិបទ ឌីជីថល​ចាប់ពី​ថ្ងៃទី​១៩​ដល់​២៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៊ូ​សា សាធារណរដ្ឋ​កូរ៉េ​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​អញ្ជើញ គ្រូបង្រៀន​កម្ពុជា​ចំនួន​១៨​រូប ដែល​បង្រៀន​នៅ​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​មានបំណង​លើក កម្ពស់​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ជំនួយ​ដល់​ការបង្រៀន និង​រៀន​លើ​ឯកទេស​របស់ខ្លួន​។​

​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​មានដូចជា​៖​ជា​គ្រូបង្រៀន​គ្រប់​ឯកទេស ដែល​កំពុង​បង្រៀន​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ មាន​កម្រិត​ចំណេះដឹង​ភាសា​អង់គ្លេស​អាច​ប្រើប្រាស់​បាន​ទាំង​និយាយ សរសេរ និង​ស្តាប់​មាន​ចំណូលចិត្ត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​គាំទ្រ​ដល់​ការបង្រៀន និង​រៀន​, ធ្លាប់ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ ឬ​សម្ភារ​បច្ចេកវិទ្យា​ឌីជីថល​, មាន​សម្ភារ​បច្ចេកវិទ្យា​ព័ត៌មាន​បម្រើ​ដល់​ការបង្រៀន និង​រៀន​តាមបែប​ឌីជីថល​, ត្រូវមាន​សុខភាព​ល្អ​ទាំង​កាយសម្បទា និង​សតិបញ្ញា និង មាន​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​យ៉ាងតិច​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​។​

​ក្រោយពេល​ត្រូវបាន​ជ្រើសរើស សិក្ខាកាម​ទាំងអស់​ត្រូវ​ចូលរួម​ប្រជុំ​មុនពេល​ចេញដំណើរ និង​ចូលរួម​ការប្រជុំ​ណែនាំ​ចាំបាច់​នានា ទៅតាម​ការសម្របសម្រួល​របស់​នាយកដ្ឋាន​បច្ចេក​វិទ្យា​ព័ត៌មាន​, ចែករំលែក​បន្ត​នូវ​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​ទៅ​មិត្ត​រួមការ​ងារ និង​យកទៅ​បង្រៀន​សិស្ស និង​រៀបចំ​របាយការណ៍​ប្រចាំត្រីមាស​ស្តីពី​វឌ្ឍនភាព​នៃ​ការចែករំលែក​បន្ត​ទៅលើ​ចំណេះដឹង ជំនាញ និង​បទពិសោធ នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​ចំពោះ​កាលបរិច្ឆេទ និង​ការទទួល​ពាក្យ​គឺ បេក្ខជន​ទាំង​២​ភេទ ដែលមាន​បំណង​ចង់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខាងលើ សូម​ដាក់ពាក្យ​ស្នើ សុំ​តាម​តំណ​ភ្ជាប់ https://bit.ly/BusanTR2022 ត្រឹម​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ៥:៣០ នាទី​រសៀល​។ ព័ត៌មាន​ផ្សេងៗ​សូម​ទាក់ទង​មក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​តាម​លេខ​ទូរ​សព្ទ ឬ​តេ​ឡេ​ក្រាម 017 857 598/096 981 1186 ឬ​តាមរយៈ​អ៊ីមែល​៖ busan@moeys.gov.kh​។​
​ក្រសួង​បាន​បញ្ជាក់ថា រាល់​ការចំណាយ​ទាំងអស់​រួមមាន​៖ ការធ្វើដំណើរ​ទៅមក ការ​ស្នាក់នៅ និង​ហូបចុក គឺជា​បន្ទុក​របស់​ភាគី​កូរ៉េ​៕

អត្ថបទគួរចាប់អារម្មណ៍