ភ្នំពេញៈ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ប្រកាសថា ​នឹង​ជួយ​ក្រសួង​ព័ត៌មាន​លើ​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ នៅពេល​មាន​តម្រូវការ​ស្នើឡើង ខណៈ​ក្រសួង​ព័ត៌មាន​ប្តេជ្ញា​ធ្វើ​កិច្ចសហការ​ឱ្យបាន​ល្អ​ថែមទៀត​ជាមួយ​ស្ថានទូត​បារាំង​លើ​វិស័យនេះ​។​

​ការប្រកាស​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ថ្ងៃទី​១៣ ខែឧសភា នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​

​ក្រសួង​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​ពី​ជំហរ​ក្នុង​ការបន្ត​សហការ​កា​រងារ​ជាមួយ​ក្រសួង​ព័ត៌មាន​កម្ពុជា​ជាពិសេស​លើ វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ សម្រាប់​ពេលបច្ចុប្បន្ន និង​បន្ដទៅ​ពេលខាងមុខ​ទៀត​»​។

​ប្រភព​ដដែល​បន្តថា លោក Jacques Pellet បាន​ជំរុញ​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ព័ត៌មាន និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​លើ​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​។

​ក្រសួង​ព័ត៌មាន​ដកស្រង់​សំដី​លោក Jacques Pellet ថា​៖ «​ប្រទេស​បារាំង​នឹង​ជួយ ប្រសិន​មាន​តម្រូវការ​លើ​កិច្ចការ​អ្វីដែល​បានស្នើ​ឡើង​»​។​

​ក្រសួង​ព័ត៌មាន​បញ្ជា​ក់នា​ថ្ងៃទី​១៣ ខែឧសភា​ថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ពី​ការបន្ត​ធ្វើ​កិច្ចសហការ​ល្អ​បន្ថែមទៀត​ជាមួយ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លើ​កិច្ចការងារ​ទាក់ទង​នឹង​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​»៕​