
កណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកលើកដែក កំពុងស្វែងរាវរកក្មេងសិស្សសាលា ២ នាក់ ដែលបានបាត់ខ្លួនដោយសារបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៦ និង ១២ នាទី ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២។
តាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកលើកដែក បានឱ្យដឹងថា នៅមុនកើតហេតុ ខណៈដល់ម៉ោងចេញពីសាលារៀនវិញ ក្មេងស្រីរងគ្រោះទាំង២ នាក់បាននាំគ្នាមកលេងមាត់ច្រាំងទន្លេ ដែលជាទីតាំងបូមខ្សាច់ តែជាអកុសលច្រាំងទន្លេនោះក៏បាក់ស្រុតធ្វើឱ្យក្មេងស្រីទាំង២នាក់ បាត់ខ្លួនទៅតាមដីចូលទន្លេតែម្ដង។ ភ្លាមៗនោះ បង្កឱ្យមានការផ្អើលបងប្អូនប្រជាពលរដ្ឋ ហើយសមត្ថកិច្ចកំពុងរាវរកក្មេងស្រីរងគ្រោះទាំង២ នាក់ខាងលើ។
របាយការណ៍ដដែលបញ្ជាក់ថា ក្មេងរងគោះទាំង ២នាក់ ទី១ ឈ្មោះ វណ្ណៈ ស៊ីមាន ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅ ភូមិព្រែកតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក និង ទី២ ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក៕