ភ្នំពេញៈ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក​បញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ពង្រឹង​និង​កសាង​ទំនាក់ទំនង​យូរអង្វែង​រវាង​អាមេរិក និង​អាស៊ាន​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី​បន្ត​លើកកម្ពស់ និង​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។​

​ការប្រកាស​ប្តេជ្ញាចិត្ត​ជាថ្មី​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ទីស្តីការ​ក្រសួងការបរទេស​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នា​ថ្ងៃទី​១៣ ខែឧសភា​។​

​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹង​នា​ថ្ងៃទី​១៤ ខែឧសភា ថា​៖ «​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក​បានបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង​និង​កសាង​ទំនាក់ទំនង​យូរអង្វែង រវាង​អាមេរិក និង​អាស៊ាន​ដែលជា​ទំនាក់ទំនង​មិនអាច​ខ្វះ​បានឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​សម្រាប់​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​សហរដ្ឋអាមេរិក​ក៏ដូចជា​ពង្រឹង និង​កសាង​តំបន់ និង​សហគមន៍​អន្តរជាតិ​ទូលំទូលាយ ដើម្បី​បន្ត​លើកកម្ពស់ និង​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​»​។​

​ការប្រកាស​ប្តេជ្ញាចិត្ត​ជាថ្មី​នេះ​ក៏​ដើម្បី​ធានាថា ទំនាក់ទំនង​អាស៊ាន​-​អាមេរិក​នៅតែ​អាច​សម្រេច​តាម​គោលការណ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ និង​ចូលរួម​សហការ «​យ៉ាង​សមស្រប​» ក្នុង​វេទិកា​អន្តរជាតិ និង​តំបន់​ដែលមាន​ប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋអាមេរិក ជា​សមាជិក​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក​បាន​ឯកភាពគ្នា​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ចក្ខុវិស័យ​រួម នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​។

​មេដឹកនាំ​អាស៊ាន​-​សហរដ្ឋអាមេរិក ក៏បាន​ប្ដេជ្ញា​រួមគ្នា​ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​បង្កើត​ភាពជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​សហរដ្ឋអាមេរិក ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក និង​បង្កើត​សករាជ​ថ្មី​មួយ​នៅក្នុង​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក​។

​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន បន្តថា មេដឹកនាំ​អាស៊ាន​-​សហរដ្ឋអាមេរិក ក៏បាន​ប្តេជ្ញា​រួមគ្នា​ផងដែរ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ រួមទាំង​ការបន្ត​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ស្ដារឡើងវិញ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នៅ​តំបន់​អាស៊ាន ការពង្រឹង​សមត្ថភាព​សុខភាព​ក្នុង​តំបន់ និង​ថ្នាក់ជាតិ រួមទាំង​តាមរយៈ​គំនិត​ផ្ដួចផ្ដើម សុខាភិបាល​អាស៊ាន​-​សហរដ្ឋអាមេរិក​៕​