
សមត្ថកិច្ចខេត្តកំពង់ធំ ចុះត្បាតបឹងទន្លេសាបនាពេលកន្លងមក។ រូបថត រដ្ឋបាលខេត្ត
កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំប្រកាសប្រាប់ប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទ ល្មើសច្បាប់ដូចជា អួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្ត្រកអូសលៀសដោយម៉ាស៊ីនជាដើម ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចឲ្យរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែឧសភាជាកំហិត បើមិនដូចនោះទេ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំស្តីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី១៤ ខែឧសភានេះ បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផល នៅក្នុងដែននេសាទក្នុងខេត្តកំពង់ធំ និងដើម្បីប្រើប្រាស់ធនធាន ជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារច្បាប់ស្តីពីជលផល និងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២។
រដ្ឋបាលខេត្តកំពង់ធំ បានដាក់ឱសានវាទចំពោះប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទ ល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្ត្រកអូសលៀសដោយម៉ាស៊ីន និង ឧបករណ៍នេសាទ ដែលបង្កើតថ្មី ឬឧបករណ៍នេសាទ ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍ល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។ បន្ថែមលើនោះ អាជ្ញាធរខេត្តកំពង់ធំស្នើឱ្យពលរដ្ឋបញ្ជាប់ការប្រើថ្នាំពុលដែលប៉ះពាល់ដល់ធនធានជលផលផងដែរ។
រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា៖«សូមបងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពដទៃទៀត ដែលបណ្ដាលឱ្យ ប៉ះពាល់ដល់ធនធានជលផល។ ករណី មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន»។
រដ្ឋបាលខេត្តកំពង់ធំបានប្រាប់ទៅដល់ស្នងការនគរបាលខេត្តកំពង់ធំ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត អភិបាលនៃគណៈអភិបាលក្រុង/ស្រុក រដ្ឋបាលឃុំ/សង្កាត់ពាក់ព័ន្ធ និងបងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមសហការអនុវត្តតាមឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕