បាតដំបងៈ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានជំរុញពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី៣ ហើយដល់ពេលវេលាត្រូវចាក់ដូសទី៤ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំង ដូសទី៤បន្តទៀត និងប្រាប់ពលរដ្ឋកុំឱ្យចាញ់បោកការញុះញង់ពីជនអគតិមួយចំនួន ដែលថា វ៉ាក់សាំងមានហានិភ័យដល់សុខភាព។
ការជំរុញរបស់អភិបាលខេត្តបាត់ដំបងបែបនេះធ្វើឡើងនៅពេលជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន ៨៧០នាក់ រស់ក្នុងភូមិអង់ នៃសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួពុយ នារសៀលថ្ងៃសុក្រទី១៣ ខែឧសភានេះ។
លោក សុខ លូ បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ ឬដូសជំរុញហើយ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបន្តថែមទៀត។ លោកបញ្ជាក់ថា បើសិនជាបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣រយៈពេល៤ ទៅ ៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ ដែលនៅជិតកន្លែងរស់នៅតាមមូលដ្ឋាន។
លោកថ្លែងថា៖«កុំមានការភ័យខ្លាចថា វ៉ាក់សាំងមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ដោយសារមានការញុះញង់ពីជនអគតិមួយចំនួន ផ្ទុយទៅវិញ វ៉ាក់សាំងជួយដល់សុខភាពប្រជាពលរដ្ឋ ជួយអ្នកមានសុខភាពទន់ខ្សោយ និងអាចឱ្យប្រជាពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងកូវីដ១៩ គេចផុតពីការឆ្លងជំងឺកូវីដ១៩ ឬជួយឱ្យអ្នកដែលឆ្លងជំងឺកូវីដ១៩ មិនឱ្យចេញអាការៈធ្ងន់ធ្ងរ»។
លោកអភិបាលខេត្តបាតដំបង ក៏បានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងពិសាទឹកស្អាត ព្រមទាំងរៀបចំសម្អាតបរិស្ថានសណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឱ្យបានស្អាតជានិច្ច។ ដោយឡែក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ លោកអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោឱ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ៕