ភ្នំពេញៈ មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​អាមេរិក​អំពាវនាវ​ដល់​ប្រទេស​ដែល​ជា​ភាគី​នៃ​ជម្លោះ​សមុទ្រចិន​ខាងត្បូង​បន្ត​ដោះស្រាយ​ជម្លោះដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS)។

នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស អាស៊ាន-អាមេរិក កាល​ពី​ថ្ងៃទី​១២-១៣ ខែ​ឧសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន មេដឹកនាំ​អាស៊ាន-អាមេរិក បានកត់​សម្គាល់​អត្ថប្រយោជន៍​នៃ​ការ​មាន​សមុទ្រចិន​ខាងត្បូង​ថា ជា​សមុទ្រ​នៃ​សន្តិភាព ស្ថិរភាព និង វិបុលភាព ដោយ​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​ជាក់ស្តែង​ដែល​អាច​កាត់​បន្ថយ​ភាព​តានតឹង និង​ហានិភ័យ​នៃ​គ្រោះថ្នាក់ ការ​យល់​ច្រឡំ និង​ការ​វិនិច្ឆ័យ​ខុស។

អាស៊ាន និង អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ចូ បៃឌិន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​សហប្រធាន។

សេចក្តី​ថ្លែងការណ៍​រួមនេះ​បញ្ជាក់​ថា មេដឹកនាំ​អាស៊ាន-អាមេរិក បាន​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ការ​កសាង​ទំនុកចិត្ត និង​វិធានការ​បង្ការ ដើម្បីបង្កើន​ភាព​ជឿជាក់ និង​ទំនុកចិត្ត​ក្នុង​ចំណោម​ភាគី​ផ្សេងៗ​ទៀត​ជាដើម។

មេដឹកនាំ​ទាំងនេះ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ថា៖ «យើង​បាន​បញ្ជាក់​ជា​ថ្មី​ថែម​ទៀត​នូវ​តម្រូវការ​ក្នុង​ការ​បន្ត​ការ​ដោះស្រាយជម្លោះ​ប្រកប​ដោយ​សន្តិវិធី​ស្រប​តាម​គោលការណ៍​ទទួល​ស្គាល់​ជា​សកល​នៃ​ច្បាប់​អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២ ផងដែរ។ យើងបាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​ពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​សេចក្តី​ប្រកាស​ឆ្នាំ ២០០២ ស្តីពី​ការ​ប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ទាំងស្រុង។

មេដឹកនាំ​អាស៊ាន និង​អាមេរិក បាន​អំពាវនាវ​ឱ្យ​មាន​ការ​រក្សា​និង​លើក​កម្ពស់​បរិយាកាស​ដែល​អំណោយ​ផល​ដល់​ការ​ចរចា​អំពី​ក្រម​ប្រតិបត្តិ​នៅសមុទ្រចិន​ខាងត្បូង (COC) និង​បាន​ឯកភាព​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​បន្ថែម​ទៀត​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ឱ្យ​បាន​ឆាប់​នៃ COC ប្រកប​ដោយប្រសិទ្ធភាព និង​ខ្លឹមសារ ស្រប​តាម​ច្បាប់​អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ផងដែរ៕