ខេត្តក្រចេះ៖ សត្វផ្សោត​ពេញ​វ័យ​មួយ​ក្បាល​មាន​ទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រ​ត្រូវ​បាន​គេ​ប្រទះ​ងាប់​អណ្តែត​ទឹក​នៅចម្ងាយ​ប្រមាណ ៣៦ គីឡូម៉ែត្រ ពី​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វ​ផ្សោត​កាំពី ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ម្សិលមិញ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា សត្វ​ផ្សោត​នេះ​បាន​ស្លាប់​រយៈពេល ២​ថ្ងៃ ហើយ​ប៉ុន្តែ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​មូលហេតុ​នៃ​ការ​ងាប់​នៅ​ឡើយ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋបាល​ជលផល និង​អង្គការ WWF នៅ​ថ្ងៃនេះ។

តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​រដ្ឋបាល​ជលផល​និង​អង្គការ WWF ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ WWF បាន​សម្តែង​ការ​សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការ​បាត់បង់​នៃ​សត្វផ្សោត​ទន្លេ​មេគង្គ​ឈ្មោល​ពេញ​វ័យ​មួយ​ក្បាល​មាន​ទម្ងន់ ៩៣ គីឡូក្រាម មាន​ប្រវែង ២១៥ សង់ទីម៉ែត្រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែតទឹក​នៅ​ចម្ងាយ​ប្រមាណ ៣៦ គីឡូម៉ែត្រ ពី​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វផ្សោត​កាំពី​ក្នុង​ខេត្ត​ក្រចេះ។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ពិនិត្យ​សាកសព​របស់​សត្វផ្សោត​កាល​ពី​ម្សិលមិញ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នៃ​ក្រុម​អ្នកស្រាវជ្រាវ​សត្វផ្សោត​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ពិពណ៌នា​ឱ្យ​ដឹង​ថា សត្វផ្សោត​ដែល​បាន​ងាប់​មួយ​ក្បាល​នេះ​មាន​ស្នាមរបួស​នៅ​លើ​កន្ទុយ​របស់​វា និង​មាន​ស្នាមឆូត​វែង​មួយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ព្រុយខ្នង​របស់​វា។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ថា សត្វផ្សោត​នេះ​បាន​ងាប់​រយៈពេល ២​ថ្ងៃ​ហើយ ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​មិនទាន់​អាច​សន្និដ្ឋានបាន​ថា តើ​ការ​ងាប់​នេះ​អាច​បណ្តាល​មក​ពី​ការ​ជាប់​នឹង​មង​នេសាទ ឬ​យ៉ាង​ណា​នោះ​នៅ​ឡើយ​ទេ ដោយ​ហេតុថា​លទ្ធផល​នៃ​ការ​ធ្វើកោសល្យវិច្ច័យ​ដំបូង​មិន​បាន​បញ្ជាក់​ពី​ស្លាកស្នាម​មង នេសាទ​នៅ​លើ​ដងខ្លួន​នៃ​សាកសព​របស់​សត្វផ្សោត​នេះ​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ខណៈ​ចំនួន​សរុប​របស់​សត្វផ្សោត​ទន្លេមេគង្គ​កំពុង​នៅ​សេសសល់​តិចតួច ការ​ស្លាប់​របស់​សត្វផ្សោត​ពេញវ័យ​ដែលមាន​សុខភាព​ល្អ​មួយ​ក្បាល​នេះ គឺ​ពិត​ជា​ការ​សោកស្តាយ​មួយ​យ៉ាង​ខ្លាំង ព្រោះ​វាជា​កត្តា​មួយ​ប៉ះពាល់​ដោយ​ផ្ទាល់ ដល់​លទ្ធភាព​នៃ​បន្ត​ពូជរបស់​ហ្វូង​សត្វផ្សោត​ទន្លេ​មេគង្គ។

សេចក្តី​ថ្លែងការណ៍​នោះ​សរសេរ​ថា៖ «បច្ចុប្បន្ន​សាកសព​សត្វ​ផ្សោត​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​របស់​អង្គការ WWF ក្នុងខេត្ត​ក្រចេះ ដើម្បី​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​បន្ត​ការ​ពិនិត្យ​បន្ថែម​ទៀត​ក្នុង​គោល​បំណង​កំណត់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់»៕