ភ្នំពេញៈ មន្ត្រី​ជំនាញ​បន្ត​រក​ឃើញ​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ១២ ទីតាំង​បន្ថែម​ទៀត​ដែល​រក​ស៊ី​មិន​សុចរិត និង​បាន​បន្ត​ចាត់​វិធានការ​តាម​នីតិវិធីលើ​ម្ចាស់​ដេប៉ូ​ទាំង​នេះ ក្រោយ​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ៤៤ ទីតាំង​ក្នុង​ខេត្ត​ចំនួន ៧។

កាលពីថ្ងៃទី១១-១២ ខែ​ឧសភា មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) ប្រចាំសាខា​ខេត្ត​ចំនួន​៧ គឺ​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ស្ទឹងត្រែង ខេត្ត​កំពង់ចាម ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ បាន​ចុះប្រតិបត្តិការ​ត្រួត​ពិនិត្យ​ដើម្បី​រក​ភាព​អនុលោម​នៅ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ផ្សេងៗគ្នា។

ក.ប.ប បញ្ជាក់​តាម​រយៈហ្វេសប៊ុក​នា​ថ្ងៃទី​១២ ខែ​ឧសភា​ថា៖ «តាម​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​មន្រ្តី​ជំនាញ​រក​ឃើញ​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ១២​ទីតាំង​មិន​មាន​អនុលោមភាព និង​ពិន័យ​ទៅ​តាម​នីតិវិធី​ផងដែរ»។

ប្រតិបត្តិការ​ត្រួត​ពិនិត្យ​នេះ​គឺ​ធ្វើឡើង​ដើម្បី​ស្វែងរក​នូវ​ភាព​មិន​អនុលោម​តាម​រយៈការ​កេង​ប្រវ័ញ្ជ​របស់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ទៅលើ​អ្នក​ប្រើប្រាស់ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អ្នក​ប្រើប្រាស់ និង​ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​វិស័យ​ធុរកិច្ច​ប្រេង​ឥន្ធនៈ​ផងដែរ៕