ភ្នំពេញៈ ឆ្លង​ចរន្ត​អគ្គិសនី​បណ្តាល​ឱ្យ​អគ្គិភ័យ​មួយ​កន្លែង​បាន​កើត​ឡើង​នៅ​ចំណុច យូធី ខេធីវី (UT KTV )ផ្ទះលេខ​២៤ ផ្លូវ​២០០៤ ភូមិត្រពាំង​ល្វា​២ សង្កាត់​កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ អគ្គិភ័យនេះ​បណ្តាល​ឱ្យ​ឆេះ​ខូចខាត​បន្ទប់​ខារ៉ា​អូខេ​ចំនួន ៦​បន្ទប់ និង​សម្ភារ​ខារ៉ាអូខេ​អស់​ទាំងស្រុង ប៉ុន្តែ​មិនមាន​អ្នកស្លាប់ ឬ​របួស​នោះ​ទេ។

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១ និង ៤០ នាទីព្រឹក​ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ​២០២២ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​បាន​កើត​ឡើង​នៅ​ចំណុច យូធី ខេធីវី ផ្ទះលេខ២៤ ផ្លូវ២០០៤ ភូមិត្រពាំងល្វា​២ សង្កាត់​កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ម្ចាស់​ទីតាំង​ឈ្មោះ សៀប ចាន់ថន ភេទ ស្រី អាយុ ៣១ ឆ្នាំ មុខរបរ ម្ចាស់​ហាង​ខេធីវី។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី ដោយ​បាន​ធ្វើ​ឱ្យ​សំណង់ ថ្ម​បេតុង ទំហំ ៣០​ម៉ែត្រ គុណ ២៣​ម៉ែត្រ ឆេះ​ខូចខាត​អស់​ចំនួន ៦ បន្ទប់ និង​សម្ភារ​ខារ៉ាអូខេ​អស់​ទាំង​ស្រុង។ ក្នុង​ហេតុការណ៍​នេះ កង​កម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ចេញ​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន ២៣​គ្រឿង ប្រើប្រាស់​ទឹកអស់ ២៣ រថយន្ត ស្មើរ​នឹង ៩២ ម៉ែត្រគុប។

សមត្ថកិច្ច​បញ្ជាក់​ថា៖ «រថយន្ត​ជំនួយ​អន្តរាគមន៍​ទាំង​នោះ​មាន រថយន្ត​ក្រសួង​មហាផ្ទៃ​ចំនួន ២ គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក។ រថយន្ត​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជាចំ​នួន ១ គ្រឿង ប្រើប្រាស់​ទឹកអស់ ១ រថយន្ត ស្មើនឹង ៤ម៉ែត្រ។ អគ្គិភ័យនេះ​បាន​ពន្លត់​ចប់ នៅ​វេលា​ម៉ោង ១២ និង៣០ នាទី​ថ្ងៃត្រង់ នា​ថ្ងៃខែឆ្នាំ​ដដែល»។

ដោយឡែក នៅ​ខេត្ត​កណ្តាល កាល​ពី​វេលា​ម៉ោង ១៦ និង ១០ នាទី រសៀល មាន​ករណី​អគ្គិភ័យ​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី​ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ជួល​រោង​ដាក់​ក្រណាត់ និង​ឃ្លាំងផ្សារ​ដែក​មួយ​កន្លែង ដែល​ស្ថិត​ក្នុង​ភូមិដើ​មគ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ហេតុការណ៍នេះ​បណ្តាល​ឱ្យ​ឆេះ​បន្ទប់​ជួល​ចំនួន ១១​បន្ទប់ និង​របស់​ប្រើប្រាស់​ក្នុង​បន្ទប់​ជួល​ទាំង​ស្រុង និង ឆេះកម្ទេច​ក្រណាត់​សម្រាប់​ធ្វើ​ខ្នើយ​របស់ រោងដាក់​ក្រណាត់​ទំហំ ៤​ម៉ែត្រ គុណ ១០​ម៉ែត្រ ខូចខាត​ឃ្លាំង​ផ្សារ​ដែក​ទំហំ ១០ គុណ ១២ ម៉ែត្រ ប៉ុន្តែ​មិន​មាន​អ្នក​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ។ ករណី​អគ្គិភ័យ​នេះ​ប្រើប្រាស់​ទឹក​សរុប​អស់ ១១ រថយន្ត។

ម្ចាស់ទីតាំង​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ញឹម សុខ ភេទ ប្រុស អាយុ ៧០ឆ្នាំ មុខ​របរ​នៅផ្ទះ អសយដ្ឋាន​បច្ចុប្បន្ន​រស់នៅ​ភូមិលេខ​៤ សង្កាត់​អូឫស្សី​៤ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ៕