ខេត្តព្រះសីហនុៈ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​នីតិវិធី សួរ​នាំជន​សង្ស័យ​ម្នាក់​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា​នេះ បន្ទាប់ពី​ចាប់​បាន​នៅ​ថ្ងៃទី ១២ ខែ​ឧសភា នៅ​ចំណុច ភ្លើង​ស្តុប​ហ្គោលឌិនហាវ ស្ថិត​ក្នុង ភូមិពាណិជ្ជកម្ម សង្កាត់​រការធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ការ​ប្រើ​ហិង្សា​លើ​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ។

សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ក្នុង​ករណី​នេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង-ស្រុក​ទាំង​៤ កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក​ដាក់ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង ០៥នាទី​ល្ងាច កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់ ឈ្មោះ យ៉ែម ចិន្តា នៅ​ចំណុច ភ្លើងស្តុប​ហ្គោលឌិនហាវ ស្ថិត​ក្នុង​ភូមិពាណិជ្ជកម្ម សង្កាត់​រការធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

សមត្ថកិច្ចបាន​ឱ្យ​ដឹង​ទៀត​ថា តាម​ដំណើរ​រឿង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ២០២២ វេលា​ម៉ោង ២១ នៅ​ចំណុច ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​ឃាតកម្ម (ប្រើ​ហិង្សា​លើ​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ​បណ្តាល​អោយ​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ ស្លាប់​ទាំង​២នាក់) មួយ​កើត​ឡើង​បង្ក​ដោយ​ជន​សង្ស័យ​ម្នាក់ ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ កម្មករ​ដុតធ្យូង មាន​ទីលំនៅ​កន្លែង​កើត​ហេតុ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ប្រពន្ធ​ឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ ៣៦​ឆ្នាំ ជនជាតិ​ខ្មែរ យ៉ាង​ធ្ងន់ធ្ងរ​បណ្តាល​ឱ្យរងរបួស​ធ្ងន់ (រលូត​កូន​ក្នុង​ផ្ទៃ) ។

ក្រោយ​មក​នៅ​ថ្ងៃទី១១ ខែឆ្នាំ​ដដែល វេលា​ម៉ោង​១៥ ស្ដ្រី​ដែល​ជា​ជន​រងគ្រោះ​ឈ្មោះ វុន វ៉ាន់ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះសីហនុ។ ចំណែក​ជន​សង្ស័យ​ឈ្មោះ យ៉ែម ចិន្ដា បាន​រត់​គេច​ខ្លួន ក្រោយ​កើតហេតុ។ បច្ចុប្បន្ន ករណី​ខាងលើ ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​បន្ត​នីតិវិធី៕