ភ្នំពេញៈ ក្រសួង​សុខាភិបាល ជំរុញ​ប្រជាពលរដ្ឋ​បន្ត​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ជំរុញ និង​ដូស​បន្ត​បន្ទាប់​ទៀត ដើម្បី​រក្សា​ភាពស៊ាំ​ខ្លាំង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ ទោះ​បី​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​ឡើង ប៉ុន្តែ​ជំងឺនេះ​មិន​ទាន់​បាន​ផុត​រលត់​បាត់​ទៅ​វិញនោះ​ទេ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ថា វាជា​ការ​គួរ​ឱ្យ​គោរព​ស្រឡាញ់​ណាស់​នៅ​ពេល​ដែល​ឃើញ​មនុស្ស​មាន​សុខភាព​កាន់តែ​ល្អ និង​កាន់តែ​សប្បាយ​រីករាយ​ជាង​ពេលមុនៗ ទោះបីជា​មាន​ភាព​មិន​ច្បាស់លាស់​នៃ​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ក៏ដោយ។

លោកស្រីថ្លែងថា ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរឡើង ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា កូវីដ១៩ បាន​ផុត​រលត់បាត់​ទៅ​វិញ​នោះទេ។ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ឆ្លង​ឡើង​វិញ​បាន​គ្រប់​ពេល​វេលា ប្រសិន​បើ​ពួកគេមិន​បន្ត​អាកប្បកិរិយា​ការពារ​ត្រឹមត្រូវ។

អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា៖ «វ៉ាក់សាំង​កូវីដ ១៩ គឺជា​ឧបករណ៍​ដ៏​មាន​សារ:សំខាន់​មួយ​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស ដូច្នេះ​ហើយសូម​លោក​អ្នក​បន្ត​ទទួល​យក​វ៉ាក់សាំង​ដូស​ជំរុញ​របស់​លោកអ្នក (ដូសទី៣ ដូសទី៤ និង​ដូស​បន្ត​បន្ទាប់​ទៀត ប្រសិន​បើ​ដល់​វេន​របស់​លោកអ្នក) គឺជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​បង្ការ និង​រក្សា​ភាពស៊ាំ​ខ្លាំង​របស់​លោកអ្នក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ រួម​ជាមួយ​នឹង​វិធានការ​ផ្សេងៗ​ទៀត និង​ស្ថិត​នៅ​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ដោយ​មិន​ភ្លេច​ខ្លួន នៅ​ក្នុង​ពេល​កំពុង​អនុវត្ត​ដំណើរការ បើក​ឡើង​វិញ​នូវ​សង្គម និង​សេដ្ឋកិច្ចប្រកប​ដោយ​និរន្តរភាព​ក្នុង​ជីវិត​ធម្មតា​ថ្មី​របស់​យើង​ទាំងអស់​គ្នា»៕