ព្រះសីហនុៈ​បុរស​ឈ្មោះ​ យ៉ែម​ ចិន្តា ​ដែល​បាន​វ៉ៃប្រពន្ធ​មាន​ផ្ទៃ​ពោះ ​៧ ​ខែ​ នៅ​ភូមិ​ជើង​គោ ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់​ បណ្ដាល​ឱ្យ​ស្លាប់​នៅមន្ទីរ​ពេទ្យ ត្រូវបាន​តុលា​ការ​ខេត្ត​ព្រះសី​ហនុ​ឃុំខ្លួន​ក្នុង​ពន្ធ​នា​គារ​ខេត្ត​ពី​ថ្ងៃទី​ ១៤​ ឧសភា បន្ទាប់​ពី​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួននៅ​ក្រុង​ច្បារ​មន​ ខេ​ត្តកំពង់ស្ពឺ​​ក្រោយ​បង្ក​ហេតុ​បាន​ ២ ថ្ងៃ​។

លោក ​លី ចាន់​ដា​រ៉ា អ្នក​នាំពា​ក្យ​តុលាការ​ខេត្តព្រះ​សីហនុបាន​ឱ្យដឹង​នៅ​ថ្ងៃទី ១៥​ ឧសភា​ ថា ជន​ឈ្មោះ ​យ៉ែម ចិន្តា អាយុ​៤៣​ឆ្នាំ​ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ខេត្ត​ព្រះ​សីហនុ​កាលពី​ថ្ងៃទី ​១៤ ឧសភា ​ឆ្នាំ ២០២២​។ ជន​ត្រូវ​ចោទ​ជាប់​ពាក់​ព័ន្ធ​បទល្មើ​ស​សម្លាប់​ប្រពន្ធ​របស់​គាត់​នៅ​ភូមិ ជើងគោ ឃុំ ជើង​គោ ស្រុក​ព្រៃ-​នប់ កាលពី​យប់​ថ្ងៃ​ទី ​១០ ​ឧសភា ឆ្នាំ ​២០២២​។

លោក​ថ្លែង​ថា៖ «ជន​ម្នាក់​នេះ​ត្រូវ​ដាក់ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពីបទ​ឃាត​កម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​នឹង​ជន​រង​គ្រោះ។ បទ​ល្មើស​ដែលមាន​ចែងនិង​ផ្តន្ទា​ទោស​តាម​បញ្ញា​ត្តិ​មាត្រា ​២០២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ»​។

យោង​មាត្រា ​២០​២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ប្រសិន​បើ​តុលា​ការ​រ​កឃើញ​ថា ជន​ត្រូវ​ចោទ​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​ពី​ ១៥ ​ដល់ ​៣០​ ឆ្នាំ​។

លោក អ៊ួ​ង វុទ្ធី អធិ​ការនគរ​បាល ស្រុកព្រៃ​នប់បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ​ឧសភា​ថា ជន​ត្រូវ​ចោទរូបនេះ​ មាន​របរ ជា​កម្មករ​ដុត​ធ្យូង និង​រស់​នៅ​ភូមិ-​ឃុំ​កើត​ហេតុ​ខាង​លើ​ បាន​ប្រើ​ហិង្សា​វាយ​ដំ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ វុន វ៉ាន់ ​អាយុ ​៣៦ ​ឆ្នាំ យ៉ាង​ធ្ងន់​ធ្ងរ​ បណ្តាល​ឱ្យ​រលូត​កូន​ក្នុង​ពោះ​របួស​ធ្ងន់កាល​ពី​ថ្ងៃទី ​១០​ ឧសភា ​ហើយ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ព្រៃ​នប់​បាន ​១ ថ្ងៃ ​។

លោក​បន្ត​ថា ក្រោយ​បង្ក​ហេតុ​ភ្លាមៗ ជន​ត្រូវ​ចោទ​បាន​រត់គេច​ខ្លួន​ ហើយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ​ ជួន ​ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ ព្រះ​សីហនុ បាន​បើក​ការ​ស្រាវជ្រាវ​ដោយ​សុំ​អន្ត​រាគមន៍​ពី​កម្លាំង​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ ​នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ និង​សហ​ការ​ជា​មួយ​នគរ​បាល​ខេត្តកំពង់​ស្ពឺ ធ្វើការ​ស្រាវ​ជ្រាវ​ពីថ្ងៃ​ទី ១១​ ឧសភា ​ដល់​វេលា​ម៉ោង​ជាង​ ៥​ ល្ងាច​ថ្ងៃទី ១២ ​ខែឧសភា ឆ្នាំ ២០២២ ​ទើប​សមត្ថ​កិច្ច​ចម្រុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​នៅ​ចំណុច​ ភ្លើង​ស្តុប​ហ្គោល​ឌិន​ហាវ ​ក្នុង​ភូមិពាណិជ្ជ​កម្ម សង្កាត់​រកា​ធំ ក្រុងច្បារ​មន ខេត្ត​កំព​ង់ស្ពឺ។​

លោក​បញ្ជាក់​ថា៖« ក្រោយ​ឃាត់​ខ្លួន និង​បញ្ជូន​មក​អធិការ​ដ្ឋាន​ស្រុក​ព្រៃ​នប់ ​ជន​សង្ស័យ​ឆ្លើយ​ប្រាប់​សមត្ថកិ​ច្ច​យើង​ថា គាត់​សម្លាប់​ប្រពន្ធ​គាត់​ដោយ​សារ​ស្រ​វឹង​ស្រា ​ភ្លេច​ភ្លាំ​ងស្មារ​តី និង​មក​ពី​រឿង​ប្រ​ចណ្ឌ​ប្រពន្ធ​ផង»។

លោក​ ហុក ប្រឹម នាយ​នគ​របាល​ប៉ុស្តិ៍​ឃុំជើង​គោ ស្រុកព្រៃនប់ ប្រាប់​នៅ​ថ្ងៃទី ១៥​ ឧសភា ថា​ គ្រួសារ​នេះ​មាន​កូន​ចំនួន​ ៦ ​នាក់ (ស្រី​ ២ នា​ក់) ហើយ​បើតាម​គ្រូពេទ្យ​ពិនិត្យ​ផ្ទៃពោះ​ស្ត្រី​រងគ្រោះ​ កាល​ពី​យប់​ថ្ងៃកើត​ហេតុ​គឺ​បញ្ជាក់​ថា​នាង​កំពុង​មាន​ផ្ទៃពោះ​​កូន​នៅ​ក្នុង​ផ្ទៃ​ ៧​ ខែ៕​