ភ្នំពេញៈ ក្រសួងសុខាភិបាល​ស្នើ​ប្រទេស​អូទ្រីស​ជួយ​គាំទ្រ​លើ​គម្រោង​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ និង​ថែទាំ​ព្យាបាល​ជំងឺមិនឆ្លង ព្រមទាំង​វិនិយោគ​លើ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​ប​ថម​ក្នុងការ​ឈានទៅ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សាកល​។

ការស្នើ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​ ១៣ ខែឧសភា​រវាង​លោកស្រី ​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​គណៈប្រតិភូ​ធុរកិច្ច​អូទ្រីស​ដែល​ដឹកនាំ​ដោយ​លោក Michael Schmeiser លេខា​ទី ​១ និង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អូទ្រីស​ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

លោកស្រី ​ឱ វណ្ណឌី​ន ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ក្រសួងសុខាភិបាល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ឯកជន​ស្របច្បាប់​ទាំងអស់ ​ដែល​មានបំណង​វិនិយោគ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ននេះ​មាន​ផលិតផល​សុខភាព និង​បរិក្ខារ​វេជ្ជសាស្ត្រ​ពី​ប្រទេស​អូទ្រីស ក្នុង​កម្រិត​នៅ​តិចតួច​នៅឡើយ​ដែល​បាន​ចុះ​បញ្ជិកា​នៅ​កម្ពុជា​។

​លោកស្រី​ជំរុញ​ឱ្យ​គណៈប្រតិភូ​ធុរកិច្ច​អូទ្រីស សិក្សា​លទ្ធភាព​ពង្រីក​ទីផ្សារ​នាំយក​នូវ​ផលិតផល​សុខភាព​និង​បរិក្ខារ​វេជ្ជសាស្ត្រ​អូទ្រីស​មក​កម្ពុជា​។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​៖ «​លោកជំទាវ​បាន​លើកទឹកចិត្ត និង​ស្នើសុំ​ភាគី​អូទ្រីស​ជួយ​លើ​គម្រោង​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ ការផ្តល់សេវា​ថែទាំ​ព្យាបាល​ជំងឺមិនឆ្លង ការវិនិយោគ​លើ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​សុខាភិបាល​ឌីជីថល (Digital Health) ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ការថែទាំ​សុខភាព​ប​ថម (PHC Booster) ដើម្បី​ឈានទៅ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សាកល​»​។

លោកស្រី ​ឱ វណ្ណឌី​ន បន្តថា​ក្រសួងសុខាភិបាល​តែងតែ​ស្វាគមន៍​នូវ​ជំនួយ​អភិវឌ្ឍន៍ (Grant Project) ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ការលើកកម្ពស់​សុខភាព​ប្រជាជន ខណៈ​ចំពោះ​កម្ចី​អភិវឌ្ឍន៍ ​(Soft Loan) លោកស្រី​ស្នើ​គណៈប្រតិភូ​ធុរកិច្ច​អូទ្រីស​ពិភាក្សា​បន្ថែម​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

លោកស្រី​ប្រាប់​គណៈប្រតិភូ​ធុរកិច្ច​អូទ្រីស​ថា បច្ចុប្បន្ននេះ ក្រ​សូង​សុខាភិបាល​បាន​ខិតខំ​ជំរុញ​បង្កើន​ការថែទាំ​សុខភាព​បឋម (Primary Health Care Booster) ឱ្យ​ដើរតួនាទី​គ្រឹះ​សម្រាប់​ជំរុញ​ការចូលរួមចំណែក​សម្រេច​បាន​នូវ​ការ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សាកល ហើយ​ក្រសួងសុខាភិបាល​បាន និងកំពុង​យកចិត្តទុកដាក់​លើ​ការងារ​ជាច្រើន​សំដៅ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សាកល​នេះ​។​

កាលពី​ថ្ងៃទី​ ១២ ខែឧសភា ក្រុមមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជួប​ជាមួយ​ក្រុម​បេសកកម្ម​អូទ្រីស​ដែល​ដឹកនាំ​ដោយ​លោក Michael Schmeiser អមដោយ​មន្ត្រី​ទូត និង​តំណាង​របស់​ក្រុមហ៊ុន​បច្ចេកទេស​របស់​ប្រទេស​អូទ្រីស​ដើម្បី​ពិភាក្សា​ស្តីពី​នីតិវិធី និង​យន្តការ​នៃ​ការផ្តល់ និង​ទទួល​ឥណទាន​សម្បទាន (Soft Loan Concessional) ក្នុង​ទឹកប្រាក់​ចំនួន ៥​លាន​អឺរ៉ូ តាមរយៈ​ធនាគារ UniCredit Bank Austria AG ដែលជា​ធនាគារ​វិនិយោគ​អូទ្រីស ដើម្បី​គាំទ្រ​គម្រោង​ប្រព្រឹត្តិកម្ម​កាក​សំ​ណល់​វេជ្ជសាស្ត្រ​ឈ្មោះ «Medical Waste Treatment Project Christof Systems GmbH»​ ក្នុង​បរិបទ​នៃ​ការកើនឡើង​នូវ​កាកសំណល់​វេជ្ជសាស្ត្រ​កំឡុងពេល​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​ ១៩​។​

​ដោយឡែក នៅ​ថ្ងៃទី ​១២ ខែឧសភា នេះដែរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏បាន​ជួប​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​អូទ្រីស​ដែល​ដឹកនាំ​ដោយ​លោក Michael Schmeiser ផងដែរ​នៅ​ទីស្តីការក្រសួង​បរិស្ថាន​ ដើម្បី​ពិភាក្សា​អំពី​ឱកាស​ធុរកិច្ច​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន រួមមាន ការគ្រប់គ្រង​សំរាម សំណល់​រឹង សំណល់​គ្រោះថ្នាក់ សំណល់​ឧស្សាហកម្ម ការកែច្នៃ​សំណល់​ធ្វើ​ថាមពល និង​ជី ក៏ដូចជា​ការផលិត​ថាមពល​ស្អាត​៕