ព្រៃវែងៈ​ អាជ្ញាធរ​មីន​បានប្រកាស​ខេត្តព្រៃវែង​ជា​ខេត្ត​អស់​មីន​ទី ​២ បន្ទាប់ពី​ខេត្ត​កែប​ប៉ុន្តែ​ខេត្តព្រៃវែង​នេះ​នៅ​ទទួលរង​គ្រោះ ​ដោយសារ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត​។​

ថ្លែង​ក្នុង​ពិធី​ប្រកាស​ខេត្តព្រៃវែង​ជា​ខេត្ត​អស់​មីន​នា​ថ្ងៃទី ​១២ ​ខែឧសភា នៅឯ​ខេត្តព្រៃវែង លោក​ លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ​១ ​អាជ្ញាធរ​មីន ថ្លែងថា​៖ «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​ខេត្តព្រៃវែង​ប៉ុណ្ណោះ​ទេ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ក្នុងការ​អបអរសាទ​រ​ខេត្តព្រៃវែង ជា​ខេត្ត​អស់​មីន​»​។

លោក​បន្តថា​៖ «​ទោះបី​ខេត្តព្រៃវែង ត្រូវបាន​ប្រកាស​ជា​ខេត្ត​អស់​មីន ប៉ុន្តែ​ខេត្តព្រៃវែង នៅ​ទទួលរង​គ្រោះ​ដោយសារ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត លើ​ផ្ទៃដី​ប្រមាណ ១៦៤ គីឡូម៉ែត្រ​ក្រឡា សរុប ១២៩៨ ចម្ការ​គ្រាប់ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​បន្ត​ចាត់វិធានការ​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

ទេសរដ្ឋមន្ត្រី​រូបនេះ​បន្តថា​កន្លងមក​ម្ចាស់ជំនួយ និង «​ប្រទេស​ជា​មិត្ត​ដ៏​ឆ្នើម​» ដទៃទៀត​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស សម្ភារ និង​ថវិកា ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ មានដូចជា​សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ន័​រវេ​ស្ស ស្វី​ស ចិន កាណាដា ណូ​វែ​ល​សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ អៀរ​ឡង់ ហុង​គ្រី កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​។​

លោក លី ធុជ ថ្លែងថា​អាជ្ញាធរ​មីន បាន​នឹង​កំពុង​ពិចារណា និង​ពិនិត្យ​លទ្ធភាព​ស្វែងរក​ដៃគូរ និង​សប្បុរជន​នានា ដើម្បី​ធ្វើការ​បោសសម្អាត​មីន​ឱ្យអស់​ក្នុង​ខេត្ត​ចំនួន​ ៥ ដែលមាន​ការប៉ះពាល់​តិចជាងគេ​។​

ខេត្ត​ទាំង​ ៥​ នោះ​រួមមាន​ខេត្តកំពង់ចាម មាន​ផ្ទៃដី ៩៨ ហិកតា ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី ១៧៤ ហិកតា ខេត្តរតនគិរី មាន​ផ្ទៃដី ២៧៥ ហិកតា ខេត្តកំពង់ឆ្នាំង មាន​ផ្ទៃដី ៣២៨ ហិកតា និង​ខេត្តតាកែវ មាន​ផ្ទៃដី ៣៦៣ ហិកតា​។​

សេចក្តីប្រកាស​ព័ត៌មាន​អាជ្ញាធរ​មីន​បាន​ដកស្រង​សំដី​លោក Anthony Galliano ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (AmCham) ថ្លែង​ក្នុង​ពិធី​នេះ​ថា​អាជ្ញាធរ​មីន​បានរួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​។

លោក​បាន​កោតសរសើរ​ដល់​អ្នកដោះមីន​កម្ពុជា ដែល​បានធ្វើការ​ទាំង​ប្រថុយប្រថាន និង​គ្រោះថ្នាក់​បំផុត ក្នុងការ​រំដោះ​ផ្ទៃដី​មាន​មីន និង​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

ក្នុង​ពិធី​ចុះ​ពិនិត្យ​លទ្ធផល​បោសសម្អាត​មីន​រួច ក្នុង​ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នៅ​ថ្ងៃ​ដដែល​នេះ​លោក Anthony Galliano បាន​ថ្លែង AmCham នឹង​បន្ត​កៀរគរ​ធនធាន​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​ឯកជន ដែល​ស្ថិតនៅក្រោម​ការសម្របសម្រួល​របស់ខ្លួន ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​។​

លោក​ថ្លែងថា​៖ «​ការងារ​បោសសម្អាត​មីន គឺជា​ការងារ​របស់​យើងទាំងអស់គ្នា ដែល​ត្រូវការ​មានការ​ចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ រួមទាំង​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរជន​នានា ក្នុង​គោលដៅ​ដើម្បី​បញ្ចប់​ការ​គំរាមកំហែង​ដោយសារ​មីន​នៅ​កម្ពុជា​»​។​

កាលពីដើម​ខែមីនា អាជ្ញាធរ​មីន​បានប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី​ ១ ដែល​អស់​គ្រាប់មីន ហើយ​នៅពេលនោះ អាជ្ញាធរ​មី​នបាន​សន្យា​គ្រោង​នឹង​ប្រកាស​រាជធានី​-​ខេត្ត ៧ ទៀត​ជា​ខេត្ត​អស់​មីន​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​មាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្តរតនគិរី និង​ខេត្តតាកែវ​៕