កណ្ដាលៈក្មេងស្រី​ជា​សិស្ស​សាលា ​២ ​នាក់​ក្នុង​ចំណោម ៤ ​នាក់​ដែល​នាំគ្នា​ទៅ​ឈ​រលើ​កា​រុង​ខ្សាច់​លេង​នៅ​មាត់​ច្រាំង​ទន្លេ​ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ទឹ​កបណ្ដាល​ឱ្យស្លាប់​ នៅ​ភូមិ-ឃុំ ព្រែក​ដាច់ ​ស្រុក លើកដែក ខេត្ត​កណ្ដាល ​ត្រូវ​បាន​រក​ឃើញ​សាក​សព​ហើយ​ កាលពី​​យប់​ថ្ងៃទី​ ១៤​ ឧសភា បន្ទាប់ពី​បាត់​ខ្លួន ​១ ថ្ងៃ ។

លោក ​ភន​ ភឿន ​នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំព្រែក​ដាច់​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៥​ឧសភា​ថា ក្មេង​ស្រី​​រង​គ្រោះ ឈ្មោះ វ​ណ្ណៈ ស៊ី​មាន អាយុ​១២​ឆ្នាំ និង​ឈ្មោះ ប៊ុន​ធឿន ស្រី​ល័​ក្ខ ​អាយុ ​១២ ឆ្នាំ។ ​ពួក​គេ​ជា​សិស្ស​សា ​លា និងរ​ស់នៅ​ភូមិ

តា​ហ៊ីង ​ឃុំព្រែក​ដាច់ ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល។ សព​ក្មេង​រង​គ្រោះ​ទាំង ​២​ នាក់​ ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​ ៩ និង ​១៤ ​​នាទី​យប់ ​ថ្ងៃទី​ ១៤ ​ឧសភា​។

លោក​ប្រាប់​ថា៖ «សាក​សព​របស់​ពួកគេ​បាន​ផុស​ឡើង​អណ្តែត​ទឹក​នៅ​ចម្ងាយ​ពី​កន្លែង​បាត់​ខ្លួន​ប្រហែល​ ២០​ ម៉ែត្រ។កាលពី​ល្ងាច​បាត់​ខ្លួន​យើង​ជា​នគរ​បាល​ប៉ុស្តិ៍​រួម​សហ​កា​រ​ជាមួយ​ឪពុក​ម្តាយ​ក្មេង​រងគ្រោះ ​និង​អ្នក​ភូមិ​នាំគ្នា​រក​សព​ដែរ​ តែ​រក​មិន​ឃើញ។ លុះ​ស្អែក​ឡើង​ពេល​យប់​ទើប​យើង​រក​ឃើញ»​។

លោក​រៀប​រាប់ថា មុន​កើត​ហេតុ​ កាល​ពី​វេលា​ម៉ោង​ជាង​ ៣ រ​សៀល​ថ្ងៃទី ១៣ ឧសភា ដោ​យសារតែ​​គ្រូ​មិន​បាន​បង្រៀន​ ក្មេង​ស្រី​រងគ្រោះ​ទាំង​ ២​ នាក់ និង​ក្មេង​ស្រី​ជា​មិត្ត​រួម​ថ្នាក់​ ២ នាក់​ទៀត ​បាន​នាំគ្នា​ទៅ​ឈរ​លេង​នៅលើ​កា​រុង​ខ្សាច់​ទប់​ច្រាំង​ទន្លេ។ នៅ​ពេល​នោះ​ដែរ ​អ្នក​ភូមិ​ដែល​កំពុង​ចូកដី​ខ្សាច់​ច្រក​ក្នុងការុង​ដែល​នៅ​ចម្ងាយ​ប្រហែល​ពីគ្នា​ ៣០ ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​បាន​ស្រែក​ដេញ​ឱ្យ​ក្មេង​ទាំង ​៤ ​នាក់​ទៅផ្ទះ​​ដែរ​ តែ​ពួកគេ​មិន​ព្រម​ទៅ។ លុះ​បាន​មួយ​សម្ទះ​ក្រោយ​មក ​អ្នក​ភូមិ​បាន​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​ ដែល​ភ្លាមៗនោះ​​ ក្រុម​អ្នក​ធ្វើកា​រចូក​ដីខ្សាច់​បានរ​ត់ទៅ​ជួយ​ស្រង់​ក្មេង​ពី​ទឹក​បាន ​២ នាក់​ ខណៈ​ក្មេង​ស្រី ​២ នាក់​ទៀត​បាន​លិច​ទឹក​បាត់​។

លោក​បន្ត​ថា បន្ទាប់​ពី​ដឹង​ថា នៅ​មាន​ក្មេង​ ២ ​នាក់​ទៀត​លង់​ទឹក​រក​មិ​នឃើញ​ ​ក្រុម​អ្នកភូ​មិ​រួម​នឹង​សមត្ថ​កិច្ច​របស់​លោក​នាំគ្នា​ចុះ​មុជ​ទឹក​រាវរក​ជន​រងគ្រោះ​ក៏​នៅតែ​រក​មិន​ឃើញ​ដដែល។ លុះ​ស្អែក​ឡើង​ថ្ងៃទី ១៤​ ឧសភា​ ក៏​នាំគ្នា​មុជ​ក្នុង​ទឹក​រាវ​រក​លើក​ទី ២ ក៏​នៅ​តែ​រក​មិន​ឃើញ ​រហូ​តដល់​យប់​វេលា​ម៉ោង ៩ ​និង​ ១៤ នាទី ​ក៏​ឃើញ​សព​ក្មេងរ​ងគ្រោះ​ទាំង ២ ​នាក់ ​ផុស​ដំណាល​គ្នា​ពី​ក្នុង​ទឹក​ ទើប​នាំគ្នា​ស្រង់​មកលើ​គោក​ ហើយ​ឪពុក​ម្តាយ​ក្មេង​បាន​យក​សព​ទៅផ្ទះ​រៀងៗ​ខ្លួន។​

លោក ​ខ្មៅ រ៉​ន មេឃុំ​ព្រែក​ដាច់​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៥ ឧសភា ​ថា គ្រួសារ​ឪពុក​ម្តាយ​ក្មេងរ​ងគ្រោះ​ទាំង ​២ ​នាក់​ជា​គ្រួសារ​ក្រីក្រ​ ហើយ​អាជ្ញា​ធរ​មូ​លដ្ឋាន​និង​អាជ្ញា​ធរ​ស្រុក​លើក​ដែក​បាន​ជួយ​ជា​ប្រាក់​កាក់​ និង​ជា​អង្ករ​មួយ​ចំនួន​ដល់​គ្រួសារ​សព​ក្មេង​ទាំង ​២​ នាក់​ផង​ដែរ​។

ក្មេង​រង​គ្រោះ​ឈ្មោះ ​ប៊ុនធឿន ​ស្រី​ល័​ក្ខ និង​ឈ្មោះ វ​ណ្ណៈ ស៊ី​មាន ​រៀន​ថ្នាក់​ទី ៧ នៅ​សា​លា​អនុ​វិទ្យា​ល័យ​ព្រែក​តូច ក្នុង​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក ខេត្ត​កណ្តាល​។

លោក​ថា៖ «ដោយ​សារ​មាន​ជំនឿ​ពី​បុរាណ​រៀងមក​ឪពុក​ម្តាយ​ក្មេងរ​ងគ្រោះ​ទាំង ២ ​នាក់​បាន​ធ្វើ​ពិធី​សុំ​ម្ចាស់​កំពង់​ទឹក​ឱ្យ​ពួក​គាត់​ឆាប់​រក​ឃើញកូ​នៗរបស់​ពួក​គាត់ ហើយ​សព​នោះ​ក៏​អណ្តែត​ឡើង​ក្រោយ​មាន​ការ​បន់​ស្រន់។ ​តែ​នេះ​គ្រាន់​ជា​ជំនឿ​ប៉ុណ្ណោះ»​៕

វីដេអូ៖