កំពង់ធំៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​ណែនាំឱ្យ​នាយកដ្ឋាន​ពូជដំណាំ ​និង​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​រាជធានី​-ខេត្ត ​និង​ដៃគូ​អភិវឌ្ឍន៍ ​វិស័យ​ឯកជន ​សហគមន៍​កសិកម្ម ​និង​ស្ថាប័ន​ពាក់ព័ន្ធ ​បន្ត​គាំទ្រ​និង​ជួយ​សហការ​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព​ពូជដំណាំ ​(បគព)​ ឱ្យ​ទទួលបាន​ជោគ​ជ័យ ​សំដៅ​រួមគ្នា​លើកស្ទួយ​វិស័យ​ពូជ​ដំណាំ​នៅ​កម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​បន្ថែម​ទៀត។

លោក ​វេង សាខុន ​បានលើក​ឡើង​បែបនេះ​នៅ​ពេល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ ប.គ.ព. ​(Quality Declared Seed-QDS) ​សម្រាប់​ផលិតកម្ម ​និង​អាជីវកម្ម​គ្រាប់ពូជ​ស្រូវ​ កាលពី​ថ្ងៃទី ១១​ ខែឧសភា ​នៅ​ខេត្ត​កំពង់ធំ។ ​នាឱកាស​នោះ​ លោក ​វេង សាខុន​ ក៏បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ​យកចិត្ត​ទុកដាក់​លើ​ចំណុច​សំខាន់ៗ ​ដូចជា ​ត្រូវ​ជំរុញ​ការផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ពូជដំណាំ​ និង​សិទ្ធិ​អ្នកបង្កាត់​ពូជដំណាំ ​និង​គោល​នយោបាយ​ពូជ​ដំណាំ​នៅ​កម្ពុជា​ឱ្យបាន​ទូលំទូលាយ ​ថែមទៀត​គឺជា ​ទិសដៅ​អនុវត្ត​បន្ត។

លោក​ថ្លែងថា​៖ «ត្រូវ​ជំរុញ​ឱ្យ​អ្នកផលិត​ពូជ ​និង​អ្នកធ្វើ​អាជីវកម្ម​ពូជ​ដំណាំ​នៅ​កម្ពុជា ​ចុះបញ្ជី​ប្រភេទ​ពូជដំណាំ​ដើម្បី​ធានា​បាន​នូវ​គ្រាប់​ពូជ​ដែល​មាន​គុណភាព​ល្អ ​និង​ត្រូវ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍​ជាតិ​កសិកម្ម​សម្រាប់​វិភាគ​គុណភាព​ពូជ​ដំណាំ ​ដើម្បី​គាំទ្រ​ដល់​ការត្រួត​ពិនិត្យ​គុណ​ភាព​ពូជ​ដំណាំ​ ដែល​ស្ថិតនៅ​ក្រោម​ប្រព័ន្ធ​ផ្តល់​វិញ្ញាបនបត្រ ​និង​សម្រាប់​តាមដាន​គុណភាព​ពូជ​ដំណាំ​ដែល​ចរាចរ​នៅ​លើ​ទី​ផ្សារ» ។ ​

ជាមួយ​គ្នានោះ​លោក​រដ្ឋមន្ត្រី​កសិកម្ម ​ក៏​បានលើក​ទឹកចិត្ត​ និង​ជំរុញ​ផលិតកម្ម​គ្រាប់​ពូជ ​ត្រូវ​ផ្សារភ្ជាប់​រវាង​អ្នកផលិត ​ជាមួយ​សហគមន៍​កសិករ​ ឬ​អ្នក​ផលិត​ជាមួយ​ក្រុមហ៊ុន ​តាមរយៈ​ការអនុវត្ត​ផលិតកម្ម​គ្រាប់​ពូជ​តាម​កិច្ចសន្យា ​និង​ត្រូវ​ចងក្រង​បោះពុម្ព​ឯកសារ​បច្ចេកទេស ​និង​គោល​ការណ៍​ណែនាំ​ផ្សេងៗ​ទាក់ទង​នឹង​ ប.គ.ព.​ ហើយ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ។

លោក​ ប៉ែន វណ្ណរិទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខប្រមាញ់ ​និង​នេសាទ​ខេត្ត​កំពង់ធំ ​ឱ្យដឹងថា ​ប.គ.ព.​ត្រូវបាន​រៀបចំ​ដោយ​ផ្អែក​លើ​សៀវភៅ​គោល​ការណ៍​ណែនាំ​របស់​អង្គការ​ FAO ​នៅ​ឆ្នាំ ២០០៦។ ចាប់​តាំង​ពី​ឆ្នាំ ២០១៩ ​អគ្គនាយកដ្ឋាន​កសិកម្ម ​បានសហការ​ជាមួយ​គម្រោង​កម្មវិធី​ស្តីពី​ “ខ្សែចង្វាក់​តម្លៃ​កសិកម្មក​ម្ពុជា​-អូស្រ្តាលី ​ហៅ​កាត់ថា ​CAVAC" ​និង​ JICA ​ដើម្បី​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី ​ប.គ.ព.​ ដល់​អ្នកពាក់ព័ន្ធ​ជាបន្ត​បន្ទាប់ ​សរុប​ចំនួន ​៨៥ នាក់ ​ដែល​អញ្ជើញ​មកពី​មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេ​សាទ​ខេត្ត ​និង​កសិករ​ផលិត​គ្រាប់​ពូជ​ស្រូវ​នៅ​ខេត្ត​ចំនួន ​៨ ​មាន​ខេត្ត​តាកែវ ​បន្ទាយ​មានជ័យ ​សៀមរាប ​និង​ពោធិ៍​សាត់​ បាត់ដំបង ​កំពង់ឆ្នាំង ​ព្រៃវែង ​និងខេត្ត​កំពង់ធំ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ​អគ្គនាយកដ្ឋាន​កសិកម្ម ​បានបណ្តុះ​បណ្តាល​មន្ត្រី​បង្គោល​នៅ​ថ្នាក់​ជាតិ ​និង​ថ្នាក់​ខេត្ត ​ដើម្បី​សាកល្បង​អនុវត្ត​ ប្រព័ន្ធ ​ប.គ.ព.​ លើ​ផលិតកម្ម​គ្រាប់​ពូជ​ស្រូវ​ ក្នុង​រដូវវស្សា​ឆ្នាំ ២០២០ ​និង​ឆ្នាំ ២០២១ ​ជាមួយ​សហគមន៍​កសិកម្ម​ចំនួន​ ១០។​ ក្នុង​ឆ្នាំ ​២០២២​ បានរៀបចំ​ចងក្រង ​និង​បោះពុម្ព​សម្រាប់​ចែកជូន​សហគមន៍​អនុវត្ត​ផង​ដែរ។

លោក​ថ្លែងថា​៖ «ឯកសារ​សំខាន់ៗ​មួយចំនួន​ដែលបាន​បោះពុម្ព ​មាន​ដូចជា ​គោល​ការណ៍​ណែនាំ​ស្តីពី ​ប.គ.ព.។ ឯកសារ​ ប.គ.ព. ​សម្រាប់​ផលិតកម្ម ​និង​អាជីវកម្ម​គ្រាប់​ពូជស្រូវ ​និង​គោលការណ៍​ណែនាំ​បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព​គ្រាប់​ពូជ​ស្រូវ​តាម ​ប.គ.ព.​ ផងដែរ»។

លោកស្រី ​Miyahary AI ​តំណាង​អង្គការ ​JICA ​ និង​តំណាង​ស្ថានទូត​អូស្រ្តាលី​បានធ្វើ​ចំណាប់​អារម្មណ៍​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ ​ដោយ​សម្តែង​ក្តីសង្ឃឹម​ថា ​ប.គ.ព. ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការធានា​គុណភាព​គ្រប់​ពូជស្រូវ​ ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្រូវ​ទាំង​បរិមាណ​ និង​គុណភាព ​មាន​ការប្រកួត​ប្រជែង ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ។ ជាពិសេស​ចូលរួម​លើក​កម្ពស់​កម្រិត​ជីវភាពរបស់​សមាជិក​សហគមន៍​តាម​រយ:​ការផលិត ​និង​លក់​ចែកចាយ​គ្រាប់​ពូជ​ស្រូវ​មាន​គុណភាព​ជូន​កសិករ​នា​ពេល​អនាគត។

លោក​រដ្ឋមន្ត្រី ​វេង សាខុន ​បញ្ជាក់ថា ​សមិទ្ធផល​ដែល​ម្រេចបាន​កន្លង​មកនេះ​បានឆ្លើយតប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ក្រប​ខ័ណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ​សម្រាប់​វិស័យ​កសិកម្ម ​គឺ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម ​ការបង្កើន​តម្លៃ​បន្ថែម​និង​ការអភិវឌ្ឍ​ខ្សែច្រវាក់​តម្លៃ​កសិកម្ម​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ទីផ្សារ ​និង​ការប្រកួត​ប្រជែង​ក្នុង​តំបន់ ​និង​នៅលើ​សកល​លោក។ ជាពិសេស​ការធានា​ចីរភាព​កំណើន​សេដ្ឋកិច្ច​-សង្គម ​ការកាត់​បន្ថយ​ភាពក្រីក្រ ​ការបង្កើត​ការងារ ​កាត់​បន្ថយ​ចំណាក​ស្រុក ​និង​ធានាបាន​នូវ​ប្រព័ន្ធ​សន្តិសុខ​ស្បៀង ​ចីរភាព ​និង​បរិយាប័ន្ន​ដោយ​ផ្សារ​ភ្ជាប់​ទៅនឹង ​“គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា”​នៅ​ឆ្នាំ ២០៣០៕