ភ្នំពេញៈ​ គណបក្ស​ភ្លើងទៀន​បានសម្រេច​អនុម័ត​គោលនយោបាយ​​ជា​អាទិភាព ទាំង ​៧ ចំណុច និង​បានសម្រេច​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ខាងមុខនេះ​។​ ការ​ម្រេច​នេះ​ធ្វើឡើង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ភ្លើង​ទៀន ថ្ងៃទី ១៥ ខែឧសភា ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ថ្លែង​នៅ​ថ្ងៃទី ១៥ ខែឧសភា​ថា ការសម្រេច​របស់​គណ​បក្ស​ភ្លើងទៀន​បែបនេះ ដោយ​គោរព​តាម​ការចង់បាន​របស់​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​មានការ​ផុលផុស​ច្រើន​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​មូលដ្ឋាន​។ ក្នុង​ពិធីសា​មា​ជ​ដែល​គ្រោង​ថា​នឹងមាន​អ្នកចូលរួម​តែ​ប្រមាណ ២ ០០០ នាក់ ប៉ុន្តែ ជាក់ស្តែង​មាន​អ្នកចូលរួម​មកពី​មូលដ្ឋាន​ផ្សេងៗ​ទូទាំងប្រទេស​សរុប​ប្រមាន​ដល់​ជាង ៥ ០០០ នាក់ ។

​លោក​អនុប្រធាន​គណបក្ស​ភ្លើងទៀន​រូបនេះ​បាន​ឲ្យ​ដឹងថា ការជួបជុំ​ក្នុង​សមាជ​គណបក្ស​ភ្លើង​ទៀន​ដែលមាន​អ្នកចូលរួម​ច្រើន​លើស​ការគ្រោងទុក​នេះ​គឺជា​ សារ​ទៅកាន់​ដៃគូ​បដិបក្ខ​ថា មិនអាច​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​បានទេ​។ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមបែប​ប្រជាធិបតេយ្យ​។ លោ​កថា​តាម​បទពិសោធន៍​ដែល​បាន​ចុះ​ផ្ទាល់​នៅ​មូលដ្ឋាន​គឺមាន​បញ្ហា​ប្រឈម​ច្រើន ទាំង​ការរៀបចំ​បេក្ខជន រៀបចំ​ភ្នាក់ងារ និង​បញ្ហា​ផ្សេងៗ​ទៀត​ជាច្រើន​។

​លោក​ថ្លែងថា​៖ «​រៀប​បេក្ខជន​ក៏​ពិបាក​រៀប ភ្នាក់ងារ​ក៏​ពិបាក មិនតែប៉ុណ្ណោះ​គេ​នៅ​រក​មធ្យោបាយ​ចេញ​ដីការ​ចាប់ខ្លួន​។ គ.ជ.ប បាន​រំលាយ​គណបក្ស​យើង​នៅ ១១​ ឃុំ​សង្កាត់ ប៉ុន្តែ​ទីបំផុត យើង​មើលឃើញថា​យើង​នៅតែ​ប្តេជ្ញាចិត្ត​តាំង​ពីលើ​ដល់​មូលដ្ឋាន យើង​បានរៀបចំ​ដោយ​ជោគជ័យ ១៦២៣ ឃុំ​សង្កាត់​» ។

​លោក ​ថាច់ សេដ្ឋា​បានលើកឡើង​ទៀតថា គណបក្ស​ភ្លើងទៀន​នៅតែ​រក្សាបាន​នូវ​ខ្សែក្រវាត់​លំដាប់​គណបក្ស​ធំ​បំផុត​ទី​២​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​រក្សាបាន​ថា​ជា​គណបក្សប្រឆាំង​ដ៏​ធំ​ផុត​នៅក្នុង​ប្រទេស​កម្ពុជា ។

​អ្នកវិភាគ​ជើងចាស់​គឺ លោក​ឡៅ ម៉ុង ហៃ ថ្លែង​នៅ​ថ្ងៃទី ១៥ ខែឧសភា​ថា ជា​ភាពខ្លាំង​ដ៏​អស្ចារ្យ​មួយ​នៃ​គណបក្ស​ភ្លើងទៀន ដែល​ក្នុង​រយៈពេល​ជាង​៣​ខែ អាច​រៀបចំ​បាន​រចនាសម្ព័ន្ធ​នៅ​ឃុំ​សង្កាត់​រហូត​ជិត​បាន​ស្មើ​និង​គណបក្សកាន់អំណាច​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ឃើញថា​គណបក្ស​ភ្លើងទៀន​នេះ​បាន​ជោគជ័យ​យ៉ាង​ចម្លែក​ខុសពី​គណបក្ស​ដទៃទៀត​ ​ដែល​កកើត​ក្នុង​រយៈពេល​ស្របាល​គ្នា គឺ​ក្នុង​រយៈពេល​មិន​ដល់​៤​ខែ​ផង គណបក្ស​មួយ​ដែល​ដេកលក់ ក្រោក​ឡើង​ស្រាប់តែ​ខ្លាំង​រឹងមាំ​តែម្តង ដែល​គេ​ហៅថា​គណបក្ស​លំដាប់​ជាតិ​» ។

​លោក​បន្តថា ភាពជោគជ័យ​ថ្មី​ក្នុងការ​ងើបឡើង​នៃ​គណបក្ស​ភ្លើងទៀន​គឺ​ឆ្លុះ​ប​ញ្ជាំ​ង​នូវ​ការវិវឌ្ឍ​មួយ​នៅ​ប្រទេស​កម្ពុជា​ច្រើនបែប ព្រមទាំង​ឆ្លុះ​ប​ញ្ជាំ​ង​នូវ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ទូទាំងប្រទេស​។ បន្ថែម​លើ​នោះ​ក៏​ឆ្លុះ​ប​ញ្ជាំ​ង​នូវ​ទឹកចិត្ត ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​សម្តែង​ឲ្យ​ឃើញ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៣ ។

​លោក សុខ គឹម​សេង ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ខេត្តសៀមរាប​ថ្លែងថា ការរៀបចំ​រចនាសម្ព័ន្ធ​ឡើង​ដោយ​ឆាប់រហ័ស​នៃ​គណបក្ស​ភ្លើងទៀន​មិនមែនជា​រឿង​ចៃដន្យ​នោះទេ គឺមាន​កេ​មរតក ២៧​ឆ្នាំ ដែល​ស្ថាបនិក​ដំបូង​បា​នប​ន្ស​ល់​ទុក​ធ្វើ​ឲ្យ​មហាជន​មានការ​ជឿជាក់​។ មួយវិញទៀត​គឺមាន​សកម្មជន​ដែលមាន​ជំ​ហរ​ស្មោះត្រង់ អង់អាច​ក្លាហាន​។

​លោក យី សីហា ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង ជា​ស្ថាបនិក​គណបក្ស​កម្ពុជា​និយម ថ្លែង​នៅ​ថ្ងៃទី ​១៥ ខែឧសភា​ថា ការលើកឡើង​របស់​តំណាង​គណបក្ស​ភ្លើងទៀន ថា​ខ្លួន​ជា​អ្នកខ្លាំង​ទី ២ និង​ជា​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​នោះ គឺជា​សិទ្ធ​របស់គាត់​ក្នុងការ​បង្ហាញ​ពី​សក្តានុពល​របស់​គណ​បក្ស​ខ្លួន​ទៅដល់​សាធារណជន ប៉ុន្តែ​លោក​ថា បក្ស​ខ្លាំង​មិន​អាស្រ័យ​លើ​ចំនួន នៃ​សមាជិក​គាំទ្រ ការរៀបចំ​បក្ស​បាន​លឿន​រហ័ស ឬ​ជា​បក្ស​ដែលមាន​បណ្តាញ​ច្រើន​នោះទេ​។

​លោក​ថា បក្ស​ខ្លាំង ជា​បក្ស​ដែលមាន​របៀប​ដឹកនាំ​តាម​គោលការណ៍ និង​ជា​បក្ស​ដែល​អនុវត្ត​តាមច្បាប់ និង​គិតពី​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ​។ មួយវិញទៀត​បក្ស​ខ្លាំង​ជា​បក្ស​ដែលមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព​៕