ភ្នំពេញៈ មុន​ចាកចេញ​ពី​សហរដ្ឋ​អាមេរិក​មកកាន់​កម្ពុជា​វិញ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក នា​ថ្ងៃទី​ ១៤ ​ឧសភា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ផ្ញើ​សារ​ជា​សំឡេង​ពិសេស បង្ហាញ​ពី​មោទនភាព និង​ការ​អគុណ​ចំពោះ​ជន​រួមជាតិ​កម្ពុជា​រស់នៅ​ក្រៅប្រទេស​ចំពោះ​ការមិន​តបត​ទៅនឹង​ក្រុម​អមិត្ត​ដែល​បានធ្វើ​សកម្មភាព​មិនល្អ​មកលើ​រូបលោក​។

លោក​ថា លោក​មាន​មោទនភាព​ចំពោះ​ជនរួមជាតិ​កម្ពុជា​ដែល​បាន​មក​រស់នៅ​ក្រៅប្រទេស ជាពិសេស​អ្នករស់នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ដែល​បានមក​ចូលរួម​ជាមួយ​លោក​ក្នុង​ភាព​ថ្លៃថ្នូរ​ដោយ​មិនបាន​ធ្វើ​ការតបត​ណាមួយ​នឹង​ក្រុម​អមិត្ត​ដែល​តែងតែ​បង្កហេតុ បើទោះបីជា ឧបទ្ទវហេតុ​បាន​កើតឡើង​ក៏ដោយ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​សូម អរគុណ​ដល់​បងប្អូន​យើង​ដែល​បាន​រក្សា​នូវ​ភាព​អត់ធ្មត់​ដោយ​ការអំពាវនាវ​របស់ខ្ញុំ​។ សុំ​បងប្អូន​បន្ត​ការអត់ធ្មត់​បន្តទៅទៀត​ជាមួយ នឹង​សកម្មភាព​ញុះញង់ វាយប្រហារ​មកលើ​បងប្អូន​។ នេះ​ជា​ឥរិយាបថ​នៃ​ភាពជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​ដែល​ចាត់ទុកថា ជា​វីរជន នៅពេល​ដែល​គេ​បាន​រំលោភបំពាន​លើ​ច្បាប់ និង​បង្ហាញ​នូវ​សារជាតិ​ជា​អំពើហិង្សា​ជ្រុលនិយម​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា លោក​មាន​មោទនភាព​ជាមួយ​នឹង​ជនរួមជាតិ រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ដែល​រក្សា​បាន​នូវ​ភាពថ្លៃថ្នូរ និង​គោរព​ច្បាប់​អាមេរិក ហើយក៏​ទទួលបាន​នូវ​ការ​រាប់អាន​លោក ក៏ដូចជា​គណៈប្រតិភូ​ពេល​សម្រាក​នៅ​ទីនោះ​។

ករណី​មិនឱ្យ​មាន​ការ​តបត​នេះ​លោក​ យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចាត់ទុក នេះ​ជា​កាយវិការ​ដ៏ល្អ និង​ជាការ​សន្ដោស​ប្រណី​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងអស់ បើទោះបីជា​ក្រុម​ប្រឆាំង​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​មកលើ​ប្រមុខ​រាជរដ្ឋាភិបាល​ក្ដី​។

លោក​ប្រាប់ថា​៖ «​តាម​ខ្ញុំ​យល់ បើ​យើង​ធ្វើ​ការតបត ក៏​មិនបាន​ផល​ល្អ​ជះ​មកវិញ​ដែរ​។ ដូចនេះ សម្តេច​ [​ហ៊ុន សែន​] ​ប្រកាស​មិន​តបត​នេះ​គឺជា​ការល្អ ជា​ការសន្ដោស​ប្រណី និង​បង្ហាញ​ពី​សីលធម៌​ខ្មែរ ដែលមាន​ការ​យោគយល់​គ្នា​ទៅវិញ​ទៅមក​ផងដែរ​»​។

លោក យង់ ពៅ ថ្លែងថា ប្រសិនបើ អ្នកគាំទ្រ​គណបក្ស​ប្រជាជនមាន​ការតបត​ត្រឡប់​ទៅវិញ វា​នឹង​បង្ហាញ​ពី​ការសង​សឹក និង​សីលធម៌ មិនល្អ មាន​គំនុំគុំកួន រវាង​ខ្មែរ និង​ខ្មែរ​ផងដែរ​។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​រក្សា​សីលធម៌​គោរព​គ្នា​ទៅវិញទៅមក​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១០ ឧសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា​។ ក្នុង​ដំណើរ​បេសកកម្ម​នេះ លោក​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ និង​ប្រទេស​កាណាដា ដែល​បានមក​ស្វាគមន៍​លោក​។

ខណៈ​លោក​កំពុង​ជួប និង​ថតរូប​ជាមួយ​ពលរដ្ឋ​ដែល​មក​ស្វាគមន៍​លោក​នោះ ស្រាប់តែ​បុរស​ជនជាតិ​ខ្មែរ​ ១ ​រូប ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា អ៊ុក ទូច ដែលជា​សកម្មជន​បក្ស​ប្រឆាំង​បាន​យក​ស្បែកជើង​គប់​សំដៅ​លោក​ ហ៊ុន សែន ប៉ុន្តែ​មិនត្រូវ​ឡើយ​។ លោក​ អ៊ុក ទូច ក៏​ត្រូវបាន​សមត្ថកិច្ច​អាមេរិក​ឃាត់ខ្លួន និង​បាន​បណ្តេញចេញ​ពី​ទីកន្លែង​នោះ​ផងដែរ​។

ចំពោះ​ទង្វើ​នេះ លោក​ ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន កម្ពុជា និង​ជា​កូនប្រុស​ពៅ​របស់​លោក​ ហ៊ុន សែន បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​របស់ខ្លួន​បង្ហាញ​នូវ​ការមិនអាច​ទទួល​យក​បាន​នូវ​ទង្វើ​របស់​លោក​ អ៊ុក ទូច​។

លោក​សរសេរថា​៖ «​ទង្វើ​ដែល​ប្រមាថ​មកលើ​ពុក​មកលើ​នាយក​រដ្ឋមន្ត្រី មកលើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទង្វើ​ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។ ទង្វើ​នេះ​ពួកយើង​ទាំងអស់​គ្នា​ជា​សមាជិក​គណបក្ស និង​ជា​ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​បន្ធូរបន្ថយ ឬ​សម្រាល​ទោសកំហុស​ដល់​ពួក​ជ្រុលនិយម​ទាំងអស់​នោះបានទេ​»​។

ចំណែក​លោកស្រី​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក៏បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ទៅលើ​ទង្វើ​របស់​លោក ​អ៊ុក ទូច នេះ​។

លោកស្រី​បន្តថា​៖ «​នាង​ខ្ញុំ​មិន​គាំទ្រ​នូវ​ទង្វើ​របស់​បុគ្គល​ អ៊ុក ទូច និង​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​នូវ​ទង្វើ​ដ៏​ថោកទាប ដែល​ប្រមាថ​មកលើ​សម្តេចនាយក​រដ្ឋមន្ត្រី អំឡុង​ពេលដែល​សម្តេច​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​សហរដ្ឋអាមេរិក​»​។

លោក​ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​វិល​មកដល់​ប្រទេស​កម្ពុជា​វិញ​នា​យប់​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ ​២០២២៕