កណ្ដាលៈ ពិធីបុណ្យ​វិសាខបូជា​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៥ ខែឧសភា នៅ​ព្រះ​សក្យមុនីចេតិយ​នៅលើ​ភ្នំ​ព្រះរាជទ្រព្យ (​ភ្នំ​ឧដុង្គ​) ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ដែលជា​ទីកន្លែង​តម្កល់​ព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ដើម្បី​រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ​ប្រសូត​ថ្ងៃ​ត្រាស់ដឹង និង​ថ្ងៃ​ព្រះពុទ្ធ​ចូល​បរិនិព្វាន​។

ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ បាន​ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ​នៃ​ក្រសួង​ស្ថាប័ន​នានា និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​ប្រារព្ធ​ពិធី​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន ៨០ ​អង្គ នៅលើ​ភ្នំ​ឧដុង្គ​។ ពិធី​នោះ​ក៏មាន​ចូលរួម​ពី​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​បាន​បញ្ជាក់ថា​៖ «​មិនថា​តែ​នៅ​កម្ពុជា​ទេ គឺ​នៅថ្ងៃនេះ​ពុទ្ធ​សាសនិកជន​ទូទាំង​ពិភពលោក​ក៏បាន​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ដ៏សំខាន់​ខាងលើនេះ​ផងដែរ​»​។

លោក​បាន​បន្តថា បុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់បំផុត ក្នុងចំណោម​បុណ្យ​សាសនា​ដទៃៗ​ទៀត ពីព្រោះ​ពិធីបុណ្យ​នេះ គឺ​បានបង្ហាញ​នូវ​ការគោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​ ៣ នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បានប្រសូត​បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ​។

ព្រះតេជគុណ គូ សុភាព គង់នៅ​វត្ត​និគ្រោធវ័ន​ (​គល់ទទឹង​) បាន​សម្តែង​ព្រះ​ធម្មទេសនា​នៅ​ថ្ងៃ​វិសាខបូជា និង​មាន​សង្ឃដីកា ណែនាំ​ពុទ្ធបរិស័ទ ក៏ដូចជា​ដាស់តឿន​ដល់​ពលរដ្ឋ​សន្សំ​បុណ្យ​ឱ្យបាន​ច្រើន និង​កុំ​ឈ្នានីស​អ្នកដទៃ​។

អភិបាលខេត្ត​បាត់ដំបង​លោក សុខ លូ នៅ​ឆ្នាំនេះ​បាន​ចំណាយ​កម្លាំងកាយ កម្លាំងចិត្ត និង​ថវិកា ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​វិសាខបូជា​នៅ​វត្ត​ពោធិ៍​ស្ថិតនៅ​ក្រុង ដោយបាន​ការសហការ​រៀបចំ​ជាមួយ​មន្ត្រី​សង្ឃ​ខេត្ត និង​មន្រី្តសង្ឃ​ក្រុង និង​បានដាក់​ផ្ទាំង​ប៉ាណូ​ពុទ្ធរូប​ធំៗ​ជាច្រើន​នៅតាម​បណ្តា​ផ្លូវ​នានា​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល​។ ប៉ាណូ​ពុទ្ធរូប​ត្រូវបាន​ដាក់តាំង​ចំនួន ៦ ​ទីតាំង ព្រមទាំង​ចង​បដា​ពុទ្ធភាសិត​ផ្សេងទៀត នៅតាម​បណ្តា​ផ្លូវ​នានា និង​បានធ្វើ​ពិធី​ដង្ហែ​បុណ្យ​វិសាខបូជា​នៅក្នុង​វត្ត​នៅ​ជុំវិញ​ស្ទឹង​សង្កែ ដោយមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។ លោក ក៏បាន​ណែនាំ​ពលរដ្ឋ​ឱ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ចូលរួម​សម្អាត​បរិស្ថាន​អនាម័យ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។

លោក​ថា​៖ «​ខ្ញុំ​អំពាវនាវ​ដល់​ព្រះ​ករុណា​គ្រប់​ព្រះអង្គ​នៅ​គ្រប់​កម្មវិធី​ទាំងអស់ សូម​ព្រះអង្គ​មេត្តា​បញ្ច្រាប​ចូល​បញ្ហា​គ្រឿងញៀន ដែល​សព្វថ្ងៃនេះ​វាយលុក​ក្នុងសង្គម​ច្រើនណាស់ អ៊ីចឹង​សូម​ព្រះអង្គ​ជួយ​ធ្វើ​ម៉េច​ក្នុង​កម្មវិធី​សម្តែង​ព្រះ​ធម្មទេសនា ឬ​កម្មវិធី​ផ្សេងៗ​សូមជួយ​ផ្សព្វផ្សាយ ធ្វើ​ម៉េច​ឱ្យ​បងប្អូន​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន សូម​ចាត់ទុក​គ្រឿងញៀន​ជា​សត្រូវ​របស់​យើង​»​។

វិសាខបូជា គឺជា​បុណ្យ​ដ៏ធំ​មួយ​ក្នុង​ព្រះពុទ្ធសាសនា​ដែល​កម្ពុជា​ចាត់ទុកជា​បុណ្យជាតិ​។ ប្រទេស​ជិត​ ២០០ ដែលជា​សមាជិក​ UN ​បានអនុម័ត និង​ទទួលស្គាល់ ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​ ១៩៩៩៕