ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រកាសថា ប្រទេស​ចំនួន​ ២០ បាន​រាយការណ៍​ពី​ការរកឃើញ​កុមារ​ជាង​ ២០០ ​ករណី​មាន​ជំងឺ​រលាក​ថ្លើម​ស្រួចស្រាល់​ប្រភេទ​ថ្មី​ដែល​កើត​លើ​កុមារ​អាយុ​ពី​ ១-១៦ ​ឆ្នាំ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នកជំងឺ​គឺ​ក្រោម​អាយុ​ ១០ ​ឆ្នាំ ហើយ​ប្រហែលជា​ ១០% នៃ​កុមារ​ទាំងនោះ ឬ​ ១៧ ​នាក់ គឺមាន​តម្រូវការ​ត្រូវការ​ផ្សាំ​ថ្លើម​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា​ឱ្យដឹងថា មកដល់​ពេលនេះ អង្គការ​សុខភាព​ពិភពលោក​មិនទាន់​រកឃើញ​ច្បាស់លាស់​ថា បណ្តាល​មកពី​មូលហេតុ​ណាមួយ​នៅឡើយ​ទេ​។ ជំងឺ​នេះ​ត្រូវបាន​អ្នកជំនាញ​ហៅថា ជា​ជំងឺ​អាថ៌កំបាំង​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​កាលពី​ថ្ងៃទី ​១៣ ឧសភា ថា អង្គការ​សុខភាព​ពិភពលោក​ទទួលបាន​របាយការណ៍​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២២ កន្លងទៅ​ពី​ប្រទេស​ចំនួន​ ២០ ​ដែលមាន​ការរកឃើញ​ជំងឺ​នេះ​កើតមាន​ឡើងលើ​កុមារ​។ ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ទាំង​ប្រទេស​នៅ​ខាង​អឺរ៉ុប ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស ភ្លាមៗ​នោះបាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម ហើយ​បាន​រកឃើញថា ជំងឺ​នេះ​មិនមាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ជំងឺ​រលាក​ថ្លើម​ជាទូទៅ​ឡើយ​។

លោកស្រី​ថា ជំងឺ​រលាក​ថ្លើម​ជាទូទៅ​ដែល​ត្រូវបាន​ស្រាវជ្រាវ​ឃើញ និង​ប្រជាពលរដ្ឋ​ទូទៅ​នៅលើ​សកលលោក​ទទួលស្គាល់​ដែរនោះ រួមមាន ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B, C, D និង​ប្រភេទ E​។ តាម​ការពិនិត្យ​ និង​ការស្រាវជ្រាវ​របស់​មន្ទី​រ​ពិសោធន៍​រកឃើញ​មាន​វត្តមាន​នៃ​ប្រភេទ​វីរុស​អាដេណូវីរុស​ (adenovirus) ​ដែល​វា​ជា​ប្រភេទ​វីរុស​មួយ​ដែល​កន្លងមក​នៅលើ​ពិភពលោក​មាន​វីរុស​នេះហើយ​។ វីរុស​នេះ​វា​ធ្វើឱ្យមាន​បញ្ហា​រលាក​ផ្លូវដង្ហើម ប៉ុន្តែ​មិនមាន​ឃើញ​មានការ​ប៉ះពាល់​ថ្លើម​នោះឡើយ​។

ជាមួយ​គ្នានេះ លោកស្រី​ ឱ វណ្ណឌីន បញ្ជាក់ដែរថា សម្រាប់​ប្រទេស​កម្ពុជា​មិនទាន់​មានការ​រកឃើញ​ករណី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោកស្រី​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន និង​បានដាក់​នូវ​ការពង្រឹង​យន្តការ​តាមដាន​អ្នកជំងឺ​។

លោកស្រី​ថ្លែងថា​៖ «​ក្នុងនាម​ក្រសួង​ជំនាញ យើង​តែងតែមាន​ការចាត់ចែង​ដោយ​ភាព​សកម្ម​ និង​ការទទួល​ខុសត្រូវ​ដោយ​ឱ្យ​បណ្តាញ​សុខាភិបាល​នៅ​ទូទាំងប្រទេស​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​តាមដាន​។ ជាពិសេស​គឺ​ការពង្រឹង​ការ​តាមដាន​ស្ថានភាព​ជំងឺ​ដែល​អ្នកជំងឺ​ចូលមក​សម្រាក​មន្ទីរពេទ្យ​»​។

មួយវិញ​ទៀត ក្រសួង​សុខាភិបាល​ក៏​ធ្វើការ​ពង្រឹង​លើ​សមត្ថភាព មន្ទីរពិសោធន៍​ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​វិភាគ​ឱ្យបាន​ហ្មត់ចត់​ថែមទៀត​ទៅលើ​ករណី​ដែលមាន​ការសង្ស័យ ឱ្យបាន​ទាន់ពេលវេលា​។ ប៉ុន្តែ​មកដល់​ពេលនេះ​មិនទាន់​មាន​សំណាក​ណាមួយ​មាន​ការសង្ស័យ​លើ​ជំងឺ​នេះ​នៅឡើយ​ទេ​។

លោកស្រី​បញ្ជាក់ថា​៖ «​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​សុំឱ្យ​ឪពុកម្តាយ អាណាព្យាបាល​ត្រូវ​ថែរក្សា​អនាម័យ​លើ​កូនចៅ​ឱ្យបាន​ហ្មត់ចត់​មែនទែន​។ ជាពិសេស​ត្រូវ​បង្រៀន​ឱ្យ​ចេះ​ធ្វើ​អនាម័យ​ល្អ ដោយសារ​គេ​នឹងធ្វើ​ការស្រាវជ្រាវ​បន្តទៀតថា តើ​ការឆ្លង​នេះ​អាច​បណ្តាលមកពី​បរិស្ថាន ឬ​ចំណីអាហារ​ពុល ឬ​មកពី​សារធាតុ​ផ្សេងៗ​ទៀត​»​។

លោកស្រី​ក៏បាន​ណែនាំ​ថា អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ​គឺ​ការធ្វើ​អនាម័យ​ដៃ ដែល​វា​នៅតែ​ជា​កត្តា​សំខាន់​សម្រាប់​ការពារ​សុខភាព​កុមារ និង​មនុស្ស​ធំ ជាពិសេស​ការផ្គត់ផ្គង់​អាហារ​លើ​កុមារ ត្រូវតែមាន​ភាព​ស្អាត (Food Hygine)​។ អាហារ​ត្រូវ​ឆ្អិន​ល្អ ព្រោះ​ជំងឺ​នេះ​មាន​រោគសញ្ញា​កើត​លើ​កុមារ​ដែលមាន​សុខភាព​មាំទាំ​ធម្មតា​។ ប៉ុន្តែ​មានការ​សង្ស័យ​ដោយសារ​កុមារ​មាន​រាក ក្អួត ឈឺពោះ និង​មាន​រោគសញ្ញា​លឿង​លើ​ស្បែក និង​ភ្នែក ក៏ដូចជា​ការ​ប្រែ​ពណ៌​លើ​លាមក​ផងដែរ​។

មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ (CDC) ​ឱ្យដឹង​កាលពីដើម​ខែឧសភា​ថា​បច្ចុប្បន្ន​ CDC ​កំពុងធ្វើការ​ជាមួយ​មន្ទីរ​សុខាភិបាល​ទូទាំង​ប្រទេស​ដើម្បី​កំណត់​អត្តសញ្ញាណ កុមារ​ដែលមាន​ជំងឺ​រលាក​ថ្លើម​ដោយ​មិនដឹង​មូលហេតុ​នេះ​។

មន្ត្រី​ CDC និយាយថា ពួកគេ​មិនទាន់​ដឹងថា តើ​វីរុស​អាដេណូវីរុស គឺជា​មូលហេតុ​ពិតប្រាកដ​នោះ​នៅឡើយ​ទេ​។ Adenovirus គឺជា មេរោគ​ធម្មតា ដែលជា​ធម្មតា​បណ្តាលឱ្យ​មាន​រោគសញ្ញា ដូចជា ផ្តាសាយ​ស្រាល ឬ​ជំងឺ​ផ្តាសាយ ឬ​បញ្ហា​ក្រពះ និង​ពោះវៀន​។

ប្រភព​ដដែល​បន្តថា​៖ «​វា​មិនមែន​ជា​មូលហេតុ​នៃ​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ចំពោះ​កុមារ ដែលមាន​សុខភាព​ល្អ​នោះទេ ទោះបីជា​វា​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ចំពោះ កុមារ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ក៏ដោយ​»៕