ភ្នំពេញៈ មេដឹកនាំ​អាស៊ាន​-​អាមេរិក​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាម​ដំណើរការ​ផ្លូវច្បាប់ និង​ការទូត ដោយ​មិន​ប្រើប្រាស់​កម្លាំង​ស្របតាម​ច្បាប់​អន្តរជាតិ​។

ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​កាលពី​ថ្ងៃ​ទី​ ១២-១៣ ខែឧសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​។

នៅក្នុង​ជំនួប​នេះ មេដឹកនាំ​អាស៊ាន និង​លោក Biden បានអនុម័ត​សេចក្តី​ថ្លែងការណ៍​ទស្សនវិស័យ​រួម ដោយ​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ ដើម្បី​លើក​កម្ពស់​ភាពជា​ដៃគូ​អាស៊ាន​-​សហរដ្ឋ​អាមេរិក​។ មេដឹកនាំ​អាស៊ាន​ និង​អាមេរិក​បានបញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការពង្រឹង និង​កសាង​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋ​-​អាមេរិក​ឱ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ ដែល​យូរអង្វែង​មកហើយ​មិនអាច​ខ្វះ​បាន​ចំពោះ​អាស៊ាន និង​សហរដ្ឋអាមេរិក ព្រមទាំង​សហគមន៍​អន្តរជាតិ​ទាំងមូល ដើម្បី​បន្ត​លើកកម្ពស់ និង​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។

សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ដាក់ចេញ​នា​ថ្ងៃទី​ ១៤ ខែឧសភា បញ្ជាក់ថា​៖ «[​យើង​សូម​] គូសបញ្ជាក់​បន្ថែមទៀត​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​យើង​ក្នុងការ​រក្សា និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ ក៏ដូចជា​ការដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី រួមមាន​ការគោរព​ពេញលេញ​ចំពោះ​ដំណើរការ​ផ្លូវច្បាប់ និង​ការទូត ដោយ​មិន​ងាក​ទៅរក​ការគំរាម​កំហែង ឬ​ការប្រើប្រាស់​កម្លាំង ស្របតាម​ច្បាប់​អន្តរជាតិ​»​។

សេចក្តី​ថ្លែងការណ៍​ទស្សនៈវិស័យ​រួមគ្នា​នេះ​ទទូច​ឱ្យ​មីយ៉ាន់ម៉ា​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ​ចំណុច​របស់​អាស៊ាន ឬ​ហៅថា កុងសង់ស៊ីស ឱ្យបាន​ទាន់ពេលវេលា និង​ពេញលេញ និង​សន្យា​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​​ការសម្របសម្រួល​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​​ផលប្រយោជន៍​របស់​ប្រជាជន​​មីយ៉ាន់ម៉ា​។

ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាងត្បូង មេដឹកនាំ​អាស៊ាន និង​លោក Biden បាន​ជំរុញឱ្យមាន​វិធានការ​ជាក់ស្តែង​ដែល​អាច​កាត់បន្ថយ​ភាពតានតឹង និង​ហានិភ័យ​នៃ​គ្រោះថ្នាក់ ការយល់​ច្រឡំ និង​ការវិនិច្ឆ័យ​ខុស និង​បាន​ជំរុញ​ឱ្យ​មាន​ការអនុវត្ត​ការកសាង​ទំនុកចិត្ត និង​វិធាន​ការបង្ការ ដើម្បី​បង្កើន​ភាពជឿជាក់ និង​ទំនុកចិត្ត​ក្នុងចំណោម​ភាគី​ផ្សេងៗ​ទៀត​។

លោក ហ៊ុន សែន និង​លោក ចូ បៃដិន​។ រូបថត SPM

មេដឹកនាំ​អាស៊ាន និង​លោក Biden ក៏បាន​ប្រកាស​គាំទ្រ​ដល់​ការស្តារ​ឡើងវិញ​ពី​ជំងឺ​រាតត្បាត និង​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិសុខ សុខភាព​អាស៊ាន តាមរយៈ​ការពង្រឹង​ប្រព័ន្ធ និង​សមត្ថភាព​សុខភាព​តំបន់ និង​ជាតិ ដូចជា​តាមរយៈ​គំនិត​ផ្តួចផ្តើម​អនាគត​សុខភាព​អាស៊ាន​- សហរដ្ឋអាមេរិក និង​ប្តេជ្ញា​ផ្តល់​ហិរញ្ញវត្ថុ​សកល​ឱ្យបាន​គ្រប់គ្រាន់ រឹងមាំ និង​ប្រកប​ដោយ​ចីរភាព​សម្រាប់​ការបង្ការ​ជំងឺ​រាតត្បាត ការត្រៀមខ្លួន និង​ការឆ្លើយតប​។

មេដឹកនាំ​អាស៊ាន និង​លោក Biden បាន​ឯកភាព​គាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​អាស៊ាន ដើម្បី​លើកកម្ពស់​ការបង្កើត​នៃ​សន្តិភាព សុវត្ថិភាព បើកចំហ អន្តរ​ប្រតិបត្តិការ ដែល​អាច​ទុកចិត្តបាន បរិយាប័ន្ន និង​ភាព​ធន់​ប្រព័ន្ធ​អេកូឡូស៊ី និង​បណ្តាញ​បច្ចេកវិទ្យា​ជំនាន់​ទី​ ៥ (5G) បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ស្វែងរក​វិធី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​សេដ្ឋកិច្ច​ឌីជីថល ការអភិវឌ្ឍ​ទីក្រុង និង​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​ប្រកបដោយ​និរន្តរភាព និង​ឆ្លាតវៃ រួមទាំង​តាមរយៈ​ភាពជា​ដៃគូ​ទីក្រុង​ឆ្លាតវៃ​អាមេរិក​-​អាស៊ាន (USASCP)​។

លើសពីនេះ មេដឹកនាំ​ទាំងនេះ​បាន​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​អភិរក្ស​ជីវចម្រុះ​ដ៏​សម្បូរបែប និង​សម្បត្តិ​ធម្មជាតិ​របស់​អាស៊ាន រួមទាំង​តាមរយៈ​ការទប់ស្កាត់ បញ្ឈប់ និង​បញ្ច្រាស​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ការរេចរឹល​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ក៏ដូចជា​ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​រួមមាន​ព្រៃឈើ និង​តំបន់ដីសើម ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរសមុទ្រ និង​សមុទ្រ និង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​​ជីវចម្រុះ (ACB)​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា នា​ថ្ងៃទី​ ១៤ ខែឧសភា បានឱ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សហរដ្ឋ​អាមេរិក​ឱ្យ​ផ្តល់នូវ​ការគាំទ្រ​រឹងមាំ​ថែមទៀត​ដល់​ការអនុវត្ត​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​ការលើកស្ទួយ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និង​ឌីជីថល និង​អំពាវនាវ​សុំឱ្យ​មានការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខភាព​សាធារណៈ ការពង្រឹង​និម្មាបនកម្ម​សុខភាព​សកល សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត នាពេល​អនាគត​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។

មេដឹកនាំ​អាស៊ាន និង​លោក Joe Biden បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ពង្រឹង និង​កសាង​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋ​-​អាមេរិក​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដែល​មិនអាច​ខ្វះ​បាន​ចំពោះ​អាស៊ាន និង​សហរដ្ឋ​អាមេរិក ក៏ដូចជា​សម្រាប់​តំបន់ និង​សហគមន៍ អន្តរជាតិ ដោយ​ភាគី​ទាំង ​២ ​អះអាង​ទំនាក់ទំនង​ទាំងនេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​លើកកម្ពស់ និង​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា ភាគី​ទាំង​ ២ ​ប្តេជ្ញា​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​- សហរដ្ឋ​-​អាមេរិក ដែល​ប្រកបដោយ​អត្ថន័យ មាន​ខ្លឹមសារ និង​ផល​ប្រយោជន៍​ទៅវិញទៅមក នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​-​អាមេរិក​លើក​ទី​ ១០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​កម្ពុជា​។

លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា ពហុភាគី​និយម និង​សហប្រតិបត្តិការ​អន្តរជាតិ គឺជា​សសរស្តម្ភ​សំខាន់ ​២ សម្រាប់​ធានា និង​ថែរក្សា​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​តំបន់ និង​សកលលោក ដោយ​លោក​បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ការប្រយុទ្ឋ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ នៅក្នុង​តំបន់​អាស៊ាន ដែល​បាន​បង្ក​បរិយាកាស​អំណោយផល​ដល់​ការបើក​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​នៅ​កម្ពុជា ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​មក​។

លោក ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ដទៃទៀត​បាន​ប្រកាស​គាំទ្រ​ដល់​ការលើក​កម្ពស់​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​ទៅជា​ភាពជា​ដៃគូ​យុទ្ឋសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​បានធ្វើការ​ប្តេជ្ញាចិត្ត​រួមគ្នា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ធានាថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ទាំងអស់ ដែល​បានលើកឡើង​នៅក្នុង​អំឡុងពេល​ ២ ​ថ្ងៃ​នៃ​កិច្ចពិភាក្សា​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ទៅវិញទៅមក​ចំពោះ​ប្រជាជន​អាស៊ាន និង​សហរដ្ឋអាមេរិក ក៏ដូចជា​ចូលរួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​កំណើន​វិបុលភាព​តំបន់​។

លោក​បាន​អះអាង​ឡើងវិញ​អំពី​ជំហរ​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិបត្តិ​អ៊ុយក្រែន​-​រុស្ស៊ី និង​ទទូច​ឱ្យមាន​ការបន្ត​កិច្ចសន្ទនា​នយោបាយ​ទូលំទូលាយ​មួយ ដើម្បី​បញ្ចប់​ភាព​ប្រទូសរ៉ាយ និង​ស្តារ​សន្តិភាព​ឡើងវិញ ដោយ​លោក​បញ្ជាក់ថា កម្ពុជា​គាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ Antnio Guterres ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សធម៌ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៥ ​ឧសភា ថា ខណៈ​អាស៊ាន​បាន​ប្តេជ្ញាចិត្ត​ជាច្រើន​ជុំវិញ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្នុង​ការពង្រឹង និង​រក្សា​សន្តិភាព និង​សន្តិសុខ ថែមទាំង​ប្តេជ្ញា​នឹង​ពង្រីក​ភាពជា​ដៃ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ទៅលើ​វិស័យ​ផ្សេងៗ អាស៊ាន​មិនបាន​បញ្ជាក់​អំពី​ការពង្រឹង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទំនាក់ទំនង​អាស៊ាន​-​អាមេរិក​នេះ ដែល​នេះ​ជាការ​ខ្វះចន្លោះ​មួយ​ដែល​មិនអាច​ធ្វើឱ្យមាន​ក្តីសង្ឃឹម​ខ្លាំងក្លា​ទៅលើ​ការប្រែប្រួល​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​អាស៊ាន​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា អាស៊ាន​ខ្លួនឯង​កន្លងមក​មិន​ហ៊ាន​និយាយ​ជ្រៅ ឬក៏​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ទូលំទូលាយ​នៅក្នុង​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះដែរ​។ ដូច្នេះហើយ​ធ្វើឱ្យ​តំបន់​នេះ [​អាស៊ាន​] គឺ​មានការ​ទន់ជ្រាយ ហើយ​មានការ​ផុយស្រួយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅក្នុង​តំបន់ [​អាស៊ាន​]»៕