ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) បានបញ្ជាក់​ជាថ្មី​ថា ទឹកខ្មៅ​ដែល​នឹងត្រូវ​ប្រើ​សម្រាប់​ជ្រលក់​ម្រាមដៃ​អ្នកបោះឆ្នោត​ឃុំ​សង្កាត់​នាពេល​ខាងមុខនេះ​មានគុណ​ល្អ និង​លុប​មិន​ជ្រះ​ឡើយ ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកបោះឆ្នោត​យ៉ាងពិត​ប្រាកដ​។

ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​សាធារណជន គ.ជ.ប កាលពី​ថ្ងៃទី​ ១៣ ខែឧសភា​នេះ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជូន​ភាគី​ពាក់ព័ន្ធ ក្រោម​ប្រធានបទ ការសាកល្បង​ទឹកខ្មៅ​លុប​មិន​ជ្រះ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញជូន​ដល់​ភាគី​ពាក់ព័ន្ធ​អំពី​ទឹកខ្មៅ​លុប​មិន​ជ្រះ និង​ផ្តល់​ការ​សាកល្បង​គុណភាព​ទឹកខ្មៅ​លុប​មិន​ជ្រះ​សម្រាប់​ជ្រលក់​ម្រាមដៃ​អ្នកបោះឆ្នោត​ជូន​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គមស៊ីវិល​ចំនួន​ ១៧ ​រូប​បានធ្វើ​តេស្ត​សាកល្បង​ដោយ​ជ្រលក់​ទឹកខ្មៅ​ដោយផ្ទាល់ និង​ប្រើប្រាស់​ទឹកអូ​សាវ៉ែល​រូប​ក្បាល​ទា​លុប​វិញ ប៉ុន្តែ​មិនអាច​លុប​ជ្រះ​នោះទេ​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ការធ្វើតេស្ត​រួច​ថា នេះ​មិនមែនជា​លើក​ទី​ ១​ ទេ​ដែល​ប្រើ​ទឹកខ្មៅ​ពី​ប្រទេស​ឥណ្ឌា​ហើយ​ទឹកខ្មៅ​នេះ​ក៏​មិនមែន​ប្រើតែ​នៅ​កម្ពុជា​ដែរ គឺមាន​ប្រើ​នៅ​ប្រទេស​មួយចំនួន​រួចទៅហើយ ដែល​ប្រទេស​ទាំងនោះ​ជា​បទពិសោធ​ទទួលយកបាន​ទាំងអស់​គ្នា​ថា ជា​ទឹកខ្មៅ​ដែលមាន​គុណភាព​។ មិនតែប៉ុណ្ណោះ​ការបង្ហាញ​ទឹកខ្មៅ​លើក​នេះ​មានការ​សាទរ​ពី​តំណាង​គណបក្ស និង​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ពិសោធ​ថា ពិតជា​មាន​គុណភាព​មែន​។

លោក​ថា​៖ «​ការបង្ហាញ​ទឹកខ្មៅ​លុប​មិន​ជ្រះ​នេះ​គឺ គ.ជ.ប បាន​ប្រើប្រាស់​នូវ​រាល់​ការបោះឆ្នោត ហើយ​មតិ និង​ការចូលរួម​របស់​គណបក្ស​នយោបាយ នោះ​ជាការ​ចូលរួម​ប្រកបដោយ​ឆន្ទៈ​ពិតៗ​...​គណបក្សនយោបាយ​លោក​សាទរ​ក្នុងការ​ឃើញ​នូវ​ការបង្ហាញ​របស់ គ.ជ.ប ដោយ​តម្លាភាព​នូវ​ទឹកខ្មៅ​ដែលមាន​គុណភាព​ផលិត​ចេញពី​ប្រទេសឥណ្ឌា​»​។

លោក​បន្តទៀតថា ដោយសារ​ឃុំ​-​សង្កាត់ មានការ​កើនឡើង ដូច្នេះ​ការបញ្ជា​ទិញ​មានការ​កើនឡើង​ទឹកខ្មៅ​គុណ​នឹង​ ២​ ដង ដោយ​ក្នុង​ ១​ ការិយាល័យ​មាន​ទឹកខ្មៅ ២ ​ដប និង​មាន​ការត្រៀម​បម្រុង​នៅ​គណៈកម្មការ​ខេត្ត​​រៀបចំ​ការបោះឆ្នោត​សម្រាប់​បំពេញ​ឱ្យ​តម្រូវការ​ចាំបាច់​។

លោក​ថា​៖ «​ជា​លក្ខណៈ​បច្ចេកទេស​យើង​បានរៀបចំ​ថែ​រក្សាទុក​ទឹកខ្មៅ​ក្នុង​បន្ទប់​យ៉ាង​ល្អប្រសើរ និង​ត្រៀម​ចែកយ​ដឹកជញ្ជូន​ទៅតាម​បណ្តា​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត ដើម្បី​ត្រៀម​បញ្ជូន​ឱ្យដល់​ការិយាល័យ​បោះឆ្នោត​ដែលជា​តួនាទី​របស់ គ.ជ.ប ​»​។

លោក​ថា ក្រោយពី​ការពិសោធ​នេះ គណបក្សនយោបាយ​បានបង្ហាញ​ជំនឿ​ចិត្ត​លើទឹក​ខ្មៅ ហើយ​កំពុង​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ផ្នែក​ផ្សេងៗ​ទៀត ដូចជា​ការសង្កេត​ការណ៍ ការត្រៀមខ្លួន​ចេញទៅ​បោះឆ្នោត ហើយ​នឹង​ត្រៀមខ្លួន​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ផងដែរ​។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ (​និកហ្វិក​) បាន​ថ្លែងថា តាមរយៈ​ការពិសោធ​ទឹកខ្មៅ​លើក​នេះ ពិតជា​មាន​គុណភាព​មែន​បើ​ប្រៀបធៀប​ទៅនឹង​ទឹកខ្មៅ​ពីមុន​។

លោក​ថា​៖ «​ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ​ឃើញថា​គុណភាព​អាច​ទុកចិត្តបាន មិនមែន​ដូច​លើក​មុន គេ​លុប​ទឹកខ្មៅ​ជ្រះ ប៉ុន្តែ​លើក​នេះ​ឃើញថា​គុណភាព​ខ្ពស់ យើង​អាច​ទុកចិត្តបាន​តាមរយៈ​លទ្ធផល​ធ្វើតេស្ត​នេះ​»​។

ទន្ទឹមនេះដែរ ខណៈ​យុទ្ធនាការ​នៃ​ការឃោសនា​បោះឆ្នោត​ខិតជិត​មកដល់ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បង្កលក្ខណៈ​ងាយស្រួល និង​រក្សា​សុវត្ថិភាព​ជូន​ភ្នាក់ងារ​គណបក្ស សកម្មជន​បក្ស​ឱ្យធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី​តាមផ្លូវ​ច្បាប់ ខណៈ​លោក​សង្កេតឃើញថា​ភាពមិនប្រក្រតី​នៅតែ​កើតមាន​។

ជាមួយ​គ្នានេះដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ជ្រួតជ្រាប​អំពី​គោលនយោបាយ និង​កម្មវិធី​របស់​គណបក្ស​នយោបាយ​នីមួយៗ គ.ជ.ប បាន​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុជាតិ​កម្ពុជា​នឹង​ធ្វើការ​ចាក់ផ្សាយ​កម្មវិធី​ស្មើភាព ចាប់ពី​ថ្ងៃទី​ ២១ ខែឧសភា ដល់​ថ្ងៃទី ​៣ ខែមិថុនា ឆ្នាំ​ ២០២២​។

សូមជម្រាប​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ដែល​នឹងមាន​គណបក្ស​នយោបាយ​ចំនួន ១៧ ចូលរួម​ប្រកួត​ប្រជែង​៕