ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ស្នើ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ឱ្យ​បញ្ចុះបញ្ចូល​យ៉ាងណា​កុំ​​ឱ្យមាន​ការភាន់ច្រឡំ​លើ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ខណៈ​លោក​អះអាង​ថា ទំនាក់ទំនង​ប្រទេស​ទាំង​ ២​ ពេលនេះ​បាន​ឈានដល់​កម្រិត​ល្អប្រសើរ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

លោក​ប្រាប់​ទៅ​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក​ដូច្នេះ​នៅក្នុង​ជំនួប​ជាមួយ​លោក ស្កុត ដេវីដ ផាវិន (Scott David Parven) ​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ និង​បញ្ចុះបញ្ចូល​ផ្នែក​ច្បាប់​របស់​អាមេរិក​កាលពី​ថ្ងៃទី​ ១២ ខែឧសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​-​អាមេរិក​ក្នុង​ឱកាស​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា​។

ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់ថា​៖ «​សម្តេច​តេជោ​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​របស់​អាមេរិក​ថា​មាន​កិច្ចការ​មួយចំនួនទៀត​ដែល​ត្រូវធ្វើ​បន្ត​គឺ​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ភាន់ច្រឡំ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។ ​ដូចជា កន្លងមក​អាមេរិក​មានការ​ចោទប្រកាន់​លើ​កំពង់ផែ​រាម​ថា មាន​វត្តមាន​យោធា​ចិន​​ដែលជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​ពិត​​ព្រោះ​កម្ពុ​ជាមាន​គោលជំហរ​ច្បាស់លាស់​​ដោយ​ប្រកាន់​នយោបាយ​អព្យាក្រឹត​អចិន្រៃ្តយ៍​មានចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​កម្ពុជា​គ្មាន​នយោបាយ​ជ្រើសរើស​រវាង​ចិន និង​អាមេរិក​នោះទេ​»​។

លោក​ ហ៊ុន សែន បាន​ប្រាប់​លោក Parven ថា ការផ្អាក​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៧ គឺ​ដោយសារ​កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​ឆ្នាំ​ ២០១៧ ហើយ​កម្ពុជា​ក៏​មិន​មានបំណង​បង្អាក់​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​អាមេរិក​នោះទេ​។

លោក​បន្តថា ការអនុញ្ញាត​ឱ្យ​នាវា​ប្រទេស​នានា​ចូល​ចត​នៅ​កំពង់ផែ​របស់​កម្ពុជា​នា​ពេល​កន្លងមក គឺជា​ការបង្ហាញ​ឱ្យឃើញ​នូវ​ការធ្វើ​ទំនាក់ទំនង​ដោយ​បើកចំហ​របស់​កម្ពុជា​ជាមួយ «​បណ្តា​ប្រទេស​ជា​មិត្ត​»​។

ហ្វេសប៊ុក​លោក​ ហ៊ុន សែន បាន​ដកស្រង់​សម្ដី​លោក Parven ថា កន្លងមក​ក្រុមហ៊ុន​លោក​បានធ្វើការ​ជាច្រើន​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក មាន​ភាពល្អប្រសើរ​។

លោក Parven ត្រូវបាន​ស្រង់​សម្ដី​ថា ក្រុមហ៊ុន​របស់លោក​បាន​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​របស់​អាមេរិក​នៅ​ស្ថាប័ន​សភា​ក៏ដូចជា រដ្ឋាភិបាល​ធ្វើយ៉ាងណា​ឱ្យ​អាមេរិក​យល់​ពី​ជំហរ​របស់​កម្ពុជា​ទាំង​ទំនាក់ទំនង​ទ្វេភាគី ការងារ​អាស៊ាន​ និង​ការងារ​អន្តរជាតិ​ជាពិសេស​គោលជំហរ​របស់​កម្ពុជា​ពាក់ព័ន្ធ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ការប្រែប្រួល​អាកាសធាតុ ពាណិជ្ជកម្ម និង​ការខិតខំ​របស់​កម្ពុជា​ផ្នែក​មនុស្សធម៌​។

ទំព័រ​ហ្វេសប៊ុក​លោក​ ហ៊ុន សែន បាន​ដកស្រង់​សម្ដី​លោក Parven មក​ផ្សព្វផ្សាយ​ថា តាមរយៈ​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សភា​ និង​រដ្ឋាភិបាល​អាមេរិក​នោះ​លោក Parven បាន​គូស​រំលេច​​ថា អ្វីដែល​កម្ពុជា​បានធ្វើ​នាពេល​កន្លង​មកនេះ ជា​រឿង​ដ៏ល្អ ដែល​គួរតែ​អបអរសាទរ និង​ផ្តល់​តម្លៃ​សម្រាប់​កម្ពុជា​។

នៅ​ចំពោះមុខ​លោក Parven នៅក្នុង​ជំនួប​នេះ លោក​ ហ៊ុន សែន បញ្ជាក់ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក នាពេល​បច្ចុប្បន្ន​បាន​ឈានដល់​កម្រិត​ល្អប្រសើរ​មួយ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ​បានឱ្យដឹងថា អ្វីដែល​អាមេរិក​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុជា គឺ​បាន​មាន​ក្នុង​ពេលធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដូចជា​ការជួយ​ឱ្យមាន​ទីតាំង​ស្ថានទូត​ជាក់លាក់ ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

លោក​ ហ៊ុន សែន អះអាងថា ក្នុង​រយៈពេល​ ៤ ​ខែ ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក មាន​កំណើន គួរឱ្យ​សម្គាល់​ទោះបី​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។​ ក្នុងនោះ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក កើនឡើង​ដល់​ទៅ​ ៤៤ ​ភាគរយ​។

លោក​បន្តថា សហរដ្ឋអាមេរិក​បាន​ជួយ​ការអភិវឌ្ឍ​ជាច្រើន​នៅ​កម្ពុជា ដូចជា​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ ការ​ដោះមីន ការបណ្តុះបណ្តាល​ និង​ការផ្តល់​វ៉ាក់សាំង​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​​កូវីដ​ ១៩ ជាដើម​។

ជាមួយ​គ្នានេះ​ផងដែរ លោក ហ៊ុន សែន ក្នុងជំនួប​ដាច់ដោយឡែក​ជាមួយ​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​អាមេរិក​បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ផ្សព្វផ្សាយ​ពី​ការពិត​របស់​កម្ពុជា ខណៈ​លោក​អះអាងថា កម្ពុជា​បាន​រង​នូវ​អយុត្តិធម៌​កើតចេញពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។

ក្នុងជំនួប​ជាមួយ​លោក Michael Petruzzello ស្ថាបនិក​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ Qorvis Communications ​របស់​អាមេរិក​កាល​ថ្ងៃទី ​១២ ខែឧសភា លោក ហ៊ុន សែន ថ្លែងថា ការផ្សព្វផ្សាយ​នូវ​អ្វី​ដែលជា​តថភាព​ជាក់ស្តែង​របស់​កម្ពុជា​គឺជា​រឿង​សំខាន់​ណាស់ ដោយ​ស្ថានភាព​របស់​កម្ពុជា​បច្ចុប្បន្ន មិន​ដូច​អ្វីដែល​លើកឡើង​នៅ​ទំព័រសារព័ត៌មាន​ប្រឆាំងនឹង​កម្ពុជា​ទេ​។

ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​សម្តេច​តេជោ ក៏បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ទស្សនកិច្ច និង​សរសេរ​ការពិត​របស់​កម្ពុជា​»​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​កម្ពុជា​មិន​ចង់ឱ្យ​ផ្សព្វផ្សាយ​នូវ​អ្វីដែល​ហួស​ពី​ការពិត​របស់​កម្ពុជា​នោះដែរ ពោលគឺ​ផ្សាយ​ត្រឹម​ស្ថានភាព​ជាក់ស្តែង​របស់​​កម្ពុជា​តែប៉ុណ្ណោះ​។ ​កម្ពុជា​បាន​រង​នូវ​អយុត្តិធម៌​ច្រើនណាស់ កើតចេញ​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ប្រាសចាក​ពី​សភាព​ពិត​នៅ​កម្ពុជា​»​។

លោក​បន្តថា ស្ថាប័ន​អន្តរជាតិ​មួយចំនួន​តែង​យក​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​មូលដ្ឋាន​ក្នុងការ​វាយតម្លៃ​របស់​ខ្លួន ហើយ​នាំឱ្យ​ការវាយតម្លៃ​មិនបាន​ត្រឹមត្រូវ ព្រោះ​ព័ត៌មាន​ដែល​ស្ថាប័ន​អន្តរជាតិ​ទាំងនោះ​យក​ជា​មូលដ្ឋាន​ជា​ប្រភព​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​។

បើតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន លោក Petruzzello ​ចង់ឃើញ​កម្ពុជា​បង្កើន​ការបណ្តុះបណ្តាល​អ្នកនាំពាក្យ និង​តំណាង​របស់​កម្ពុជា​នៅ​គ្រប់​វិស័យ​ទាំងអស់​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បង្ហាញ​ និង​ឆ្លើយតប​បញ្ហា​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។

លោក​ ហ៊ុន សែន ប្រាប់​លោក Petruzzello​ ថា កម្ពុជា​កំពុង​ជំរុញ​ការបណ្តុះ​បណ្តាល​មន្ត្រី​អ្នកនាំពាក្យ​ឱ្យមាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​ផ្តល់ព័ត៌មាន​ជាក់ស្តែង​ស្តីពី​ការរីកចម្រើន​របស់​កម្ពុជា​​ព្រោះ​ការបណ្តុះបណ្តាល​មន្ត្រី​អ្នក​នាំពាក្យ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ពាំនាំ​ការពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។ យោងតាម​ហ្វេសប៊ុក​​លោក ហ៊ុន សែន លោក Petruzzello បាន​សន្យា​ជួយ​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ​ការពិត​ពី​កម្ពុជា​។

ក្រុមហ៊ុន ​Qorvis Communications បានបញ្ជាក់​លើ​ហ្វេសប៊ុក​ពី​ថ្ងៃទី​ ១៣ ឧសភា ថា ក្នុងជំនួប​ជាមួយ​លោក​ហ៊ុន សែន លោក​ Petruzzello ​បាន​ពិភាក្សា​អំពី​ការផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ និង​ការពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​អ្វី​ដែលជា​ភាពជោគជ័យ​របស់​កម្ពុជា​ចំពោះ​បញ្ហា​ជំងឺ​កូវីដ​ ១៩ និង​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​៕