បាត់ដំបងៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បញ្ជាក់ថា លោក​កំពុង​ធ្វើការ​ជំរុញ​ប្រជាសហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​នៃ​ខេត្តបាត់ដំបង​ឱ្យ​បង្កើន​ការចិញ្ចឹម​សត្វ​បន្ថែម​លើ​ចម្ការ​ដំណាំ​ដែលមាន​ស្រាប់ ជាពិសេស​ការចិញ្ចឹម​សត្វព្រៃ​កម្រ​មួយចំនួន​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។

លោក​ កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែឧសភា ថា ប្រជាសហគមន៍​ក្នុង​តំបន់​ការពារ​នៃ​ខេត្តបាត់ដំបង​មាន​ជីវភាព​ធូរធារ​ល្អប្រសើរ បើ​ប្រៀបធៀប​នឹង​ប្រជាសហគមន៍​ផ្សេងៗ​ទៀត​ក្នុងប្រទេស ដោយសារ​ពួកគាត់​មាន​ដីចម្ការ​ផ្ទាល់ខ្លួន​ដូចជា​ចម្ការ​ទុរេន ចម្ការ​ឈើ​ហូប​ផ្លែ​ផ្សេងៗ និង​ការដាំដុះ​បន្លែ ជាដើម​សម្រាប់​បង្កបង្កើនផល​។ ទោះ​យ៉ាងនេះ​ក្តី លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បញ្ជាក់ថា នឹង​ជំរុញ​ឱ្យ​ពួកគាត់​ធ្វើការ​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

លោក​ថ្លែងថា​៖ «​យើង​កំពុងតែ​ជំរុញ​ឱ្យ​គាត់​ចិញ្ចឹមសត្វ​ ១​ មុខ​ទៀត​ពីលើ​ដំណាំ​។ អ៊ីចឹង​ការបង្កើន​ផល​របស់គាត់ បើ​ប្រៀបធៀប​ទៅនឹង​ទូទាំងប្រទេស​ឃើញថា កម្រិត​របស់​ពួកគាត់​គ្រាន់បើ​ជាងគេ ដោយសារតែ​គាត់​មាន​ដំណាំ​ស្រាប់​។ អ៊ីចឹង​យើង​គ្រាន់តែ​បន្ថែម​ឱ្យ​គាត់​យល់​អំពី​បញ្ហា​ការចិញ្ចឹម​សត្វ​បន្ថែម​ ដើម្បីឱ្យ​គាត់​មានចំណេះដឹង​ផ្នែក​ហ្នឹង ហើយ​យើង​ត្រៀម​នឹង​ស្នើសុំ​ថ្នាក់ដឹកនាំ​ពី​បញ្ហា​ហ្នឹង​សម្រាប់​ឆ្នាំ​ ២០២២​ នេះ​»​។

រដ្ឋបាលខេត្ត​បាត់ដំបង​ឱ្យដឹងថា កាលពី​ថ្ងៃទី​ ១៣ ឧសភា នៅ​ក្រុង​បាត់ដំបង​មាន​រៀបចំ​វេទិកា​ថ្នាក់​តំបន់​លើក​ទី​ ១៣ ស្ដីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រោម​ប្រធានបទ​ស្តីពី​ «​ការបង្កើន​ជម្រើស មុខរបរ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​»​។ វេទិកា​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន​។

អភិបាលខេត្ត​បាត់ដំបង លោក​ សុខ លូ ថ្លែងថា ការរៀបចំ​វេទិកា​នេះ​ឡើង គឺជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ការ​ចូលរួម​ពង្រឹង​តួនាទី​របស់​សហគមន៍ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​អ្នកពាក់ព័ន្ធ ក្នុងការ​ការពារ គ្រប់គ្រង​និង​ខិតខំ​អភិរក្ស​ធនធានធម្មជាតិ​ដើម្បី​បង្កើន ផលប្រយោជន៍​របស់​សហគមន៍​មូលដ្ឋាន​។ វា​ក៏​ជា​ឱកាស​មួយ​ក្នុងការ​ពិភាក្សា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការចែករំលែក​បទពិសោធ និង​ការ​រិះរក​នូវ​គ្រប់​មធ្យោបាយ ដើម្បី​ពង្រីក​ និង​ពង្រឹង​មុខរបរ​សម្រាប់​ការលើក​កម្ពស់​នៃ​ជីវភាព​សហគមន៍​មូលដ្ឋាន​។

លោក​បន្តថា ក្រោម​ការដឹកនាំ​របស់​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែលមាន​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​ជា​សេនាធិការ និង​មានការ​ចូលរួម​កិច្ចសហការ​ល្អ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពី​បណ្តា​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​នោះ សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ​នឹង​រួមគ្នា​ប្ដេជ្ញាចិត្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ការពារ អភិរក្ស​ធនធាន​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ និង​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

លោក ​ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន​ថ្លែងថា ជា​ការពិត គេ​មិនអាច​និយាយ​ពី​ការការពារ​ធនធានធម្មជាតិ​ និង​ការអភិរក្ស​ជីវចម្រុះ​ឱ្យបាន​គង់វង្ស​នោះឡើយ ដរាបណា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​មូលដ្ឋាន ក៏ដូចជា ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ​នៅមានកម្រិត​ទាប​។

លោក​ថា ក្នុងន័យនេះ ក្រសួង​បរិស្ថាន បាននិង​កំពុង​អនុវត្ត​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម ដោយ​ដៃ​ម្ខាង​ផ្ដោតលើ​ការគ្រប់គ្រង ការអភិរក្ស​ធនធាន​ធម្មជាតិ និង ជីវចម្រុះ ដែលមាន​សារៈសំខាន់​ចាំបាច់​ជា​សារវន្ត​ដើម្បី​ធានា​លំនឹង​បរិស្ថាន និង​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង សេដ្ឋកិច្ចសង្គម និង​សុខភាព​សាធារណៈ តាមរយៈ​មុខងារ និង​តួនាទី​នៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​។ ឯ​ដៃ​ម្ខាង​ទៀត ក៏​ផ្ដោតលើ​ការជួយ​ដល់​ការអភិវឌ្ឍ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ការបង្កើត​មុខរបរ តាម​សហគមន៍​គ្រួសារ វា​មិន​ត្រឹមតែ​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​សហគមន៍ និង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្រិត​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ច​គាំពារ​បរិស្ថាន ក្នុង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​នូវ​ជីវចម្រុះ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»៕