ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​កុំឱ្យ​ជឿ​លើ​ការ​ញុះញង់​ ឬ​ការ​ផ្សព្វផ្សាយ​របស់​ជនខិលខូច​មួយចំនួន​ទាក់ទង​នឹង​ការ​បញ្ជូនទៅ​​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស​ដោយ​លោក​បាន​អះអាងថា​បច្ចុប្បន្ននេះ​កម្ពុជា​មិនទាន់​មាន​ការបញ្ជូន​ពលករ​តាម​រដូវកាល​ទៅធ្វើការ​នៅ​បរទេស​ឡើយ​។

លោក អ៊ិត សំហេង បានលើកឡើង​ដូចនេះ បន្ទាប់ពី​មាន​ជនខិលខូច​មួយចំនួន​បាន​ធានា​អះអាងថា ពួកគេ​អាច​បញ្ជូន​ពលករ​ទៅធ្វើការ​តាម​រដូវកាល​នៅក្រៅ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​ ១២ ខែឧសភា​ថា ក្រសួង​បានទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា អាជ្ញាធរ​មូលដ្ឋាន​ថា មាន​ជនខិលខូច​មួយចំនួន​ទាំង​ជនជាតិខ្មែរ និង​បរទេស​ជ្រក​ក្រោម​ស្លាក​សាលា​ភាសា អង្គការ និង​សមាគម​ផ្សេងៗ បាន​ចុះ​ផ្សព្វផ្សាយ​ជ្រើសរើស និង​ប្រមូល​ថវិកា​ពី​ប្រជាពលរដ្ឋ​ដោយ​ធានា​អះអាង​ថា អាច​បញ្ជូន​ទៅ​ធ្វើការ​តាម​រដូវកាល​នៅក្រៅ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។

លោក អ៊ិត សំហេង បានឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា កន្លងមក​ក្រសួង​ក៏​ធ្លាប់​ទទួលបាន​ការស្នើសុំឱ្យ​មាន​កិច្ចសហការ​លើ​ការបញ្ជូន​ពលករ​ទៅធ្វើការ​នៅក្រៅ​ប្រទេស​តាម​រដូវកាល​ផងដែរ ប៉ុន្តែ​ក្រសួង​សង្កេត​ឃើញថា ការបញ្ជូន​ពលករ​ទៅធ្វើ​ការ​តាម​រដូវកាល​នេះ នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​។

លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​​ប្រឈម​ទាំងនោះ មានដូចជា មិនទាន់មាន​យន្តការ​សមស្រប​ និង​ច្បាស់លាស់ ការងារ​មាន​រយៈពេល​ខ្លី ខណៈ​ការចំណាយ​ខ្ពស់​មិន​សមស្រប​នឹង​ប្រាក់ចំណូល​ដែល​ទទួលបាន ហើយ​​លក្ខខណ្ឌ​ការងារ​នៅ​មិនទាន់​ត្រូវបាន​ធានា និង​ការពារ​ដោយ​បទដ្ឋាន​គតិយុត្ត​នៃ​ប្រទេស​ទទួល​នៅឡើយ​»​។

ឆ្លៀត​ក្នុងឱកាស​នេះ​ក្រសួង​ក៏បាន​បញ្ជាក់​សាជាថ្មី​ដល់​ប្រជាពលរដ្ឋ សាធារណជន ក៏​​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មិនទាន់មាន​ការបញ្ជូន​ពលករ​តាម​រដូវកាល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នៅ​​ឡើយ​ទេ ដោយ​ទាមទារ​ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ទទួល លក្ខខណ្ឌ​ការងារ កម្រៃ​សេវា​ដែល​ពលករ​ត្រូវ​ចំណាយ និង​ជាពិសេស​លើ​យន្តការ​នៃ​ការបញ្ជូន ដើម្បី​ទទួលបាន​ឱកាស​ការងារ​សមរម្យ​នៅក្រៅ​ប្រទេស​។

លោក អ៊ិត សំហេង ថា​៖ «​ករណី​មាន​កិច្ចព្រមព្រៀង​លើ​ការបញ្ជូន​ពលករ​ទៅធ្វើ​ការ​តាម​រដូវ​កាល​នៅក្រៅ​ប្រទេស​ជាមួយ​ប្រទេស​ណាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ជូនដំណឹង​ជា​សាធារណៈ​។ ​សូម​បងប្អូន​ប្រជាពលរដ្ឋ សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចៀសវាង​ការចាញ់បោក​ជន​ឆ្លៀតឱកាស និង​ចូលរួម​ផ្សព្វផ្សាយ​បន្ត​»​។

គួរបញ្ជាក់​ផងដែរ​ថា មកទល់​ពេលនេះ ពលករ​កម្ពុជា​ដែល​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស ដោយ​ស្របច្បាប់​សរុប​មាន​ចំនួន​ជាង ​១,៣ ​លាន​នាក់ ក្នុងនោះ​នៅ​ប្រទេស​ថៃ​ចំនួន​ជាង ១,២២ ​លាន​នាក់​, កូរ៉េ​ជិត ៤៦ ​ម៉ឺន​នាក់​, ម៉ាឡេស៊ី​ជាង ២៣ ​ម៉ឺន​នាក់​,​ជប៉ុន​ជាង​ ១១ ​ម៉ឺន​នាក់​, សិង្ហបុរី ៨២១ ​នាក់​, ហុងកុង ២០២ ​នាក់ និង​អារ៉ាប៊ីសាអ៊ូឌីត​ ៤៣ ​នាក់​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​លើកឡើង​ក្នុង​​ថ្ងៃ​ខួប​លើក​ទី​ ១៣៦ ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ​ឧសភា​ថា តាម​ការប៉ាន់ប្រមាណ​ពី​ប្រាក់​បញ្ញើ​ដែល​ពលករ​កម្ពុជា​ធ្វើការ​នៅក្រៅ​ប្រទេស​បាន​ផ្ញើជូន​ក្រុមគ្រួសារ​ក្នុង​ ១ ​ឆ្នាំៗ មាន​ជាច្រើន​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​តាមរយៈ​ទឹកប្រាក់​ទាំងនេះ​បាន​ចូលរួមចំណែក​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច ហើយ​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​ពលករ​កាន់តែ​ប្រសើរឡើង​ផងដែរ​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​​ជាមួយ​ប្រទេស​ជា​ដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និង​ប្រទេស​មួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ពលករ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ទាំងនោះ បង្កលក្ខណ​សម្បត្តិ​ឱ្យ​បងប្អូន​ទទួលបាន​របប​គាំពារ​សង្គម​ទាំង​បច្ចុប្បន្ន និង​ពេលដែល​វិលត្រឡប់​មកវិញ​»៕

វីដេអូ៖