ភ្នំពេញៈ រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដោយ​ខ្លួនឯង​ឱ្យ​កាន់តែ​សកម្ម និង​មានការ​ទទួលខុសត្រូវ​បន្ថែមទៀត​លើ​ការដាំដុះ​ដំណាំ ការចិញ្ចឹម​សត្វ ក៏ដូចជា​ការប្រកបរបរ​រក​ទទួលទាន​ប្រចាំថ្ងៃ ត្រូវ​គិតពី​កត្តា​សុខភាព​ចម្បង​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ស្បៀង កម្រិតជីវភាព និង​ការអភិវឌ្ឍ​។

លោក​បាន​ថ្លែង​ដូចនេះ​នៅ​ថ្ងៃទី​ ១៥ ខែឧសភា ក្នុងពេល​ចុះ​បេសកកម្ម​ការងារ​នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដោយ​លោក​បាន​បញ្ជាក់ថា សុខភាព​ជា​កត្តា​ចម្បង សម្រាប់​ការសិក្សា​រៀនសូត្រ ការរក​ទទួលទាន ការចូលរួម​សកម្មភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សុភមង្គល​ក្នុង​គ្រួសារ​។

លោក វេង សាខុន បាន​ណែនាំ​ថា​៖ «​បងប្អូន​ត្រូវខិតខំ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដោយ​រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត និង​ត្រូវ​បន្ថយ​ ៣ គឺ​បន្ថយ​ខ្លាញ់ ផ្អែម និង​ប្រៃ និង​ត្រូវ​បង្កើន​ការហាត់​ប្រាណ​ឱ្យ​ទៀងទាត់​»​។

ទាក់ទង​នឹង​បញ្ហា​សុខភាព​នេះដែរ លោក​ មាស ពិសិដ្ឋ អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ និង​ជា​នាយក​កម្មវិធី ASPIRE ធ្លាប់​បានស្នើ​កាល​ថ្ងៃទី​ ១២ ​ឧសភា ឱ្យ​មន្ត្រីជំនាញ​ផ្នែក​វិភាគ​គុណភាព​បន្លែ និង​ផ្លែឈើ​ក្នុង​ខេត្ត​ចំនួន​ ២៤ ត្រូវយក​ចិត្ត​ទុកដាក់​លើ​ការធ្វើ​តេស្ត​រក​សំណល់​ថ្នាំកសិកម្ម​នៅលើ​បន្លែ ផ្លែឈើ ដោយ​ត្រូវ​វាយតម្លៃ​ប្រកបដោយ​វិជ្ជាជីវៈ​។

ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ «​ការប្រើប្រាស់​សម្ភារ​ពិសោធន៍​ (Testing kits) និង​ការវិភាគ​គុណភាព​បន្លែ និង​ផ្លែឈើ​» ​នៅ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​សុវត្ថិភាព​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកណ្តាល​។

លោក​ មាស ពិសិដ្ឋ បាន​ថ្លែងថា ការធ្វើតេស្ត​រក​សំណល់​ថ្នាំ​កសិកម្ម​នៅលើ​បន្លែ ផ្លែឈើ និង​ការវិភាគ​គុណភាព​បន្លែ និង​ផ្លែឈើ គឺ​ពិតជា​មាន​សារៈសំខាន់ និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់ ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ ហើយ​ទាំងអស់គ្នា​ត្រូវធ្វើ​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រកប​ទៅដោយ​កិត្តិយស​។

លោក​បាន​បន្ថែមថា​៖ «​នៅពេល​យើង​ទាំងអស់​គ្នា បរិភោគ​ចំណីអាហារ​មិនល្អ បរិភោគ​ចំណីអាហារ​ដែល​គ្មាន​អាហារូបត្ថម្ភ​ធ្វើឱ្យប៉ះពាល់​នូវ​សុខភាព​របស់​យើង​ទាំងអស់​គ្នា ដូចជា ស្គមស្គាំង មិន​លូតលាស់ ប្រាជ្ញា​ស្មារតី​មិនល្អ​ធ្វើឱ្យ​យើង​មិនអាច​កសាង​ជីវភាព​គ្រួសារ​បានល្អ​។ ​នៅពេលដែល​យើង​ចាស់​ទៅ​​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ជាច្រើន​»​។

លោក​បាន​បន្តថា នៅពេល​ដែល​គ្រប់គ្នា​បរិភោគ​ចំណីអាហារ​ដែលមាន​អាហារូបត្ថម្ភ​ល្អ​ធ្វើឱ្យមាន​សុខភាព​ល្អ ប្រាជ្ញា​ស្មារតី​ពូកែ និង​ជួយ​ឱ្យ​ប្រទេស​ជាតិ​មាន​ធនធាន​ល្អជា​ច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ផងដែរ​។

ចំណែក​លោក ប៊ុនទួន ស៊ីម៉ូណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​អនុកម្មវិធី​ ASPIRE ​ប្រចាំខេត្ត​កណ្ដាល​បានឱ្យដឹង​ដែរ​ថា វគ្គបណ្ដុះ​បណ្ដាល​នេះ​មាន​គោលបំណង​គាំទ្រ​ខ្សែចង្វាក់​ផលិតកម្ម​បន្លែ​សុវត្ថិភាព បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​ផលិតករ ក្រុមហ៊ុន​ប្រមូល​ទិញ និង​ធានា​សុវត្ថិភាព​ជូន​​អតិថិជន និង​អ្នក​បរិភោគ​ផងដែរ​៕