ភ្នំពេញៈ​ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ថ្លែង​ឲ្យ​ដឹងថា​និវត្តជន និង​អតីតយុទ្ធជន​សុទ្ធតែជា​អ្នក​ដែល​បាន​ចូលរួមចំណែក​ដើម្បី​បញ្ចប់សង្គ្រាម​នាំមក​នូវ​សន្តិភាព​។ ជាការ​លើកស្ទួយ​វិស័យនេះ រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ប្រមាណ​ ៣០០​ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ សម្រាប់​និវត្តជន​ស៊ីវិល និង និវត្តជន​អតីតយុទ្ធជន​សរុប​ជាង​១០​ម៉ឺន​នាក់ រួម​នឹង​អ្នករស់នៅ​ក្នុងបន្ទុករ​បស់​ពួកគាត់​ចំនួន ប្រមាណ​ជាង​១៥​ម៉ឺន​នាក់​។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តជន​ស៊ីវិល​ចំនួន ១ ៦០៥​នាក់ និង​និវត្តជន​អតីតយុទ្ធជន ចំនួន ១ ៤៤៧​នាក់ នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា​នេះ​។

លោក ស ខេង បាន​ឲ្យ​ដឹងថា ការផ្តល់ជូន​នេះ​ធ្វើឡើង​តាមរយៈ ដោយ​បើក​ផ្ដល់​តាម​ប្រព័ន្ធ​ធនាគារ​ដៃ គូ​នៅ​ទូទាំង​២៥ រាជធានី ខេត្ត​។ លោក​ថា រាជរដ្ឋាភិបាល​ក៏បានផ្តល់​ប្រាក់​វិភាជន៍​គ្រួសារ ប្រាក់​បំណាច់​ឧបត្ថម្ភ​គ្រួសារ និង​កូន​ប្រចាំខែ​ដូច​ប្រាក់​វិភាជន៍ គ្រួសារ​ប្រចាំខែ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។ លើសពីនេះ រាជរដ្ឋាភិបាល​បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ​ចំនួន ៥​ម៉ឺន​រៀល និង​បាន​កែប្រែ និង​ដំឡើង​របប​សន្តិសុខ​សង្គម ប្រចាំខែ​ជូន​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ដែល​ទាប​បំផុត​ឲ្យ ដល់​ចំនួន ៨០​ម៉ឺន​រៀល​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ​។

លោក ស ខេង បាន​ឲ្យ​ដឹង​ទៀតថា រាជរដ្ឋាភិបាល បានដាក់​ចេញ និង​អនុវត្ត​គោលនយោបាយ​លើកស្ទួយ​វិស័យ​និវត្តជន​ស៊ីវិល និង​និវត្តជន អតីតយុទ្ធជន រួមមានៈ​ការផ្តល់​សម្បទា​ន​ដី​សង្គមកិច្ច ការផ្តល់ប្រាក់​បេឡា​មរណៈ​សង្គ្រោះ ការផ្តល់ប្រាក់​ធានារ៉ាប់រង​សង្គម ប្រាក់​បូជាសព និង​ប្រាក់ឧបត្ថម្ភ​មួយ​លើកដំបូង ការបង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ការកសាង​ផ្ទះ​ជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ គោលការណ៍​ប្រឡងប្រណាំង ៣​ល្អ ការបង្កើត​គណៈកម្មកា​រ​អភិវឌ្ឍន៍​សហគម​ន៍​អតីត យុទ្ធជន​តាម​មូលដ្ឋាន និង ការបង្កើត​សមាគម​មនុស្ស​ចាស់​សម្រាប់​ប្រជាជន​ទូទៅ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​បន្តថា ថ្វីត្បិតតែ​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​លើ​វិស័យ សុខុមាលភាព​និវត្តជន​ស៊ីវិល និង​និវត្តជន​អតីតយុទ្ធជន​យ៉ាងណាក៏ដោយ ក៏​បងប្អូន​និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន នៅមាន​ឧបសគ្គ​ជាច្រើន ទៀត​ដែល​ទាមទារ​ត្រូវតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​បន្តបន្ទាប់​ទៀត​។ លោក​បាន​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍ និង​សប្បុរសជន​ទាំងឡាយ ចូលរួម​ជំរុញ​កិច្ចការ​លើកស្ទួយ​សុខុមាលភាព និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន​ឱ្យមាន​ជីវភាព​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

លោក​ថ្លែងថា​៖«​យើង ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​សេវា បណ្តុះបណ្តាល ជំនាញ​ជាដើម ដើម្បីឱ្យ​បងប្អូន​និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន ទទួលបាន នូវ​សមត្ថភាព និង​លទ្ធភាព​ដើម្បី​អភិវឌ្ឍន៍​ជីវភាព​ឲ្យ​កាន់តែ​ល្អ ប្រសើរឡើង​បន្ថែមទៀត​»។

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ក្រោយពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបាន​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ កម្លាំង​ដែល​នៅ​សេសសល់ បាន​ទៅ​ប្រមូលផ្តុំ​ដើម្បី​តស៊ូ​ប្រឆាំង និង​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ប៉ុនប៉ង​នាំ​របប​ប្រល័យពូជសាសន៍​នេះ​វិលត្រឡប់​មកវិញ​។ បងប្អូន​និវត្តន៍ និង​អតីតយុទ្ធជន ទាំងអស់​ដែល​បានសម្រេច​ចិត្ត ដើម្បី​ចូលរួម​តស៊ូ ក្នុងការ​ទប់ស្កាត់​ប្រឆាំង និង​ការវិល​ត្រឡប់មកវិញ នៃ​របប​ប៉ុលពត របប​ប្រល័យពូជសាសន៍ ហើយ​និង​ចូលរួម​ដើម្បី​បញ្ចប់សង្គ្រាម កសាង​សន្តិភាព នោះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​បញ្ជាក់​អំពី​ទឹកចិត្ត​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ​ច្បាស់លាស់​របស់​បងប្អូន ហើយ​អាច​និយាយបានថា​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃនេះ​គឺ​មិនបាន​កាត់ថ្លៃ​បាន​នូវ​គុណ​នូវ​សក្ការ​របស់​អស់លោក លោកស្រី ដែលជា​មន្ត្រី​ចូលនិវត្តន៍ ហើយ​ជា​អតីតយុទ្ធជន​នោះទេ​។​

លោក​ថ្លែងថា​៖ «​សមិទ្ធផល​ដែល​យើង​មាន​ថ្ងៃនេះ​គឺ​មិនអាច មិន​រំឭក​ដល់​គុណបំណាច់​របស់​អស់លោក លោកស្រី​ទាំងអស់​នោះបានទេ នេះ​គឺជា​សច្ចធម៌​ជាក់ស្តែង អ៊ីចឹង​ហើយ​បានជា​ការឆ្លើយតប រាជរដ្ឋាភិបាល​ដែល​កើតចេញពី​គណបក្ស​ប្រជាជន​ត្រូវតែ​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ កន្លងទៅ ក៏​ដូច​បច្ចុប្បន្ននេះ យើង​មាន​គណៈកម្មការ ឬ​មាន​យន្តការ​នានា​ជាច្រើន ដើម្បី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ ហើយ​ហ្នឹង​យើង​បន្តធ្វើ​បញ្ហា​នេះ​តទៅទៀត​»​។​

លោ​កស ខេង បាន​លើកឡើងថា ការប្រើ​ពាក្យ​ថា​អ​តី​យុទ្ធជន មានន័យថា​បងប្អូន​យុទ្ធជន​ខ្លះ​ដែល​មិនទាន់​ចូលនិវត្តន៍ ប៉ុន្ដែ​ដោយសារ​ពិការ​បាត់បង់ កាយសម្បទា​វិជ្ជាជីវៈ​ទើប​មិនអាច​បន្ត​ធ្វើជា​យុទ្ធជន​កងទ័ព ឬក៏​ជា​នគរបាល​បាន​ទៀតហើយ​ត្រូវតែ​សម្រាក ប៉ុន្តែ​ខុសពី​យោធា​ចូលនិវត្តន៍ បានន័យថា​គាត់​នៅមាន​កាយសម្បទា​គ្រប់​គ្រាន់តែ​អាយុ​ត្រូវ​ដល់​ឆ្នាំ​ដែល​ត្រូវ​ចូលនិវត្តន៍​។ ចំណែក​មន្ត្រីរាជការ​ស៊ីវិល​ក៏​ដូចគ្នា មាន​មន្ត្រីរាជការ​ស៊ីវិល​ខ្លះ​ដែល​បាន​បាត់បង់​សមត្ថភាព​លកម្ម​ដោយ​កាយសម្បទា​វិជ្ជាជីវៈ ក៏​សម្រាក​មុនពេល​ចូលនិវត្តន៍​៕