កោះកុងៈ អាជ្ញាធរ​ស្រុក​គិរីសាគរ​នៃ​ខេត្តកោះកុង ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ​បានចេញ​ល្បាត ​និង​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ​និង​អ្នកទេសចរ ​ដែល​ធ្វើដំណើរ​ទៅ​លេង​កោះស្តេច​ កុំឱ្យ​ចោល​សំរាម​នៅតាម​ឆ្នេរ ​ឬ​ចូល​សមុទ្រ​ ដែល​នាំឱ្យ​ប៉ះពាល​ដល់​បរិស្ថាន ​និង​បាត់បង់​សោភណភាព។

អាជ្ញាធរ​ស្រុក​គិរីសាគរ ​ដែល​ដឹកនាំ​ដោយ​អភិបាលរង​ស្រុក​លោក​ទួន ឪទី ​បាន​សហការ​ជាមួយ​សហគមន៍​នេសាទ​សម្រស់​កោះស្តេច ​អាជ្ញាធរ​ភូមិ ​ឃុំ ​យុវជន​កាយរឹទ្ធិ​កម្ពុជា ​យុវជន​កាកបាទ​ក្រហម​កម្ពុជា ​បានចេញ​ល្បាត ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ​អ្នកទេសចរ​កុំឱ្យ​គាត់​ចោល​សំរាម​តាម​ឆ្នេរ ​និង​ចូល​សមុទ្រ​បន្ត​ទៀត។ បន្ថែម​ពី​នេះ ​ក្រុម​ការងារ​ទាំងនេះ ​ក៏បាន​ជិះ​ទូក​ប្រមូល​សំរាម​ដែល​អណ្តែត​លើ​ផ្ទៃទឹក​សមុទ្រ ​ព្រមទាំង​សម្អាត​អនាម័យ​បរិស្ថាន​ក្នុង​ភូមិ​កោះស្ដេច ​ឃុំ​កោះស្ដេច ​ស្រុក​គិរីសាគរ ​ខេត្ត​កោះកុង​ផង​ដែរ។

មេឃុំ​កោះ​ស្តេច ​លោក​សុខ ចេង ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ថា ​រដ្ឋបាល​ស្រុក​សហការ​គ្នា​ជាមួយ​ឃុំ ​ដោយ​ដាក់​ចេញ​គោល​ការណ៍​ផ្សព្វផ្សាយ ​និង​សម្អាត​បរិស្ថាន​ឱ្យបាន ​២ ដង​ ក្នុង​ ១ ខែ ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង។

លោក​ប្រាប់ថា​៖«ព្រោះ​បច្ចុប្បន​យើង​ទទួលបាន​ឡ​ដុត​សំរាម​មួយ ​និង​រទេះ​ដឹក​សំរាម​នៅលើ​កោះ​ស្តេច។ អ៊ីចឹង​យើង​ត្រូវ​ធ្វើសកម្មភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ​ឱ្យ​គាត់​បានយល់​ដឹង​ពី​បញ្ហា​សំរាម​ និង​អនាម័យ។ ព្រោះ​ពី​មុន​យើង​អត់​មាន​ឡ​ដុត​សំរាម​ទេ ​ហើយ​ពលរដ្ឋ​មួយចំនួន​គាត់​ទុក​ដាក់​សំរាម​ដោយ​ខ្លួន​ឯង ​ហើយ​គ្រួសារ​គាត់​ទុក​ដាក់​ត្រឹម​ត្រូវ​ដោយ​យក​ទៅ​ដាក់​នៅ​គំនរ​សំរាម។ ប៉ុន្តែ​គ្រួសារ​ខ្លះ​គាត់​យក​សំរាម​ទៅ​ចោល​ពាស​វាល​ពាស​កាល ​ចូល​សមុទ្រ​ជាដើម»។

លោក​បានឱ្យ​ដឹងថា ​កន្លង​មក​អាជ្ញា​ស្រុក​ក៏ធ្លាប់​ធ្វើ​យុទ្ធនាការ​នេះ​ដែរ​ ប៉ុន្តែ​ដោយសារ​កូវីដ ​ក៏​បានផ្អាក​មួយរយៈ​ ហើយ​ចាប់ផ្តើម​ឡើងវិញ ​បន្ទាប់ពី​ទទួលបាន​ឡ​ដុត​សំរាម​ពី​ក្រសួង​បរិស្ថាន ​និង​បានដំឡើង​ឡ​ដុត​នេះ​រួច​រាល់​ក្នុង​រង្វង់​១ខែ​នេះ។ លោក​បន្តថា ​បច្ចុប្បន្ន ​អាជ្ញាធរ​មិនទាន់​កំណត់​តម្លៃ​សេវា​ប្រមូល​សំរាម​នៅ​ឡើយ​ទេ ​ដោយ​មាន​ក្រុមហ៊ុន​ឯកជន​ជួយ​ប្រមូល​សំរាម​យក​ទៅ​ដុត​ចោល​រយៈពេល​ ២​ ទៅ​ ៣ខែ ​ដោយ​ឥត​គិត​សេវា​ពី​ពលរដ្ឋ​ទេ។

លោក​ថា​៖«ប៉ុន្តែ​ក្រោយ​ពី​រយៈពេល​នេះ​ អាជ្ញាធរ​នឹង​រៀបចំ​ចាត់ចែង​ខ្លួនឯង ​ហើយ​បើ​មាន​ក្រុមហ៊ុន​ឯកជន​ដេញ​ថ្លៃ​ក្នុង​ការទទួល​បន្ទុក​ប្រមូល​សំរាម​នេះ ​ក្នុង​នាម​ជាអាជ្ញាធរ ​ពេញ​ចិត្ត​ក្នុង​ការដេញ​ថ្លៃ ​ប៉ុន្តែ​បើសិន​អត់​មាន​ក្រុមហ៊ុន​ដេញ​ថ្លៃ​ទេ ​គឺ​ធ្លាក់​លើ​អាជ្ញាធរ​ជាអ្នក​រៀបចំ»។

បើ​តាម​លោក​សុខ ចេង ​មូលហេតុ​ដែល​ពលរដ្ឋ​បោះចោល​សំរាម​ ដោយសារ​ផ្ទះ​ពលរដ្ឋ ​៤០ ភាគរយ ​រស់នៅ​លើ​ទឹកសមុទ្រ ​មួយវិញ​ទៀត​ ការផ្សព្វផ្សាយ​របស់​អាជ្ញាធរ ​នៅ​មាន​កម្រិត។ ដោយសារ​ពួកគាត់​មួយចំនួន​ជាពិសេស​អ្នក​នេសាទ ​នៅពេល​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​បញ្ហា​អនាម័យ ​បរិស្ថាន ​គាត់​មិនបាន​ចូល​រួម។ មួយ​ទៀត​ការ​យល់​ដឹង​របស់​ពលរដ្ឋ​មួយចំនួន​ពាក់ព័ន្ធ​បញ្ហ​សំរាម​នៅ​មាន​តិច​តួច។ ជាការគិត​របស់​អាជ្ញាធរ ​ក្នុង​ទិសដៅ​ខាង​មុខ​ទាក់ទង​សំរាម​នេះ ​អាជ្ញាធរ​នឹង​កោះអញ្ជើញ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រួម​កម្មវិធី​ផ្សព្វផ្សាយ​សំរាម​ជា​លើក​ទី១ ​ឬ​អាច​ជាលើក​ទី២ ​ដើម្បី​ឱ្យគាត់​បាន​យល់​ដឹង។

លោក​បញ្ជាក់ថា​៖«ខ្ញុំ​ជឿថា ​ក្រោយពី​ផ្សព្វផ្សាយ​នេះ ​ទោះ​មិនបាន​ ១០០ភាគរយ ​ក៏​ពលរដ្ឋ​ចូលរួម​ ៧០ ​ទៅ​ ៨០ ភាគរយ ​ដែល​ឈប់​ចោល​សំរាម​ទៅ​ក្នុង​សមុទ្រ»។

លោក​ស៊ន ស្រិញ ​អាយុ​ ៣៤ ឆ្នាំ ​ជាពលរដ្ឋ​រស់នៅ​លើ​កោះស្តេច​នេះ ​និយាយថា​ នៅ​លើ​កោះស្តេច​នេះ​ពីមុន​មក​មិនមាន​ប្រព័ន្ធ​គ្រប់គ្រង​កាក​សំណល់​ទេ ​ទើប​ធ្វើឱ្យ​មាន​ពលរដ្ឋ​បោះ​ចោល​សំរាម​រាយ​ប៉ាយ​មិន​ថា​នៅ​លើ​គោក​ និង​ក្នុង​ទឹក។ យ៉ាង​ណាមិញ​លោក ​បានសម្តែង​ការសាទរ​ចំពោះ​ការផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ស្រុក ​និង​ដៃគូ​ផ្សេង​ទៀត​ ក្នុង​ការបំផុស​បំផុល​ប្រជាពលរដ្ឋ​ឱ្យចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ។ លោក​ថា ​តាមរយៈ​ការអប់រំ​នេះ​ ពលរដ្ឋ​នឹង​ទទួល​បាន​ចំណេះ​ដឹង​បន្តិច​ម្តងៗ​ ដែល​អាចកាត់​បន្ថយ​ការចោល​សំរាម​ពាសវាល​ពាសកាល​ ហើយ​រួម​ចំណែក​ដល់​បរិស្ថាន​ផង​ដែរ។

លោក​ថា​៖«មួយ​រយៈ​ចុងក្រោយ​ នេះ​បន្ទាប់​អាជ្ញាធរ​ស្រុក​ ឃុំ​ សហការ​គ្នា​បានល្អ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ អ៊ីចឹង​ខ្ញុំ​គិត​ជាវិជ្ជមាន​ថា ​ពលរដ្ឋ​នឹង​ចូលរួម ​ក្នុង​ការទុកដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ ​ហើយ​កាត់បន្ថយ​ការចោល​សំរាម​ចូល​សមុទ្រ។ ខ្ញុំ​ឃើញ​ជាក់ស្តែង ​ពី​មុនមក​ឃើញ​គាត់​ចាក់​សំរាម​ចូល​ទឹក​ច្រើន ​ទាល់តែ​ខ្សែទឹក​ហូរ​ទៅ​អស់​បាន​អស់​សំរាម ​ប៉ុន្តែ​ឥឡូវ​កាត់​បន្ថយខ្លះ​ហើយ»។

លោក​បញ្ជាក់ថា ​តាមពិត​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏ចង់​បាន​ភូមិ​ឋាន​ស្អាត​ដែរ ​ដើម្បី​អនាម័យ ​មាន​ភ្ញៀវទេសចរ ​និង​បង្កើន​ចំណូល ​ប៉ុន្តែ​ដោយសារ​កន្លងមក​ពុំ​មាន​កន្លែង​ដាក់​សំរាម ​ដូចនេះ​ទើប​ពលរដ្ឋ​មិនមាន​ជម្រើស។

លោក​សុខ ចេង ​មេឃុំ​កោះស្តេច ​ឱ្យដឹងថា ​ដោយសារ​នៅ​លើ​កោះស្តេច​មាន​កំណើន​ពលរដ្ឋ ​និង​ភ្ញៀវទេសចរ​ ទើប​ធ្វើឱ្យ​មាន​កំណើន​សំរាម ​ដោយ​ក្នុង​១ថ្ងៃ​មាន​សំរាម​មិន​ក្រោម​មួយ​តោន​នោះ​ទេ។ បច្ចុប្បន្ន​ ពលរដ្ឋ​ដែល​រស់​នៅ​លើ​កោះ​ស្តេច​មាន​ជាង​៦០០គ្រួសារ ​បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​មាន​ជាង​ ២៩ ០០០នាក់៕