ព្រះវិហារៈ សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​ ១៣ ខែឧសភា ឆ្នាំ​ ២០២២ បាន​ចុះ​ដកហូត​ដី​ទំហំ ២៣,៤ ​ហិកតាដែល​ជាដីសម្បទានសេដ្ឋកិច្ច​​របស់​រដ្ឋពី​បុគ្គល​ឈ្មោះ ជា សេងគន តាម​អំណាច​សាលក្រម​សាលា​ដំបូង​ខេត្តព្រះវិហារ ក្រោយពី​បុគ្គល​រូបនេះ​បាន​ចូលទៅកាន់​កាប់​ដោយ​ខុសច្បាប់​នាពេល​កន្លងមក​។

ក្នុង​អំឡុងពេល​ចុះ​អនុវត្ត​សាលក្រម​នោះ ក្រុម​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ៣ ​នាក់​ផងដែរ ក្រោយពី​រកឃើញ​មានការ​លួច​ស្ដុក​ឈើ​ខុសច្បាប់​​មួយចំនួន​ធំ​។ ​នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​សមត្ថកិច្ច​ពាក់ព័ន្ធ​។

លោក ស៊ុំ ស៊ីវត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ១៦ ខែឧសភា ថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ខាងលើនេះ រួម​​មាន ឈ្មោះ គង់ ហេង អាយុ​ ៥៤ ​ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​តាត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​,​ឈ្មោះ​ សូ ធូ អាយុ​ ២១ ​ឆ្នាំ និង​ឈ្មោះ ហេង ចំរើន អាយុ​ ១៣ ​ឆ្នាំ ដែល​អ្នក​ទាំង​ ២ មាន​លំនៅ​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

លោក​បាន​បញ្ជាក់ថា​៖ «​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ខាងលើ​នេះ​បាន​ធ្វើឡើង​ ក្រោយពី​សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​រកឃើញ​ការ​លួចលាក់​សន្និធិផល​ និង​អនុផល​ព្រៃឈើ​ខុសច្បាប់​ជាច្រើន​ម៉ែត្រគុប​លើ​ទីតាំង​ដី​ដែល​បុគ្គល​ឈ្មោះ ជា សេងគន បាន​កាន់កាប់​ដោយ​ខុសច្បាប់​លើដីក្រុមហ៊ុន​ចម្ការកៅស៊ូ​មេគង្គ ខូអិលធីឌី ហើយ​ឃើញ​វត្តមាន​ជនសង្ស័យ​ទាំង​ ៣ ​ស្នាក់នៅ​ទីនោះ​»​។

បើតាម​លោក ស៊ីវត្ថា ឈើ​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​នោះ​ជា​ប្រភេទ​ឈើ​លេខ​ ១ (​ឈើត្រសេក​)​ ចំនួន​ ១០៦ ​កំណាត់​ស្មើនឹង​ជិត​ ៦ ​ម៉ែត្រគុប​។ បច្ចុប្បន្ន​ឈើ​ទាំងនោះ​កំពុង​ត្រូវបាន​រក្សា​ទុកជា​បណ្ដោះអាសន្ន​ក្នុង​បរិវេណ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​រវៀង​។ ​ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ករណី​សន្និធិផល​ និង​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​។

ជុំវិញ​ករណីនេះ លោក គឹម សំលេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ១៦ ខែឧសភា​ថា ក្នុងពេល​អនុវត្ត​សាលក្រម​របស់​សាលាដំបូង​ខេត្តព្រះវិហារ​នា​ថ្ងៃនោះ​សមត្ថកិច្ច​ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ខាង​​លើ​នេះ​មែន ដោយសារ​ពួកគាត់​បាន​ទៅ​ស្នាក់នៅ​ក្នុង​រោង​ស្តុក​ឈើ​របស់​បុគ្គល​ឈ្មោះ ជា សេងគន ដែល​ជាប់​ពិរុទ្ធភាព​ក្នុង​បទល្មើស​រំលោភ​កាន់កាប់​អចលនទ្រព្យ​របស់​អ្នកដទៃ​ដោយ​ខុសច្បាប់​។

យ៉ាងណាក្ដី លោក​បាន​អះអាង​ថា អ្នក​ទាំង​ ៣ ​នាក់​នោះ​ត្រូវបាន​តុលាការ​ដោះលែង​ឱ្យ​ត្រឡប់​ទៅ​បំពេញ​ការងារ​របស់​ពួកគេ​វិញ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​ ១៤ ខែឧសភា ក្រោយពី​សាក​សួររក​មិនឃើញ​ធាតុ​ផ្សំ​នៃ​​បទល្មើស​ដោយ​ពួកគាត់​បាន​ប្រាប់ថា ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ ​និង​ជា​អ្នកដាំបាយ​ឱ្យ​កម្មករ​ក្រុមហ៊ុន​ចម្ការកៅស៊ូ​មេគង្គ ខូអិលធីឌី ហើយ​បាន​ទៅ​ដេក​លេង​នៅ​ទីនោះ ព្រោះ​ឃើញ​រោង​ស្តុក​ឈើ​គ្មាន​មនុស្ស​នៅ​។

លោក សំលេង បានបញ្ជាក់​​ថា​៖ «​តុលាការ​បានសម្រេច​ដោះ​លេង​ជនសង្ស័យ​ទាំង ​៣ ​ឱ្យ​ត្រឡប់​ទៅវិញ ក្រោយ​រកឃើញថា ពួកគាត់​មិនជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​សន្និធិ​ផល​ និង​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នេះ​»​។

បើតាម​លោក សំលេង នៅពេលនេះ សមត្ថកិច្ច​នគរបាល​យុត្តិធម៌​កំពុង​បន្ត​ស្រាវជ្រាវ​ និង​ស្វែងរក​ចាប់ខ្លួន​បុគ្គល​ឈ្មោះ ជា សេងគន ដើម្បី​យកមក​អនុវត្ត​ទោស​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក យុត ពន្លឺ ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​ខេត្តព្រះវិហារ​ចុះ​ថ្ងៃទី​ ៥ ខែ​​ឧសភា ឆ្នាំ​ ២០២២ បន្ទាប់ពី​សាលក្រម​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ លេខ​ ០២ «​ក​» ចុះ​ថ្ងៃទី ១១ ខែមករា ឆ្នាំ​ ២០២២ ចូល​ជា​ធរមាន​។ តាមរយៈ​សាលក្រម​កំបាំងមុខ​នោះ បុគ្គល​ឈ្មោះ ជា សេងគន ត្រូវបាន​លោក​ចៅក្រម យុត ពន្លឺ សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ ១៨ ​ខែ​ពីបទ​ «​រំលោភ​កាន់កាប់​អចលនវត្ថុ​ដោយ​ប្រើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ប្រព្រឹត្ត​នៅ​ភូមិ​ជីអោក ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ​។

កាសែតភ្នំពេញប៉ុស្ដិ៍មិនអាចទាក់​ទងតំណាង​ក្រុមហ៊ុន​ចម្ការកៅស៊ូ​មេគង្គ ខូអិលធីឌី បាន​ទេ​​ កាលពីថ្ងៃម្សិលមិញ​៕