ភ្នំពេញៈ ​មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​គាំទ្រ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំពោះ​ការទទួលស្គាល់​ទៅវិញទៅមក​នូវ​វិញ្ញាបនបត្រ​ ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដែល​ត្រូវបាន​ឯកភាព​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ដែល​ធ្វើឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​ ១៤ ខែឧសភា ឆ្នាំ​ ២០២២ កន្លង​ទៅនេះ​។

យោងតាម​វេបសាយ The Star បានឱ្យ​ដឹងថា ប្រទេស​អាស៊ាន​បាន​ព្រមព្រៀង​ទទួលស្គាល់​​គ្នា​ទៅវិញទៅមក​នូវ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង Covid-19 ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ប្រកប​ដោយ​សុវត្ថិភាព និង​រលូន​។

អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី លោក Datuk Aaron Ago Dagang បាន​ថ្លែងថា ការព្រមព្រៀង​នេះ​ត្រូវបាន​ឯកភាព​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន កាលពី​ចុងសប្តាហ៍​មុន​។

តាម​ការដកស្រង់​របស់​ The Star លោក Datuk Aaron Ago Dagang បាន​បញ្ជាក់ថា៖ «​ការទទួលស្គាល់​នឹងត្រូវ​បាន​អនុវត្ត​ជាមួយនឹង​យន្តការ​ផ្ទៀងផ្ទាត់​ជា​សកល​របស់​អាស៊ាន​ ឬ​​យន្តការ​ផ្សេងទៀត​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​លក្ខណៈ​បច្ចេកទេស​របស់​អង្គការ​​សុខភាព​ពិភពលោក​ (WHO)»​។

អនុរដ្ឋមន្ត្រី​ដដែល​រូបនេះ​បាន​បញ្ជាក់ថា វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​បន្ធូរបន្ថយ​ការបើក​ព្រំដែន​ឡើងវិញ​ និង​ពន្លឿន​ដំណើរការ​ស្តារ​អាស៊ាន​ឡើងវិញ​ពី​មេរោគ​កូវីដ​ ១៩​។

ទាក់ទង​នឹង​ការទទួលស្គាល់​វិញ្ញាបនបត្រ​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុងប្រទេស​អាស៊ាន​នេះ ភ្នំពេញ​-​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បន្ថែម​ពី​លោកស្រី ​ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​លោក ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​បានទេ​កាលពី​ថ្ងៃទី ​១៦ ខែឧសភា​។

លោក​ ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​គាំទ្រ​ចំពោះ​ការទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក​នេះ​ផងដែរ ខណៈ​ដែល​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស​កម្ពុជា​មាន​កំណើន​ច្រើន​គួរឱ្យ​កត់សម្គាល់​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​ថា៖ «​ការទទួល​ស្គាល់គ្នា​ទៅវិញ​​ទៅមក​នូវ​វិញ្ញាបនបត្រ​ចាក់​​វ៉ាក់សាំង​នេះ​ខ្ញុំ​គិតថា ប្រទេស​យើង​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ហើយ​ដែល​គួរតែ​ត្រូវបាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទទួលស្គាល់ ហើយ​កម្ពុជា​យើង​ក៏បាន​ដាក់​គោលការណ៍​ដូស​មូលដ្ឋាន​រហូតដល់​ ៣ ​ដូស​ផង​​ដែរ ហើយ​យើង​ក៏​ឈាន​ចូលដល់​ដូស​ទី​ ៤​ ដែរ​»​។

លោក ​ប្រាក់ វ៉ុន បាន​បន្ថែមថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​បានទទួល​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ គ្រប់​ដូស​មូលដ្ឋាន​ផងដែរ ដូចនេះ​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​​នៅក្នុង​តំបន់​អាស៊ាន​ ឬ​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​គឺ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​នេះ​ពិតជា​ត្រូវការ​ណាស់​។

លោក​មានប្រសាសន៍​ថា​៖ «​នេះ​គឺជា​លទ្ធផល​នៃ​ការ​អនុវត្ត​របស់​យើង​បានល្អ ហើយ​ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​នឹង​សាទរ​ដែល​ធ្វើឱ្យ​ពួកគាត់​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​នៅពេល​មាន​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​នេះ ដោយសារ​កន្លងទៅ​ច្រើន​តែមាន​​លក្ខខណ្ឌ​តាម​ប្រទេស​នីមួយៗ​​ផ្សេងៗ​គ្នា ដោយ​មិន​មានការ​ឯកភាព​គ្នា​យក​មួយណា​ជារួម​ទេ​»​។

លោក ប្រាក់ វ៉ុន យល់ថា គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​អាច​នឹង​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​​ការបញ្ជាក់​ពី​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​អាស៊ាន​នេះ ខណៈ​ដែល​ក្រសួង​សុខាភិបាល​មានការ​ផ្តល់ជូន​នូវ​វិញ្ញាបនបត្រ​ក្នុង​ប្រទេស​រួចហើយ​សម្រាប់​ពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​។

ចំណែក លោក ហុង វណ្ណៈ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផងដែរ​ថា ការទទួលស្គាល់​ទៅវិញទៅមក​នូវ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ នៅក្នុង​តំបន់​អាស៊ាន​នេះ អាច​បង្កឱ្យមាន​ដំណើរការ​​ល្អ​នៃ​វិស័យ​ផ្សេងៗ​ទាំងអស់​ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នឹង​គ្នា​នៅក្នុង​តំបន់​អាស៊ាន​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិត​​ថា នេះ​ជា​កិច្ចការ​មួយ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ថែមទៀត​នៅក្នុង​កម្រិត​តំបន់​ឱ្យ​កាន់តែ​ទូលាយ នៅក្នុង​អំឡុងពេល​ដែល​កូ​វីដ​១៩ មិនទាន់បាន​ផុតរលត់​នៅឡើយ ហើយក៏​ដូចជា ស្របទៅ​នឹង​ផែនការ​នៃ​ការស្តារ និង​អភិវឌ្ឍ​សង្គម​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​​អាស៊ាន​»​។

ចំណុច​ជារួម​លោក ហុង វណ្ណៈ អាច​និយាយ​បានថា វា​មាន​សារៈសំខាន់​ក្នុង​ការបង្ក​លក្ខណៈ​ឱ្យ​កាន់តែ​ងាយស្រួល​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​អាចធ្វើឱ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​អាច​ចល័ត​ទំនិញ ឬ​ដឹកទំនិញ​ឆ្លងកាត់​ទៅវិញទៅមក​ដោយ​ងាយស្រួល​ដោយ​ផ្អែកលើ​បណ្ណ​ចាក់​វ៉ាក់សាំង​ ឬ​ការទទួលស្គាល់​នូវ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​នេះ​។

លោក​បាន​បន្តថា វា​ក៏​ងាយស្រួល ឬ​បង្កលក្ខណៈ​ងាយស្រួល​ទៅដល់​គ្រប់​សកម្មភាព​ប្រភេទ​ទេសចរណ៍​ទាំងអស់​ផងដែរ ដែល​អាចធ្វើ​ចរន្ត​នៅ​​ក្នុង​តំបន់​អាស៊ាន​បាន​ដោយ​ផ្អែកលើ​បណ្ណ​ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​អាស៊ាន​នេះ​។

អ្នកជំនាញ​រូបនេះ​បានបញ្ជាក់​ទៀតថា​៖ «​ការទទួល​ស្គាល់​នូវ​វិញ្ញាបនបត្រ​វ៉ាក់សាំង​នេះ​មាន​វិសាលភាព និង​អត្ថន័យ​ល្អ​ណាស់ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល ហើយ​សម្រាប់​កម្ពុជា​វិញ ខ្ញុំ​គិតថា កម្ពុជា​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ចការងារ​នេះ​ដំបូង​ឡើយ គឺ​កិច្ចការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​នៅក្នុង​តំបន់​ក្របខ័ណ្ឌ​អាស៊ាន គឺ​ពួកគេ​អាច​ចល័ត ឬ​ចរន្ត​ទំនិញ​ទៅវិញ​ទៅមក​នៅក្នុង​ក្របខ័ណ្ឌ អាស៊ាន​»៕

វីដេអូ៖