ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​)​ បាន​បន្ថែម​មុខងារ​ថ្មី​ចំនួន​ ៣ ​គឺ​ «​ទីតាំង​ការិយាល័យ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ និង​លទ្ធផល​បោះឆ្នោត​»​ នៅក្នុង​កម្មវិធី​ទូរស័ព្ទដៃ NEC KH ​របស់ខ្លួន​ ដើម្បី​ផ្តល់ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​៥ ខែមិថុនា ឆ្នាំ​ ២០២២​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប កាលពី​ថ្ងៃទី​ ១៥ ខែឧសភា ឱ្យដឹងថា គ.ជ.ប បាន​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទដៃ​ទំនើប (App)«NEC KH» របស់ខ្លួន ដោយបាន​បញ្ចូល​មុខងារ​ថ្មី​ចំនួន​ ៣ ​បន្ថែមទៀត​គឺ​ “​ទីតាំង​ការិយាល័យ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​”​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ និង​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ក្នុង​ការស្វែងរក​ព័ត៌មាន​អំពី​ទីតាំង​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត សាលាឃុំ សង្កាត់ ទីស្នាក់ការ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត និង​ទីតាំង​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស​ ដើម្បី​ងាយស្រួល​ក្នុងការ​ពិនិត្យមើល​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ក៏​ដូចជា​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​លើ​សន្លឹកឆ្នោត​ក្នុង​ឃុំ សង្កាត់ និង​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ដើម្បី​ប្រើប្រាស់​មុខងារ​ទាំង​ ៣ ​ខាងលើនេះ​បាន សាធារណជន​ដែលមាន​កម្មវិធី «NEC- KH» ​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន​រួចហើយ គឺ​គ្រាន់តែ​ដំឡើង​ជំនាន់​ថ្មី​ (Update Version) ​ជា​ការស្រេច​។ ចំពោះ​អ្នក​ដែល​មិនទាន់មាន​កម្មវិធី​«NEC KH» ​ហើយ​ចង់​ទាញយក​កម្មវិធី​នេះ​មកប្រើប្រាស់​សូម​ចូលទៅ​កាន់ PlayStore ​សម្រាប់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ឬ App Store សម្រាប់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ហើយ​វាយ​ដោយ​ស្វែងរក​ពាក្យ​ «NEC- KH» ​រួច​ដំឡើង​ជាការ​ស្រេច​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​សរសេរថា «​អ្នកប្រើប្រាស់​កម្មវិធី​«NEC KH» ​អាច​ចូល​មើល ឬ​ស្វែងរក​អត្ថបទ​កម្រង​ឯកសារ រូបភាព​វីដេអូ​ផ្សេងៗ​​ដែល គ.ជ.ប ផលិតឡើង ដើម្បី​ផ្សព្វផ្សាយ​ និង​អប់រំ​បណ្ដុះបណ្ដាល​​អ្នកបោះឆ្នោត​ហើយ​សាធារណជន​ក៏​អាច​ពិនិត្យមើល​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ និង​ស្វែងរក​ព័ត៌មាន​អំពី​លទ្ធផល​បោះឆ្នោត​ និង​ទីតាំង​ដែល​បាន​ជម្រាបជូន​ខាងលើនេះ​ផងដែរ »​។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​ថា គ.ជ.ប ​តែងតែ​យកចិត្តទុកដាក់​ផ្តល់ព័ត៌មាន​សំខាន់​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដំណើការ​បោះឆ្នោត ហើយ​កាលពី​ថ្មីៗ​នេះ គ.ជ.ប បាន​អភិវឌ្ឍ​កម្មវិធី​ដាក់​តាម​ទូរស័ព្ទដៃ​ទំនើប​ ( NEC- KH) ​ដោយ​បញ្ចូល​នូវ​មុខងារ​ថ្មី​​ចំនួន​ ៣​បន្ថែមទៀត​គឺ​ “​ទីតាំង​ការិយាល័យ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​។

លោក​ពន្យល់ថា​៖ «​អំពី​ទីតាំង​បងប្អូន​ប្រជាពលរដ្ឋ មើលឃើញ​ទីតាំង​ការិយាល័យ​បោះឆ្នោត ដែលមាន​សរុប​ចំនួន​ ២៣ ៦០២ ​ការិយាល័យ​។ ​ចំពោះ​បញ្ជី​បេក្ខជន​ក៏​បងប្អូន​ប្រជាពលរដ្ឋ​ដឹង​​ថា នៅក្នុង​ឃុំ​សង្កាត់​ណាមួយ​មាន​គណបក្ស​នយោបាយ​ប៉ុន្មាន និង​គណបក្ស​នយោបាយ​នីមួយៗ​មាន​បញ្ជី​បេក្ខជន​ប៉ុន្មាន​ចូលរួម​ប្រកួតប្រជែង​។ ​ទាក់ទង​លទ្ធផល​បោះឆ្នោត នៅក្នុង App ​នេះ ប្រជាពលរដ្ឋ​អាច​ដឹង​ពី​លទ្ធផល​បោះឆ្នោត​ទាំង​ ២៣ ៦០២​ ការិយាល័យ និង​ ១ ៦៥២​ ឃុំ សង្កាត់ និង​ដឹង​រហូតដល់​លទ្ធផល​បណ្តោះអាសន្ន និង​ផ្លូវការ​នៃ​ការបោះឆ្នោត​ផងដែរ​»​។

បើតាម​លោក សោម សូរីដា មុខងារ​ថ្មី​ចំនួន​ ៣ ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ដល់​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ ព្រោះ​វា​បន្ថែម​ទៅលើ​បញ្ជី​បោះឆ្នោត​ដែល គ.ជ.ប មាន រួម​ជាមួយ​នឹង​កម្មវិធី​ផ្សេងទៀត​ដែល​បានដាក់​នៅក្នុង App (NEC KH) ​ដែលជា​ការយក​ចិត្ត​ទុកដាក់​របស់ គ.ជ.ប ក្នុង​​ការផ្តល់​ព័ត៌មាន​ពី​ដំណើរការ​បោះឆ្នោត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។

លោក​ ញឿន រ៉ាដែន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ភ្នំពេញ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​ថា ការបញ្ចូល​​មុខងារ​ថ្មី​ចំនួន​ ៣ ​បន្ថែមទៀត​នេះ គឺ​ផ្តល់នូវ​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​គណបក្ស​នយោបាយ​ក្នុងការ​តាមដាន​ព័ត៌មាន​នៅលើ​ទូរស័ព្ទដៃ​ដែលមាន​ភាពទូលំទូលាយ និង​តាម​ទាន់​នៃ​ការរីកចម្រើន​លើ​បច្ចេកវិទ្យា​។

លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា ប្រជាជន​កម្ពុជា​យើង​ស្ទើរតែ​ ៩០​ ភាគរយ ដែល​បាន​យល់ច្បាស់​ពី​ការប្រើប្រាស់​នៅតាម​ទូរស័ព្ទដៃ​។ អ៊ីចឹង ប្រជាជន និង​ប្រជារាស្ត្រ​ទាំងអស់​គ្នា ប្រាកដ​ណាស់​មាន​ភាពងាយស្រួល ជាពិសេស​គណបក្ស​នយោបាយ​ទាំងអស់ យើង​អាច​សង្កេត និង​ឃ្លាំមើល​តាម​ទូរស័ព្ទដៃ​បាន​»៕