ភ្នំពេញៈ រយៈពេល​កន្លងមក កងកម្លាំង​នគរបាលជាតិ​បាន​កសាង​នូវ​ស្នាដៃ និង​សមិទ្ធផល​ធំៗ ដែលមាន​គុណប្រយោជន៍​ជាច្រើន ពិសេស​ក្នុងដំណាក់កាល​ប្រទេសជាតិ​ស្ថិតក្នុង​បរិបទ​ហានិភ័យ​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ​ ១៩​។ នេះ​ជាការ​រៀបរាប់​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង ក្នុង​ទិវា​រំឭក​ខួប​ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ នា​ថ្ងៃទី​ ១៦ ឧសភា​។

តាមរយៈ​សារលិខិត​ជូន​កងកម្លាំង​នគរបាលជាតិ​ក្នុង​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍ លើក​ទី​ ៧៧ ថ្ងៃកំណើត​នគរបាល​ជាតិ នា​ថ្ងៃទី ​១៦ ខែឧសភា ឆ្នាំ​ ២០២២ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​លើកឡើងថា នគរបាល​ជាតិ​បានទទួល​បន្ទុក​រែកពុន​ការងារ​ដ៏ធ្ងន់ធ្ងរ​ក្នុងពេល​តែមួយ តាមរយៈ​ការបំពេញ​តួនាទី​ស្នូល​ក្នុង​ការធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ផង និង​បាន​បំពេញ​កាតព្វកិច្ច​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ​ ១៩​ ផង​។

អង្គ​ប្រតិបត្តិ​ច្បាប់​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​នគរបាល​ជាតិ​» បាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃទី ​១៦ ខែឧសភា ឆ្នាំ​ ១៩៤៥ ក្រោម ស្នា​ព្រះហស្ត​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ​ក្នុង​ព្រះរាជបំណង​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព សង្គម ដែល​គិត​មកដល់​ពេលនេះ​មាន​អាយុកាល​ ៧៧ ​ឆ្នាំ​ហើយ​។

លោក ស ខេង បញ្ជាក់ថា​៖ «​រហូតមកដល់​បច្ចុប្បន្ន​នេះ បើទោះបីជា​កម្ពុជា​នៅតែ​រក្សាបាន​បរិយាកាស​សន្តិសុខ​ល្អប្រសើរ​យ៉ាងណាក្តី ក៏ប៉ុន្តែ​កងកម្លាំង​នគរបាលជាតិ​នៅតែ​ជា​កម្លាំង​ស្នូល​ឈានមុខ ក្នុង​ការបំពេញ​តួនាទី ធានា​រ៉ាប់រង​ចំពោះ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការពារ​ខឿន​សន្តិសុខ​ជាតិ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​»​។

ក្នុង​ឆ្នាំ​ ២០២២​ នេះ​កងកម្លាំង​នគរបាលជាតិ​ត្រូវ​បន្ត​បេសកកម្ម​របស់ខ្លួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បណ្តាល​មកពី​ឥទ្ធិពល​អសន្តិសុខ​ក្នុង​តំបន់ និង​សកលលោក ក៏ដូចជា​សកម្មភាព​នៃ​បទឧក្រិដ្ឋ​ឆ្លងដែន បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ បទល្មើស​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ និង​បទល្មើស​បច្ចេកវិទ្យា ដែល​នៅតែ​បន្ត​កើតឡើង បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។

លោក ស ខេង បន្តថា​៖ «​ខ្ញុំ​មាន សេចក្តីសង្ឃឹម​ និង​ជឿជាក់​យ៉ាងមុតមាំ​ថា កងកម្លាំង​នគរបាលជាតិ​នឹង​បន្ត​លើកកម្ពស់​សក្តានុពល និង​មាន​ភាពរីកចម្រើន​ប្រកប​ដោយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ឈរ​យ៉ាងរឹងមាំ​ជា​សសរស្តម្ភ​នៃ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​គ្រប់​កាលៈទេសៈ​»​។

ក្នុង​ឱកាស​នោះដែរ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្តែង​ការគោរព​ស្ញប់ស្ញែង​ចំពោះ​គុណូបការៈ​ដ៏ធំធេង​ដែល​បុព្វបុរស​រៀមច្បង រួមទាំង​និវត្តជន​នគរបាលជាតិ​គ្រប់​ជំនាន់​បាន​តស៊ូ​ប្រកប​ដោយ​វីរភាព​អង់អាច​ក្លាហាន បូជា​សាច់ ស្រស់​ឈាម​ស្រស់ ដោយ​មិន​គិត អំពី​សេចក្តីសុខ និង​អាយុជីវិត​របស់ខ្លួន កសាង​នូវ​សមិទ្ធផល​ស្នាដៃ​ជាច្រើន​រាប់មិនអស់ ដើម្បី​បុព្វហេតុ​សន្តិសុខ​មាតុភូមិ​។

ឆ្នាំ​ ២០២១ ​កន្លងទៅ គ្រប់​គោលដៅ​នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​ព្រះរាជ​បេសកកម្ម​របស់​ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះវររាជ​មាតា​ជាតិខ្មែរ បេសកកម្ម​របស់​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​សំខាន់ៗ​ប្រមាណ​ ១២ ១៨០ ​លើក ត្រូវ​បាន​ធានា​សុវត្ថិភាព​ទាំងស្រុង​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត សាវឿន​។

លោក​បាន​បន្តថា ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​កាន់តែ​មាន​ភាពល្អប្រសើរ​ជាលំដាប់ ដោយបាន​កាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ​ជារួម​ប្រមាណ​ ៦% ជាពិសេស​លទ្ធផល​បង្ក្រាប​មាន​កម្រិត​ខ្ពស់​រហូតដល់​ ៩៣% ស្រប​ពេលដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ ១៧% អ្នកស្លាប់​ថយចុះ​ ៩% និង​អ្នករបួស​ថយចុះ ២៣%​។

ចំពោះ​យុទ្ធនា​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ពិសេស​ស្ត្រី និង​កុមារ ការលុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្មេង​-​ទំនើង យុទ្ធនាការ​ការពារ​ធ​ន​-​ធាន​ធម្មជាតិ ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​ត្រូវបាន​សហការ​ចាត់​តាំង​អនុវត្ត​យ៉ាងសកម្ម​ផុលផុស ដោយ​ទទួលបាន​លទ្ធផល​គួរឱ្យ​កត់សម្គាល់​។

លោក​លើកឡើងថា ក្នុងអំឡុង​ឆ្នាំ​ ២០២២ ​នេះ សភាពការណ៍​សន្តិសុខ​សកលលោក​នៅតែ​បន្ត​ប្រែប្រួល​ប្រកប​ដោយ​ភាពស្មុគស្មាញ ដែល​ហេតុការណ៍​មួយចំនួន​អាច​ជះ​ឥទ្ធិពល​ដោយផ្ទាល់ និង​ប្រយោល​ដល់​កម្ពុជា​។ ក្នុង​អំឡុងពេល​ដូចគ្នានេះដែរ ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយចំនួន​នឹងត្រូវ​រៀបចំ​ប្រព្រឹត្តទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​។

លោក​អគ្គស្នងការ​នគរបាល នេត សាវឿន បាន​បញ្ជាក់ថា​៖ «​បញ្ហា​ប្រឈម​មួយចំនួន​នៅតែ​បន្ត​កើតមានឡើង ដែល​ទាមទារ​ចាំបាច់​ឱ្យ​កងកម្លាំង​នគរបាល​ជាតិ​បន្ត​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ហ្មត់ចត់​នូវ​រាល់​ផែនការ វិធានការ និង​យុទ្ធនា​ការសំខាន់ៗ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើឱ្យ​បរិយាកាស​សង្គម​មាន​ភាពកក់ក្តៅ​»៕