ភ្នំពេញៈ មតិយោបល់ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ផ្ញើចូល​មក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ស្នើ​ឱ្យមាន​ដំណោះស្រាយ​កាលពី​ខែមេសា ឆ្នាំ​ ២០២២ ក្រុមការងារ​តាមដាន​ដោះស្រាយបាន​ចំនួន​ ៦៧​ គណនី នៅសល់​ជាង​ ១០០ ​គណនី ឯ​គណនី​ ៦៥០ ​ក្នុង​ឆ្នាំមុន​ដោះស្រាយបាន​ ១២៥ ​គណនី និង​រាប់រយ​ទៀត​មន្ត្រី​កំពុង​ដោះស្រាយ​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី​ ១១ ឧសភា ថា តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ប្រចាំ​ខែមេសា ក្រុមការងារ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី និង​ដោះស្រាយបាន​ ៦៧ ​គណនី និង​ ១១៨ ​គណនី​ទៀត​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ​។ ទន្ទឹមគ្នានេះ​ក៏មាន​សំណូមពរ សំណួរ​ និង​បញ្ហា​ខ្លះទៀត​ត្រូវបាន​រកឃើញ​ខុសពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ និង​បាន​ជូន​យោបល់​បង្វែរ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​។

លោក​បញ្ជាក់ថា​៖ «​វឌ្ឍនភាព​ការងារ​នេះ​អាច​សម្រេចបាន ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការសហការ​គ្នា​ដ៏​ល្អ​រវាង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ក្រសួង​មហាផ្ទៃ ទាំង​ថ្នាក់ជាតិ​ថ្នាក់ក្រោម​ជាតិ និង​ក្រុមការងារ​គេហទំព័រ​ហ្វេសប៊ុក​របស់ខ្ញុំ​»​។

ជាមួយ​គ្នានេះ លោក​បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​ពាក់ព័ន្ធ ដែល​ស្ថិតក្រោម​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ទាំងអស់ គប្បី​ខិតខំ​ពន្លឿន​ការដោះស្រាយ ហើយ​ការដោះស្រាយ​ទាំងអស់នោះ​ត្រូវតែ​ធានា​ឱ្យ​បានល្អ​គ្រប់​ជ្រុងជ្រោយ​ពិតប្រាកដ​នៃ​បញ្ហា​ និង​ចប់​ចុង​ចប់​ដើម ដោយ​មិន​គ្រាន់តែ​ធ្វើជា​លិខិតស្នាម​បញ្ជា​តាមបែប​បទ​រដ្ឋបាល​នោះទេ​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ ជនរួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​មកកាន់ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ក្រៅ​ប្រព័ន្ធ​តុលាការ ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​រួមគ្នា​អភិវឌ្ឍ​សង្គមជាតិ​។

លោក​បន្តថា​៖ «​ជាថ្មី​ម្តងទៀត ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ស្នើសុំ​ការយល់​យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជនរួមជាតិ ចំពោះ​ករណី​មួយចំនួន​ទៀត ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់សព្វគ្រប់ អាស្រ័យ​លើ​ករណីខ្លះ​ទាមទារ​ពេលវេលា និង​អនុវត្ត​ទៅតាម​នីតិវិធី​»​។

បើតាម​របាយការណ៍​បូកសរុប​ស្តីពី​ការទទួល​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ដែល​បាន​បញ្ចេញមតិ និង​ផ្ញើ​សារ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ​ស ខេង គណនី​ដែល​នៅសល់​ក្នុង​ឆ្នាំ​ ២០២១ ក្រុមការងារ​បាន​ធ្វើការ​បូកសរុប​តាមដាន​ដោយឡែក​មាន​ ៦៥០​ គណនី ក្នុងនោះ​ដោះស្រាយបាន​ ១២៥ ​គណនី និង​កំពុង​ដោះស្រាយ​ ៥២៥ ​គណនី​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក​ អំ សំអាត ថ្លែងថា ការបង្កើត​ឱ្យមាន​ការទទួល​បណ្តឹង ឬ​សំណូមពរ​ពលរដ្ឋ ដោយផ្ទាល់​តាម​ហ្វេសប៊ុក​របស់​លោក ស ខេង បែបនេះ ជា​វិធី​ជួយ​សម្រួល​ដល់​ពលរដ្ឋ ដោយ​មិនចាំបាច់​ចំណាយពេល​ធ្វើដំណើរ និង​ថវិកា​ច្រើន​មក​ដាក់​បណ្ដឹង​។ ពលរដ្ឋ​អាច​លើក​ពី​បញ្ហា​អសកម្ម និង​ការព្រងើយកន្តើយ​ពី​មន្ត្រី​មូលដ្ឋាន​ជម្រាបជូន​ដល់​ថ្នាក់ដឹកនាំ​។ ទោះយ៉ាងណា លោក​ស្នើ​ក៏ដូចជា​ជំរុញ​ក្រុមការងារ ពន្លឿន​ការដោះស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​តម្លាភាព និង​គ្មាន​ការរើសអើង​។

លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​ជាការ​សំណូមពរ​បន្ថែម យើង​ឃើញថា បញ្ហា​ប្រជាពលរដ្ឋ​មាន​ច្រើន ហើយ​ការដោះស្រាយ​នៅ​មាន​កម្រិត​នៅឡើយ​។ អ៊ីចឹង​ត្រូវធ្វើ​ម៉េច​បង្កើន​ការ​ដោះស្រាយ​ឱ្យបាន​ច្រើន​។ យើង​ដឹង​ហើយ​បញ្ហា​ខ្លះ ក្រសួង​មហាផ្ទៃ​អាច​ដោះស្រាយ​ខ្លួនឯង ហើយ​បញ្ហា​ខ្លះ​បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ​»​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បាន​បន្ថែមថា​៖ «​តែ​យ៉ាងណា​យើង​សូមឱ្យ​ការដោះស្រាយ​នោះ​ប្រកបដោយ​តម្លាភាព គឺថា​មិនមាន​ការរើសអើង ពីព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់ ទោះបី​គាត់​មាន​និន្នាការ​នយោបាយ​ណាក៏ដោយ​»៕