ភ្នំពេញៈ អាជ្ញាធរ​មីន និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​នឹង​ធ្វើជា សហប្រធាន​ដឹកនាំ​វេទិកា​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​ស្តីពី​សកម្មភាព​មីន​នា​ថ្ងៃទី​ ២០ ឧសភា ដើម្បី​ពង្រីក​ និង​លើកកម្ពស់​ភាពជា​ដៃគូ​ឆ្ពោះ​ទៅរក​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ខណៈ​មនុស្ស​ជិត​ ១​ លាន​នាក់​នៅតែ​រស់នៅ និង​ធ្វើការ​នៅ​តំបន់​ដែលមាន​មីន និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​នៅឡើយ​។

លោក ​លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​ ១ នៃ​អាជ្ញាធរ​មីន និង​លោក​ Pablo Kang ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​វេទិកា​នេះ​នៅ​ខេត្ត​សៀមរាប​ជាមួយ​សហគមន៍​ផ្តល់ជំនួយ ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរសជន​នានា​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អាជ្ញាធរ​មីន និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​ ១៦ ឧសភា បញ្ជាក់ថា​៖ «​វេទិកា​នេះ​នឹង​ផ្តល់ជូន​ដល់​សហគមន៍​ផ្តល់ជំនួយ​វិស័យ​មីន​នៅ​កម្ពុជា រួមទាំង​វិស័យ​ឯកជន​លើក​ពី​ចំណាប់អារម្មណ៍ ការតាំង​ចិត្ត និង​ឆន្ទៈ​ក្នុង​ការបន្ត​គាំទ្រ​ដល់​វិស័យ​មីន​កម្ពុជា​តទៅ​មុខទៀត​»​។

វេទិកា​ដែល​ធ្វើ​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធ ដើម្បី​ជំរុញ​ការប្រើប្រាស់​ជំនួយ​សម្រាប់​វិស័យ​សកម្មភាព​មីន និង​កម្មវិធី​សកម្មភាព​មីន​ឱ្យស្រប​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កាន់តែ​ទូលំទូលាយ​។ វេទិកា​នេះ​ក៏​នឹង​បង្ហាញ​គំនិត​ផ្តួចផ្តើម​សម្រាប់​ការពិចារណា​ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​មីន​ ២០១៨-២០២៥ និង​កំណត់​វិធីសាស្ត្រ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ប្រមូល​ធនធាន​ដែល​ត្រូវការ​សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​មីន​។

របាយការណ៍​អាជ្ញាធរ​មីន​ឱ្យ​ដឹងថា បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា គឺជា​លទ្ធផល​ជម្លោះផ្ទៃក្នុង និង​តំបន់​ដែល​អូសបន្លាយ​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ​១៩៦០ រហូតដល់​ចុងឆ្នាំ​ ១៩៩៨ ព្រមទាំង​បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់ របួស និង​ពិការ​ប្រមាណ​ជិត​ ៦៥ ០០០ ​នាក់ តាំងពី​ឆ្នាំ​ ១៩៧៩​។

របាយការណ៍​បន្តថា ទោះបីជា​ចំនួន​អ្នកស្លាប់​ និង​របួស​ប្រចាំឆ្នាំ​ត្រូវបាន​កាត់បន្ថយ​ពី​ ៤ ៣២០​ នាក់ ក្នុង​ឆ្នាំ​ ១៩៩៦ មក ៤៤ ​នាក់ ក្នុង​ឆ្នាំ​ ២០២១ ​ក្តី ក៏​ប្រទេស​កម្ពុជា​មាន​ចំនួន​អ្នកស្លាប់​ និង​របួស​ច្រើន​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែ​បន្ត​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​របួស និង​បង្ក​ផលប៉ះពាល់​ដល់​សហគមន៍ ហើយ​រារាំង​យ៉ាងធ្ងន់ធ្ងរ​ដល់​ការឆ្លើយតប​ផ្នែក​មនុស្សធម៌ កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សន្តិភាព និង​ស្ថិរភាព ការស្តារ​សង្គម​ និង​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ នៅ​ទូទាំង​ប្រទេស​កម្ពុជា មនុស្ស​ជិត​ ១ ​លាន​នាក់​នៅតែ​រស់នៅ និង​ធ្វើការ​នៅ​តំបន់​ដែលមាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ដោយមាន​ការគាំទ្រ​ពី​សហគមន៍​ម្ចាស់ជំនួយ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ក្រសួង​ពាក់ព័ន្ធ និង​ប្រតិបត្តិករ​ជាតិ និង​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង រយៈពេល​ ៣០ ​ឆ្នាំ​កន្លងមកនេះ ដើម្បី​កម្ចាត់មីន និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​នៅ​ទូទាំង​ប្រទេស​។

របាយការណ៍​អាជ្ញាធរ​មីន​ឱ្យដឹងថា ពី​ឆ្នាំ​ ១៩៩២ ដល់​ខែមេសា ឆ្នាំ​ ២០២២ ផ្ទៃដី​ ២ ៣៧៩ ​គីឡូម៉ែត្រ​ក្រឡា​ត្រូវបាន​សម្អាត​រួច ដោយ​បាន​រកឃើញ និង​បំផ្លាញចោល​មីន​ប្រឆាំង​មនុស្ស​ជាង ១,១​ លាន មីន​ប្រឆាំង​រថក្រោះ​ជាង​ ២៦ ០០០ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជិត​ ៣​ លាន​។

បើតាម​របាយការណ៍ ទោះបី​ជា​មានការ​ខិតខំ​ប្រឹងប្រែង​គួរឱ្យ​កត់សម្គាល់ ផ្ទៃដី​ប្រហែល​ ២ ០០០ ​គីឡូម៉ែត្រ​ក្រឡា នៅតែមាន​ការគំរាមកំហែង ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គិត​ត្រឹម​ខែមេសា ឆ្នាំ​ ២០២២​។ ក្នុងនោះ​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន នៅតែមាន​នៅក្នុង ​២២ ​ខេត្ត ក្នុងចំណោម ២៥ ​ខេត្ត​លើ​ផ្ទៃដី​ប្រមាណ ៧៣៥​ គីឡូម៉ែត្រ​ក្រឡា ដែល​ស្មើនឹង​ទំហំ​ទីលាន​បាល់ទាត់​ជិត​ ១៤០ ០០០ ​ដង​៕