ព្រះវិហារៈ ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២២ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​លោក​ បេន ដាវីស កាលពី​ថ្ងៃទី​ ១៤ ខែឧសភា ក្នុង​ខេត្តព្រះវិហារ​ដែល​នេះ​គឺជា​ការ​តបស្នង​ទៅនឹង​ការលះបង់​ពិតប្រាកដ​ប្រកប​ដោយ​ភាពស្មោះត្រង់​របស់​ពួកគេ ចំពោះ​ការចូលរួម​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។

លោក មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ បាន​ថ្លែង​ពេល​ចូលរួម​ជា​អធិបតី​ប្រគល់​ព្រះរាជក្រឹត្យ​ស្តីពី​ការផ្តល់​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​ដល់​គ្រួសារ​លោក​ បេន ថា វា​ពិតជា​ស័ក្តិសម​បំផុត​ដែល​ក្រុមគ្រួសារ​លោក​ បេន ​ត្រូវ​ទទួលបាន​នេះ ព្រោះ​ពួកគេ​សុខចិត្ត​ចាកចោល​ស្រុកទេស​របស់​ខ្លួន​មក​រស់​នៅលើ​ទឹកដី​កម្ពុជា​ប្រមាណ​ ៣០ ​ឆ្នាំ​មកហើយ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា ថែរក្សា​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​លទ្ធផល ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ បេន និង​ក្រុមគ្រួសារ​ផ្ទាល់​ផង និង​ចេញពី​ការយកចិត្ត​ទុកដាក់​របស់​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​របស់​រដ្ឋាភិបាល និង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​-​ក្រសួងបរិស្ថាន​ចំពោះ​អ្វី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក​ បេន​ និង​ក្រុមគ្រួសារ និង​ក្រោម​ការយកចិត្ត​ទុកដាក់​របស់​អាជ្ញាធរ​ដែនដី ពិសេស​ពី​អភិបាលខេត្ត ស្រុក និង​ភូមិ​ឃុំ​ផងដែរ​»​។

លោក ​មាស សុភា បាន​ជំរុញ​ និង​លើក​ទឹកចិត្ត​ដល់​លោក​ បេន និង​ក្រុមគ្រួសារ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​សហការគ្នា​ល្អ​លើ​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។ លោក​ថា តាម​ការកត់សម្គាល់​ឃើញ​ថា ជាមួយ​នឹង​ការអប់រំ បំភ្លឺ ផ្សព្វផ្សាយ​ពន្យល់​នាពេល​កន្លងទៅ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ហើយ​ពួកគាត់​បាន​ចូលរួម​ក្នុងការ​អភិរក្ស​។

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា កម្ពុជា​បានក្លាយ​ជា​ផ្ទះ​របស់​ បេន​ និង​ក្រុមគ្រួសារ ហើយ​ថ្ងៃនេះ​ជា​ថ្ងៃមួយ​ដ៏​វិសេសវិសាល​សម្រាប់​បេន និង​ក្រុមគ្រួសារ​។

លោក​មានប្រសាសន៍​ថា​៖ «​លោក ​បេន និង​ក្រុមគ្រួសារ​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាច្រើន ដែល​បានមក​បំពេញ​ការងារ​នៅ​កម្ពុជា​ជាយូរ​ដែល​បានទទួល​ការលើក​ទឹកចិត្ត​។ លោក​ បេន និង​គ្រួសារ​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ជាមួយ​នឹង​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ក្រសួង​បរិស្ថាន ក៏ដូចជា​បាន​ចូលរួម​ពី​រដ្ឋបាលខេត្ត​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្តព្រះវិហារ​បាន​ធ្វើឱ្យ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ខេត្តព្រះវិហារ​កាន់តែ​មាន​ភាពល្អប្រសើរ​»​។

លោក​ ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​ថ្លែងថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​រួម​នឹង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ការផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​លោក​ បេន ដាវីស និង​ក្រុមគ្រួសារ​។

លោក​បន្តថា​៖ «​សូម​ស្វាគមន៍​គ្រួសារ​របស់​លោក រួមរស់​ជាមួយ​បងប្អូន​ខ្មែរ​របស់​យើង​តកូនតចៅ​ក្នុង​ទឹកដី​សុវណ្ណ​ភូមិ នេះ​ជា​រៀងរហូត ក្រោម​ម្លប់​សុខ​សន្តិភាព​របស់​សម្តេច​តេជោ​ ហ៊ុន សែន​»​។

លោក​បាន​ផ្តាំផ្ញើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​លោក​ បេន ក្នុង​ការការពារ ថែរក្សា​ និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​ឱ្យ​គង់វង្ស​ស្ថិតស្ថេរ និង​ដាច់ខាត​ត្រូវតែ​ការពារ​សុខ​សុវត្ថិភាព ក្រុមគ្រួសារ​លោក ​បេន​ ឱ្យបាន​ល្អប្រសើរ​មិន​ត្រឹមតែ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ពក​ និង​ភ្នំ​ត្នោត​ទេ គឺ​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល​។

លោក​ បេន ដាវីស តំណាង​ក្រុមគ្រួសារ​របស់ខ្លួន​ដែលមាន​សមាជិក ​៤ ​រូប បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ការគាំទ្រ​ និង​លើកទឹកចិត្ត​លោក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​នឹកស្មានថា ខ្ញុំ​ទទួលបាន​សញ្ជាតិ​ខ្មែរ​នេះ​ទេ​។ ខ្ញុំ​ពិតជា​មាន​សេចក្តី​សប្បាយ​រីករាយ និង​សូម​គោរព​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​យកចិត្ត​ទុកដាក់​លើ​យើងខ្ញុំ​។ យើងខ្ញុំ​មាន​ភាពកក់ក្តៅ និង​ខ្ញុំ​មាន​ការសប្បាយចិត្ត​ [​ក្នុង​]​ កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ក្នុង​កិច្ចការ​អភិវឌ្ឍ និង​បច្ចុប្បន្ន​ក្នុង​កិច្ចការពារ​អភិរក្ស​ព្រៃឈើ​»​។

បើតាម​ក្រសួង​បរិស្ថាន​លោក​ បេន ដាវីស ជា​សញ្ជាតិ​អាមេរិក និង​ភរិយា​កូនៗ​មាន​សញ្ជាតិ​អូស្ត្រាលី​។ គ្រួសារ​លោក​ បេន ពិតជា​ស័ក្តិសម​បំផុត​ក្នុង​ការទទួល​បាន​នូវ​សញ្ជាតិ​ខ្មែរ ពីព្រោះ​លោក​ បេន ​បាន​មក​រស់នៅ​ និង​បាន​ធ្វើការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩២​ មក​ម៉្លេះ​តាំងពី​លោក​ បេន ​មាន​អាយុ​ ២៧ ​ឆ្នាំ ហើយ​រហូតមក​ដល់ពេល​នេះ​មាន​រយៈពេល​ជិត​ ៣០ ​ឆ្នាំ​មកហើយ​។

ក្រសួង​បញ្ជាក់​ថា លោក​ បេន បានមក​បំពេញ​ការងារ​នៅ​ខេត្តព្រះវិហារ​រយៈពេល​ ២០ ​ឆ្នាំ​ហើយ តាំងពី​ឆ្នាំ​ ២០០២​។ ស្ថិតក្នុង​រយៈពេល​នេះ លោក​ បេន និង​ក្រុមគ្រួសារ​បាន​លះបង់​កម្លាំងកាយ​ចិត្ត បញ្ញា​ និង​ធនធាន​ផ្ទាល់ខ្លួន​ ដើម្បី​បុព្វហេតុ មនុស្សធម៌​។ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការងារ​សង្គម​ផ្សេងៗ និង​ដើម្បី​បុព្វហេតុ​ការពារ​ និង​អភិរក្ស​ធនធាន​ព្រៃឈើ​ និង​សត្វព្រៃ​ក្នុង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន​នៃ​ខេត្ត​ព្រះវិហារ និង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។

ការដែល​លោក​ បេន និង​គ្រួសារ​ទទួលបាន​សញ្ជាតិ​ខ្មែរ ពិតជា​រឿង​ដែល​ត្រឹមត្រូវ​និង​ស័ក្តិសម​ជាទីបំផុត​។ គ្រួសារ​លោក​បេន​តែងតែ​ទទួលបាន​នូវ​ការយកចិត្ត​ទុកដាក់​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ការស្រឡាញ់​រាប់អាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​៕