
ជនសង្ស័យ ៣ នាក់ និងថ្នាំញៀនដែលសមត្ថកិច្ចចាប់ពីថ្ងៃ ១៤ ឧសភា។ រូបថត ប៉ូលិស
ភ្នំពេញៈ នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនបុរស ២ នាក់ និងស្ត្រីម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ១៦ ឧសភា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនមេតំហ្វេតាមីនជិត ១ គីឡូក្រាម បន្ទាប់ពីចាប់ខ្លួនបាន ២ ថ្ងៃ នៅភូមិគល់សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ឧសភា ថា ជនសង្ស័យទី ១- ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ ឆ្នាំ,ទី ២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ ឆ្នាំ និងឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ ឆ្នាំ។ ពួកគេត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី ១៦ ឧសភា។
លោកប្រាប់ថា៖ «សមត្ថកិច្ចជំនាញរបស់យើងបញ្ជូនក្រុមជនសង្ស័យទៅតុលាការនៅល្ងាចថ្ងៃនេះ (ថ្ងៃទី ១៦ ខែឧសភា)។ ចំពោះវត្ថុតាងគ្រឿងញៀនជាប្រភេទមេតំហ្វេតាមីនទម្ងន់ ៩៧៥,៥៧ ក្រាម»។
ទោះយ៉ាងណាលោក អ៊ិន សុង មិនបានប្រាប់លម្អិតទាក់ទងនឹងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះទេ តែបើយោងតាមហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀនដែលបានបង្ហោះនៅថ្ងៃទី ១៦ ឧសភា ឱ្យដឹងថា កាលពីវេលាថ្ងៃទី ១៤ ខែឧសភា កម្លាំងជំនាញ (ក ៥) នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី រួមជាមួយ លោក វរសេនីយ៍ឯក មាស ហត,លោកវរសេនីយ៍ទោ ឈូក គា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក ជាវ វណ្ណា.នាយការិយាល័យ (ក ៥) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី-ភ្នំពេញបានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចតាមដងផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។
បើតាមប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ពីក្រុមជនសង្ស័យបានចំនួន ១០ កញ្ចប់ស្មើនឹងទម្ងន់ ៩៧៥,៥៧ ក្រាម៕