
ស្ដ្រីជាប់ចោទពេលសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ ២០២០។ រូបថត ប៉ូលិស
ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ១៦ ឧសភា បានប្រកាសសាលដីកាកំបាំងមុខស្ត្រីជាប់ចោទម្នាក់ឱ្យជាប់គុក ១២ ឆ្នាំ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ៩ ឧសភា ពាក់ព័ន្ធករណីយកកាំបិតឆូតមុខក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ នៅរាជធានីភ្នំពេញ បើទោះជាស្ត្រីជាប់ចោទសងប្រាក់ទៅម្តាយក្មេងរងគ្រោះ ២០០ លានរៀលក៏ដោយ។
ក្នុងបន្ទប់សវនាការនៅថ្ងៃទី ១៦ ឧសភា លោកចៅក្រម ១ រូបដែលទទួលបានសិទ្ធិពីលោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកាកំបាំងមុខស្ត្រីជាប់ចោទថា សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ រស់នៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ។ ជនជាប់ចោទត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ ១២ ឆ្នាំតាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០។
លោកចៅក្រមអានសាលដីកាបន្តថា៖ «ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះបានពិភាក្សាគ្នាបានសម្រេចដោយបង្វិលសាលដីកានេះទៅសាលាឧទ្ធរណ៍ភ្នំពេញជម្រះឡើងវិញ»។
តាមអង្គហេតុរបស់តុលាការកំពូលបង្ហាញថា កាលពីនៅថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២០ ក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ ម៉ាវីលីយ៉ា អាយុ ៥ ឆ្នាំ រស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា ២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមបានលេងជាមួយកូនប្រុសម្នាក់របស់ស្ត្រីជាប់ចោទ។ ពេលនោះកូនរបស់ស្ត្រីជាប់ចោទបានឈ្លោះគ្នាជាមួយក្មេងស្រីរងគ្រោះ ហើយត្រូវក្មេងស្រីរងគ្រោះខឹងបានយកដុំថ្មគប់ត្រូវក្បាលកូនប្រុសរបស់ស្ត្រីជាប់ចោទរហូតចេញឈាម។ ដោយឃើញកូនប្រុសរបស់ខ្លួនយំ ហើយក្បាលមានឈាមផងនោះធ្វើឱ្យស្ត្រីជាប់ចោទខឹង។
អង្គហេតុបន្តថា ពេលនោះស្ត្រីជាប់ចោទបានចូលទៅក្នុងផ្ទះរបស់ខ្លួនហើយបានយកកាំបិតចុងស្រួច ១ ដើមមកឆូតមុខក្មេងស្រីរងគ្រោះបណ្តាលឱ្យហូរឈាម និងរងរបួសជាទម្ងន់។
ភ្លាមៗនោះឪពុកម្តាយសាច់ញាតិក្មេងស្រីរងគ្រោះបានយកកូនទៅមន្ទីរពេទ្យ ហើយបានប្តឹងនគរបាលប៉ុស្តិ៍សំរោងក្រោមឱ្យចាប់ខ្លួនតែម្តង។
អង្គហេតុបង្ហាញទៀតថា ស្ត្រីជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ផ្តន្ទាទោសដាក់ពន្ធនាគារ ១២ ឆ្នាំ ចោទពីបទទារុណកម្ម និងអំពើឃោរឃៅស្ថានទម្ងន់ទោសនឹងជនរងគ្រោះតាមមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យស្ត្រីជាប់ចោទសងសំណងជំងឺចិត្តទៅឪពុកម្តាយក្មេងស្រីរងគ្រោះចំនួន ២០០ លានរៀល។
ប៉ុន្តែដោយមិនសុខចិត្តនឹងសាលក្រមនេះស្ត្រីជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ហើយសាលាឧទ្ធរណ៍បានបើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២១ សម្រេចបង្វិលសាលក្រមសាលាដំបូងរាជធានីភ្នំពេញនៅដដែល៕
វីដេអូ៖