ព្រះវិហារ: ខេត្តព្រះវិហារ​ជា​ខេត្ត​ទិសដៅ​ទី​ ២ បន្ទាប់ពី​ខេត្តស្ទឹងត្រែង​ដែល​ត្រូវបាន​ជ្រើសរើស​យកមក​រៀបចំ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​ ដែលជា​ការផ្តួចផ្តើម​គំនិត​ និង​ដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន ដោយមាន​ការចូលរួម​ពី​អង្គការ​ដៃគូ​អភិរក្ស​នានា​ផងដែរ​។

យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ១៦ ​ខែឧសភា ឆ្នាំ​ ២០២២ នៅក្នុង​សហគមន៍​ទេសចរណ៍​ធម្មជាតិ ត្មាតប៉ើយធឿន​ក្រសាំង ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ក្នុងស្រុក​ជាំក្សាន្ត ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដោយមាន​ការចូលរួម​ពី​រដ្ឋបាល​ខេត្តព្រះវិហារ អាជ្ញាធរ​ស្រុក អង្គការ​ដៃគូ និង​បងប្អូន​ប្រជាសហគមន៍​។

ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២២ នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្មទេព ខេត្តព្រះវិហារ លោក​ នេត្រ ភក្ត្រា លើក​ឡើង​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​រយៈពេល​ ៦​ ខែ ក្នុង​ខេត្ត​ចំនួន​ ៦ នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ​​រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​កំពង់ធំ មាន​ការផ្តួចផ្តើម​ និង​ដឹកនាំ​ធ្វើ​ដោយ​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​ដែល​សហការ​ក្នុង​ការងារ​អភិរក្ស​។ យុទ្ធនាការ​នេះ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​មានជំនឿថា នឹង​ចូលរួម​កែប្រែ​ឥរិយាបថ​ពលរដ្ឋ​មួយចំនួន​ដែល​និយម​ហូប​សាច់សត្វ​ និង​ចូលរួម​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​អន្ទាក់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា មិន​ត្រឹមតែ​ផ្តល់​ជម្រក​កន្លែង​រក​ចំណី​ និង​ប្រភពទឹក​សម្រាប់​សត្វព្រៃ​រស់​នៅ​នោះទេ​តែ​ក៏​ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ ​និង​ជីវចម្រុះ​ក្នុងការ​រស់នៅ​ផងដែរ​។

លោក​ថ្លែងថា ការកំណត់​យក​ខេត្ត​​ទាំង​ ៦ ជា​គោលដៅ​នៃ​យុទ្ធនាការ​នេះ ក៏​ព្រោះ​ខេត្ត​ទាំង​ ៦ ​នេះ​មាន​ផ្ទៃដី​ភាគច្រើន​គ្របដណ្តប់​ដោយ​តំបន់​ការពារ​​ធម្មជាតិ​ដែលមាន​វត្តមាន​ព្រៃឈើ​ និង​សត្វព្រៃ ហើយ​ខេត្ត​ទាំងនេះ​មាន​សកម្មភាព​លក់​សាច់​សត្វព្រៃ​ខុសច្បាប់​នៅតាម​ទីផ្សារ​ និង​នៅតាម​តំបន់​នានា​នាពេល​កន្លងមក ដែល​យើង​ចាំបាច់​ត្រូវ​អប់រំ​ផ្សព្វផ្សាយ ទប់ស្កាត់​ និង​បង្ក្រាប​ឱ្យបាន​មាន​ប្រសិទ្ធភាព​ខ្ពស់ ក៏ដូចជា​កែប្រែ​ឥរិយាបថ​ពលរដ្ឋ​មួយចំនួន​ឱ្យ​បញ្ឈប់​ការហូប​សាច់សត្វ​ព្រៃ និង​បញ្ឈប់​ការដាក់​អន្ទាក់​សត្វព្រៃ​។

លោក​ កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS តំណាងឱ្យ​អង្គការ​ដៃគូ​អភិរក្ស​ជាមួយ​ក្រសួងបរិស្ថាន​បាន​អបអរសាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុងការ​រៀបចំ​យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ​ដោយ​លោក​ចាត់ទុកថា​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការអភិរក្ស​ធនធាន​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ ដោយ​បញ្ឈប់​តម្រូវការ​សាច់​សត្វព្រៃ​ក្នុង​ក្របខ័ណ្ឌ​ខេត្ត​ក៏ដូចជា​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។

លោក​បន្តថា​៖ «​តាមរយៈ​យុទ្ធនាការ​នេះ យើង​នឹង​អាច​ឈានដល់​ការរៀបចំ​លិខិតបទដ្ឋាន​បន្ថែម ដើម្បី​កំណត់​លើ​ការប្រើប្រាស់​អន្ទាក់​សម្រាប់​ដាក់​សត្វព្រៃ​​និង​ជំរុញ​ទៅលើ​ការអនុវត្ត​ច្បាប់ និង​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ពី​ការដាក់​អន្ទាក់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»​។

លោក នេត្រ ភក្ត្រា ក៏បាន​លើកឡើង​ដែរ​ថា ធនធាន​សត្វ​ព្រៃរបស់​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ដោយសារ​វិបត្តិ​នៃ​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ដែល​បាននិង​កំពុង​កើតឡើង បណ្តាល​មកពី​ការប្រើប្រាស់ និង​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​និង​អង្គការ​អន្តរជាតិ​ជា​ដៃគូ​ក្នុង​វិស័យ​បរិស្ថាន​បាន​មក​រួមគ្នា​នៅថ្ងៃនេះ​ ដើម្បី​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​»​។

លោក​បន្តថា គោលដៅ​ចម្បង​នៃ​យុទ្ធនាការ​នេះ​គឺ​ការ​ឈានទៅ​លុបបំបាត់​ការប្រើ​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា​។ ​ក្នុង​ឆ្នាំ​ ២០២១ ក្រសួងបរិស្ថាន​ និង​ស្ថាប័ន​អង្គការ​ដៃគូ​បាន​ដក​អន្ទាក់​សរុប​បាន ៦១ ៦១១ ​អន្ទាក់ ចេញពី​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៧២ និង​ច្រករបៀង​ជីវចម្រុះ​ផ្សេងៗ​​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។ ​ជា​មធ្យម ក្នុង​ ១ ​ឆ្នាំមាន​អន្ទាក់​ប្រមាណ​ជាង​ ៤០ ០០០ ត្រូវបាន​ដកចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​។

តាមរយ:​យុទ្ធនាការ​នេះ ក្រសួង​បរិស្ថាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បញ្ឈប់​ការទទួល​ទាន​សាច់​សត្វព្រៃ​ និង​ជាវ​ផលិតផល​ពី​សត្វព្រៃ​​ដទៃទៀត​ជាដាច់ខាត​។

លោក នេត្រ ភក្ត្រា អំពាវនាវ​ថា​៖ «​យើងខ្ញុំ​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​និយាយថា​ទេ​ចំពោះ​សាច់សត្វ​​ព្រៃ និង​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យនៅ​ស្ថិតស្ថេរ​គង់វង្ស​»​។

ជាមួយ​គ្នានេះ លោក ភក្ត្រា បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ចូលរួម​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​នៃ​ការចាប់​ដាក់​អន្ទាក់ ប្រមាញ់ និង​ប្រមូល​ពង​សត្វព្រៃ​គ្រប់​ប្រភេទ និង​បទល្មើស​នៃ​ការជួញដូរ​សត្វព្រៃ​ និង​សំណាក​សត្វព្រៃ ដើម្បី​ចូលរួម​ការពារ​ និង​អភិរក្ស​សត្វព្រៃ​ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ឱ្យបាន​គង់វង្ស និង​រីកចម្រើន​សម្រាប់​បន្សល់ទុក​ដល់​មនុស្ស​រាប់​ជំនាន់​ទៀត​៕