
មន្ត្រីនគរបាលពិនិត្យកន្លែងរថភ្លើងបុកមនុស្សស្លាប់។ រូបថត FB
ព្រះសីហនុៈ បុរសគថ្លង់ម្នាក់ត្រូវបានរថភ្លើងបុកខ្ទាតចេញពីផ្លូវរថភ្លើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលថ្ងៃទី ១៥ ឧសភា ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមនគរបាលចរាចរណ៍ផ្លូវគោកស្រុកព្រៃនប់។
លោក សួន គឹមសំ អធិការរងទទួលផែននគរបាលសណ្តាប់ធ្នាប់ស្រុកព្រៃនប់ ឱ្យដឹងនៅថ្ងៃទី ១៦ ឧសភា ថា បុរសរងគ្រោះឈ្មោះ តូង ម៉ៅ អាយុ ៣០ ឆ្នាំនៅលីវ ហើយជាមនុស្ស គថ្លង់ និងស្នាក់នៅជាមួយបងប្អូនក្នុងភូមិសំរុងក្រោម ឃុំ សំរុង ស្រុកព្រៃនប់។ ជនរងគ្រោះត្រូវបានរថភ្លើងបុកខ្ទេចមុខប៉ើងទៅម្ខាងនៃផ្លូវរថភ្លើង។
លោកប្រាប់ថា៖ «យើងមិនដឹងថា បុរសរងគ្រោះជាមនុស្សញៀនស្រា ឬក៏អត់ទេ តែពេលគ្រោះថ្នាក់នោះ គេឃើញគាត់យួរថង់ដែលមានកំប៉ុងស្រាបៀរហ្គេនស៍ប៊ឺគ ១ កំប៉ុង ២ ផង។ រថភ្លើងបានបុកគាត់ខ្ទាតចេញពីផ្លូវរត់ប្រហែល ៣ ម៉ែត្រ»។
លោកបន្តតាមសម្តីសាក្សីនៅក្បែរកន្លែងកើតហេតុថា នៅមុនពេលកើតហេតុវេលាម៉ោងជិត ១២ ថ្ងៃត្រង់ថ្ងៃទី ១៥ ឧសភា គេបានឃើញជនរងគ្រោះយួរថង់ដែលមានកំប៉ុងស្រាបៀរហ្គេនស៍ប៊ឺគ ២ កំប៉ុងហើយទៅអង្គុយលើផ្លូវរថភ្លើង។ មួយសន្ទុះក្រោយមកស្រាប់តែមានរថភ្លើង ១ ខ្សែបរមកពីទិសរាជធានីភ្នំពេញក្នុងទិសដៅឆ្ពោះទៅក្រុងព្រះសីហនុ។ ពេលនោះដែរគេបានឮសំឡេងរថភ្លើងស៊ីផ្លេជាសញ្ញា ដើម្បីប្រាប់ឱ្យជនរងគ្រោះដើរចេញពីផ្លូវរថភ្លើងតែដោយសារជនរងគ្រោះជាមនុស្សគហើយថ្លង់ស្តាប់មិនឮផងនោះធ្វើឱ្យរថភ្លើងបើកបុកពេញទំហឹងតែម្តង។
លោកបន្តទៀតថា ភ្លាមៗនោះដែរគេបានឃើញជនរងគ្រោះខ្ទាតទៅផ្នែកម្ខាងនៃផ្លូវរថភ្លើង ខណៈអ្នកបើករថភ្លើងក៏គេមិនដឹងបុកមនុស្សស្លាប់ឬយ៉ាងណាទេបន្ទាប់មករថភ្លើង ១ ខ្សែនោះបានបន្តដំណើរទៅបាត់ទៅ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍សំរុង ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តមកលោកដើម្បីចុះពិនិត្យសាកសព។
បើតាមលោកអធិការរង គឹមសំ ចំពោះរថភ្លើងដែលបុកជនរងគ្រោះស្លាប់នោះមិនត្រូវបានស្គាល់ថា មានភិនភាគយ៉ាងណាទេ ព្រោះសមត្ថកិច្ចលោកទៅមិនទាន់។ រីឯជនរងគ្រោះវិញត្រូវបានរថភ្លើងបុកខ្ទេចអស់ផ្ទៃមុខ និងក្រោយពីបានធ្វើកំណត់ហេតុរួចមកលោកបានប្រគល់សាកសពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធការគ្រោះថ្នាក់ស្លាប់មនុស្ស ដោយសាររថភ្លើងនេះត្រូវបានលោកបញ្ជាក់ថា នៅតំបន់ផ្លូវរថភ្លើងឆ្លងកាត់ក្នុងស្រុក ព្រៃនប់ ប្រសិនបើកន្លែងណាមានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវរថភ្លើងគឺខាងភាគីរថភ្លើងសហការជាមួយសមត្ថកិច្ចរបស់លោកដាក់បារ៉ាស់ ឬមានជាសំឡេងស៊ីរ៉ែនប្រាប់ជាដំណឹងដើម្បីផ្អាក ឬបញ្ឈប់ការធ្វើដំណើរឆ្លងកាត់របស់យានយន្តជាបណ្តោះអាសន្ន ដើម្បីឱ្យរថភ្លើងឆ្លងកាត់។
ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់វិញត្រូវបានលោកមេធាវី ផុន ធារិន បានពន្យល់ថា ករណីនេះបើទោះជារថភ្លើងនេះជារបស់រដ្ឋក្តីជារបស់កម្មសិទ្ធិឯកជនក្តីគឺសាច់ញាតិរបស់ជនរងគ្រោះមានសិទ្ធិប្តឹងបានទាំងអស់។ បើជាស្ថាប័នឯកជនគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនឯកជន បើជាស្ថាប័នរដ្ឋក៏ដូចគ្នាដែរហើយបើគេរកឃើញថាត្រឹមតែទទួលខុសត្រូវលើផ្នែកសំណង ឬការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌគឺស្ថាប័ននោះត្រូវតែទទួលខុសត្រូវ។
លោកបន្តថា នៅក្នុងរដ្ឋមានស្ថាប័នដែលស្វយ័ត ឬក៏ស្ថាប័នដែលទទួលខុសត្រូវទៅលើសកម្មភាពកិច្ចការងារណាមួយជារបស់ខ្លួនមិនមែនថាឱ្យតែមានឈ្មោះរដ្ឋគឺប្រគល់ឱ្យរដ្ឋទាំងស្រុងគឺអត់ទេតែជាការទទួលខុសត្រូវទៅតាមបែបបទទៅតាមតួនាទី និងមានការទទួលខុសត្រូវទៅលើស្ថាប័នរបស់ខ្លួនចំពោះសកម្មភាពផ្សេងៗ។ តែបើក្នុងករណីជនរងគ្រោះជាមនុស្ស គ ថ្លង់ ហើយគាត់បានចូលក្នុងតំបន់ហាមឃាត់បែបនេះអ៊ីចឹងជាការបំពានរបស់បុគ្គលដែលជាជនរងគ្រោះនោះទេ។
លោកបានថ្លែងថា៖ «បុគ្គលនោះដឹងហើយថាកន្លែងរថភ្លើងឆ្លងកាត់អាចនឹងគ្រោះថ្នាក់ហើយនៅតែបំពានបម្រាមទៅលើគំនូសបង្ហាញក៏ដូចជាបំពានលើតំបន់គ្រោះថ្នាក់ដូចនេះខាងរថភ្លើងគ្មានកំហុសទេ»៕