ប៉ៃលិនៈ ​បុរស​ម្នាក់​បាន​របួសធ្ងន់​ដោយ​ដាច់​ជើងឆ្វេង​ម្ខាង​ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​គាត់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ ប៉ះចំ​លើ​គ្រាប់​មីនតោន​ហើយ​ផ្ទុះ កាលពី​វេលា​ម៉ោង ១១ ​ព្រឹក​ថ្ងៃទី​ ១៥ ខែឧសភា នៅ​ភូមិ​ស្ទឹ​កុយ ឃុំ​សាលាក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ខណៈ​ត្រាក់ទ័រ​ ១ ​គ្រឿង​ដែល​យកមក​ភ្ជួរ​ដី​នោះ​ត្រូវ​បំផ្លាញ​ទាំងស្រុង​។

លោក​វរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹង​នៅ​ថ្ងៃ​​ទី​ ១៦ ខែឧសភា​ថា ករណី​ផ្ទុះ​គ្រាប់​មីនតោន​នេះ បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ត្រាក់ទ័រ​របួស​ដាច់​ជើងឆ្វេង និង​ត្រាក់ទ័រ​ ១ ​គ្រឿង ដែល​គាត់​បើក​ភ្ជួរ​ដី​​ស្រែ​ត្រូវ​បំផ្លាញ​ទាំងស្រុង​។

លោក​ថា ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន និង​ត្រូវបញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។

លោក​បាន​ឱ្យដឹងទៀតថា​បុរសរងគ្រោះ​រូបនោះ​មាន​ឈ្មោះ មឿន សិលា អាយុ​ ២៥​ ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​ត្រាក់ទ័រ​ស៊ីឈ្នួល​ឱ្យគេ​មាន​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលាក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​។ ​ជនរងគ្រោះ​របួស​ដាច់​កជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ របួស​ដងខ្លួន និង​បែកក្បាល​។

លោក​ថ្លែងថា​៖ «​និយាយ​រួម​គាត់​ភ្ជួរ​ដីស្រែ មិនមែន​ទើបតែ​ធ្វើ​ថ្មី​ទេ គាត់​ធ្វើ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ដី​ហ្នឹង​របៀប​ដូច​ថា ដី​វា​ទើបតែ​រាក់​ក៏​មិនដឹង ពីមុន​វា​នៅ​ជ្រៅ​អ៊ីចឹងទៅ​។ ​ម្ចាស់​ដី​ហ្នឹង​ទៅ​ជួល​ដី​គេ​ហើយ​អ្នកបើក​ហ្នឹង​ក៏​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យគេ​ដែរ ហើយ​ម្សិលមិញ​ហ្នឹង​យើង​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ហើយ​បញ្ជូនបន្ត​ទៅដល់​បាត់ដំបង​ស្ថានភាព​គាត់​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​»​។

លោក​ ហេង រតនា អគ្គនាយក​​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ថ្លែង​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​ថា ខេត្ត​ប៉ៃលិន​ជា​អតីត​សមរភូមិ​សង្គ្រាម​យូរ​ជាងគេ​និង​មាន​ភាពស្មុគស្មាញ​ជាងគេ​។ បច្ចុប្បន្ន​មាន​កម្លាំង​ស៊ីម៉ាក់​ជាង​ ១០០​ នាក់​បាននិង​កំពុង​បោសសម្អាត​គ្រាប់មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​នៅ​ទីនោះ​ដោយ​បោសសម្អាត​បាន​ផ្ទៃដី​មាន​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​បាន ៦០ ​ភាគរយ​ហើយ​។ លោក​ប្រាប់ថា ជា​គោលដៅ CMAC នឹង​បោស​សម្អាត​មីន​ឱ្យបាន​រួចរាល់​សម្រាប់​​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​គ្មាន​មីន នៅ​ឆ្នាំ ​២០២៥​។

ជាមួយ​គ្នានេះ លោក ហេង រតនា បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អតីត​សមរភូមិ ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ និង​រាយការណ៍​ជាបន្ទាន់​ទៅ​កម្លាំង​សមត្ថកិច្ច កម្លាំង​ស៊ីម៉ាក់ និង​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​មាន​ព័ត៌មាន​ទាក់ទង​នឹង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដើម្បីឱ្យ​សមត្ថកិច្ច​អាចជួយ​អន្តរាគមន៍​ទាន់ពេលវេលា​ និង​ធានា​សុវត្ថិភាព​ជូន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ជា​តំបន់​ដែល​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​បើ​មាន​ព័ត៌មាន​មានអី​បន្ថែម​សូម​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច ជាពិសេស​កម្លាំង​នគរបាលជាតិ អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ CMAC នៅ​ទីនោះ ដើម្បី​យើង​ងាយស្រួល​ឆ្លើយតប​តាម​សំណូមពរ​រុករក​ធានា​សុវត្ថិភាព​»៕