ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​សកម្ម​ខាង​ប្លន់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពីសមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី ១៦​ ឧសភា​ នៅ​ភូមិដំណាក់​ធំ៣ ​សង្កាត់​ស្ទឹង​ មានជ័យ​ទី៣ ​ខណ្ឌ​មានជ័យ ។

លោក ​អេង សោភា ​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ឱ្យដឹង​នៅ​ថ្ងៃទី១៧​ ឧសភា ​ថា ​បុរស​សង្ស័យ​ឈ្មោះ​លី បូរិទ្ធ ​ដែល​ពាក់ព័ន្ធ​បទល្មើស​ប្លន់ ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់​លោក​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក​ថ្លែងថា​៖«ជនសង្ស័យ​យើង​កំពុងតែ​កសាង​សំណុំរឿង​តាម​នីតិវិធី​ ដើម្បី​បញ្ជូន​គាត់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​បន្ត។ ព្រោះ​អី​គាត់​មាន​បទល្មើស​៣ករណី​ហើយ​យើង​បំបែក​សំណុំរឿង​ជា​៣ដែរ»។

លោក​ប្រាប់ថា​ កាលពី​វេលា​ម៉ោង​ជាង​១២រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី១១ ​ឧសភា ​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើង​ខ្លី​ធ្វើ​សកម្មភាព​បាញ់​ប្លន់​នារី​រងគ្រោះ​ម្នាក់​ចំនួន​២គ្រាប់ ​តែ​មិន​ចំ​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៥B ​ផ្លូវ៤១៨ ​ភូមិ៤ ​សង្កាត់​ទួលទំពូង​ទី២ ​ខណ្ឌ​ចំការមន។ ​ធ្វើឱ្យ​នារី​រងគ្រោះ​ម្នាក់​នោះ​ភ័យ​សន្លប់ ​តែ​មិន​យកបាន​ម៉ូតូ​ស្កូប​ពី ​ពណ៌​ស ​ សេរី​២០២២​របស់​នាង​ទេ​ដោយសារ​តែ​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច។

លោក​បន្តថា ​លើក​ទី២​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ជន​រងគ្រោះ​នៅវេលា​ម៉ោង​២២ ​និង​១០នាទី ​យប់​ថ្ងៃ​ទី១២​ ខែ ឧសភា ​ឆ្នាំ២០២២ ​នៅ​ក្រុម​ទី៤២ ​ភូមិ៥ ​សង្កាត់​បឹង​កេងកង​ទី២ ​ខណ្ឌ​បឹង​កេងកង ​ភ្ជង់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ម៉ាក​ សេ១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​២០១៦ ពាក់​ស្លាក​លេខ 1-DH4502 ​និង​ធុង​ដឹកជញ្ជូន​ម៉ាក EGETS ពណ៌​ទឹកក្រូច។ ​លើក​ទី៣​ នៅ​វេលា​ម៉ោង​៥ ​និង​៤៥នាទី​ព្រឹក​ថ្ងៃ​ទី១៥ ​ខែឧសភា ​ឆ្នាំ២០២២ ​ជនសង្ស័យ​បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពណ៌​ក្រហម​១គ្រឿង​ ពី​ជន​រងគ្រោះ ​ពាក់​ស្លាក​លេខ​HZ0553 ​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ​សង្កាត់​ស្ទឹង​មានជ័យ​ទី២ ​ខណ្ឌ​មាន​ជ័យ ​រាជធានី​ភ្នំពេញ។

បើ​តាម​លោក​សោភា ​បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ទាំង​៣លើក​មក ​សមត្ថកិច្ច​ជំនាញ​នៅតាម​ខណ្ឌ​ដែល​ជនសង្ស័យ​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​នោះ ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទទួល​បាន​គោលការណ៍​ពី​លោក​ឧត្តម​សេនីយ៍​ឯក ​ស ថេត ​អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ឱ្យ​កម្លាំង​របស់​លោក​បើក​ការស្រាវជ្រាវ​ឈាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​លី បូរិទ្ធ ​នៅ​ចំណុច​ផ្ទះ​បិទ​ស្កុត​ម៉ូតូ ​ផ្លូវ​៣០ម៉ែត ​នៅ​ភូមិ​ដំណាក់​ធំ៣ ​សង្កាត់​ស្ទឹង​មានជ័យ​ទី៣ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

ទន្ទឹម​នឹង​ការចាប់​បាន​ជនសង្ស័យ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​របស់​ចម្រុះ​ដកហូត​បាន​វត្ថុតាង ​ដូចជា ​កាំភ្លើង​ខ្លី ​ចំនួន​២ដើម​ ម៉ាក់ ​k 54 ​មាន​គ្រាប់​ចំនួន​១៤គ្រាប់ ​អាយកូម​ចំនួន​២គ្រឿង ​ម៉ូតូ​ម៉ាក​អាយ​ខុន ​ពណ៌​ស​ត្រួយ​ចេក ​ពាក់​ស្លាក​លេខ AR- 9589 ​និង ​ម៉ាក​អិច​ស៊ិច​ទ័រ ​ពណ៌​ខ្មៅ ​ពាក់​ផ្លាក​លេខ​AV-៨៨៨៨៕