​ភ្នំពេញៈ​ លោក ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ឆែក បានផ្តល់​ជំនួយ​ជា​សម្ភារ​ឧបករណ៍​វេជ្ជសាស្ត្រ​មានតម្លៃ​ជិត ៤០ ម៉ឺន​ដុល្លារ​អាមេរិក​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ថ្ងៃទី ១៧ ខែឧសភា ដើម្បី​បើក​ដំណើរការ​ផ្នែក​សម្ភព និង​ចូលរួម​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មាតា និង​ទារ​កនៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោកថ្លែងប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧ ខែឧសភា​ថា ពិធី​ទទួល​សម្ភារ​វេជ្ជសាស្ត្រ​ទាំង​នោះបាន​ធ្វើឡើង នៅ​ថ្ងៃទី ១៧ ខែឧសភា ក្រោម​វត្តមាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​លោក ម៉ា​ទីន វ៉ា​វ​រ៉ា ( Martin Vávra) ឯកអគ្គរដ្ឋទូត នៃ​ស្ថានទូត​សាធារណរដ្ឋ​ឆែក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ប្រាប់ថា នេះ​ជា​លើក​ទី ៣ ហើយ ដែល​មន្ទីរពេទ្យ​កុមារ​ជាតិ បានទទួល​សម្ភារ​ឧ​បករ​ណ៏​វេជ្ជសាស្ត្រ​បន្ថែម​ពី​សាធារណរដ្ឋ​ឆែក​។ ការទទួលបាន​លើក​នេះ​មាន​សម្ភារ​ចំនួន ២៧ មុខ ស្មើនឹង ១២៤ គ្រឿង គិត​ជា​ទឹកប្រាក់​ចំនួន ជិត​៤០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ផ្តល់​ឲ្យ​ក្នុង​គោលបំណង​បើក​ឲ្យ​ដំណើរការ​អគារ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មាតា​និង​ទារក​នៅ​កម្ពុជា​។

លោក ថ្លែងថា សម្ភារ​បរិក្ខារ​ពេទ្យ​លើក​ទី ១ ដែល​សាធារណរដ្ឋ​ឆែក​ផ្តល់​ឲ្យ​គឺ សរុប​ជា​ទឹកប្រាក់​ជាង ៣០ ម៉ឺន​ដុល្លារ បានដាក់​ឲ្យ​ដំណើរការ​នៅ​ផ្នែក​ជំងឺ​ទារក និង​ផ្នែក​ជំងឺ​ធ្ងន់​នៅ​ឆ្នាំ ២០២០ រួមជាមួយ​ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព​គ្រូពេទ្យ និង​គិលានុបដ្ឋាក​លើ​ជំនាញ​ព្យាបាល​ថែទាំ​ជំងឺ​ទារក និង​លើក​ទី ២ ផ្តល់​សម្ភារ​ផ្នែក​បណ្តុះបណ្តាល ចំនួន ៨ មុខ ស្មើនឹង ៤៩ គ្រឿង រួម​និង​សម្ភារ​សម្រាប់​វិ​ជ្ជ​សាស្ត្រ​ផ្នែក​កូ​វីដ​១៩ ដែល​សរុប​ជា​ទឹកប្រាក់​ជិត ៣០ ម៉ឺន​ផងដែរ​។ ការទទួលបាន សម្ភារ​វេជ្ជសាស្ត្រ​ទំនើប​បែបនេះ​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការទទួល​ព្យាបាល និង​ធ្វើ​ឲ្យ​គុណភាព​នៃ​ការព្យាបាល​បាន​កាន់តែ​ល្អប្រសើ​។

លោក​ថ្លែងថា​៖«​ជាធម្មតា​ពេល​យើង​មាន​សម្ភារ​វេជ្ជសាស្ត្រ​ទំនើប មានអី អ៊ីចឹងទៅ វា​ជួយ​ឲ្យ​គុណភាព​នៃ ការព្យាបាល​ហ្នឹង​កាន់តែ​បានល្អ​។​​ មាន​សម្ភារ​ហ្នឹង​គឺអាច​ជួយ​ទាំង​ម្តាយ​និង​ទារ​កអី​សព្វគ្រប់​បែបយ៉ាង​ទាំងអស់​។ សម្ភារ​ទំនើប​ដូច​ស្រុក​គេ​អ៊ីចឹង គេ​មានអី​យើង​មាន​ហ្នឹង​ដែរបាទ​» ។

លោក​ថា ក្រៅពី​ជំនួយ​សម្ភារ​វេជ្ជសាស្ត្ររ​ដ្ឋា​ភិ​បាល នៃ​សាធារណរដ្ឋ​ឆែក បាន​ជួយ​បណ្តុះបណ្តាល​បុគ្គលិក​ពេទ្យ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ និង​បានផ្តល់​វេជ្ជបណ្ឌិត​ជំនាញ​នៅ​ផ្នែក​សម្ភព​ម្នាក់​មកជួយ​ការងារ​រយៈពេល​មួយឆ្នាំ​ផងដែរ​។ គុណភាព​នៃ​គ្រូពេទ្យ​កម្ពុជា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​កាន់តែ​មានចំណេះដឹង​ប្រកបដោយ​គុណភាព​ជាង​មុន តាមរយៈ​បានទទួល​ការសិក្សា​នៅ​សាធារណរដ្ឋ​ឆែក ជាក់ស្តែង នៅ​ឆ្នាំ ២០២៣ ខាងមុខនេះ គ្រូពេទ្យ​ជំនាញ​ផ្សេងៗ​មាន ឆ្មប​ជាដើម សរុប​ចំនួន​ប្រមាណ ២០ នាក់ នឹង​ចេញទៅ​សិក្សា​រៀនសូត្រ​នៅ​ជំនាញ​បន្ថែម​នៅ​សាធារណរដ្ឋ​ឆែក​។

លោក​ថា ក្នុងការ​ចូលរួម​ទទួល​សម្ភារ​វេជ្ជសាស្ត្រ​នេះ លោក ម៉ម ប៊ុនហេង បាន​សម្តែង​ភាព​រីករាយ និង​បានលើកឡើង​ពី​ក្តី​សង្ឃឹមថា ធនធាន​ទាំងនេះ​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ឲ្យ​កាន់តែ​រឹងមាំ និង​មាន​ទំនុកចិត្ត​ខ្លាំង​ក្នុងការ​ផ្តល់ជូន​នូវ​សេវា​សុខាភិបាល​ពេញលេញ​ផ្នែក​សម្ភព និង​ទារក ដែល​ជួយ​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​តាំងពី​នៅក្នុង​ផ្ទៃ​ម្តាយ រហូតដល់​ប្រសូត​ចេញ​។ ជាមួយគ្នានេះ​សម្ភារ​វេជ្ជសាស្ត្រ​ទាំងនេះ​នឹងចូលរួម ថែទាំ​ព្យាបាល​បន្ត​លើ​បញ្ហា​សុខភាព​ផ្សេងៗ​របស់​ទារក និង​កុមារ ព្រមទាំង​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​យ៉ាងសកម្ម ស្របតាម​ទស្សនវិស័យ និង​ជំហាន​អភិវឌ្ឍន៍​របស់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​៕