
សម្ភារប្រើសម្រាប់ការឃោសនាបោះឆ្នោត មានតម្រូវការខ្ពស់ពីគណបក្សនានា។ ហេង ជីវ័ន
ភ្នំពេញៈ សម្ភារមានទាំងអាវ មួក ស្ទិកឃ័របិទរថយន្ត និងទង់របស់គណបក្សនយោបាយមានតម្រូវការខ្ពស់ពីអ្នកគាំទ្រគណបក្សនយោបាយនានា ដែលបានបញ្ជាទិញពីហាងបោះពុម្ពសម្រាប់ត្រៀមយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
លោកស្រី ប៊ូ សារុំ ម្ចាស់ហាងបោះពុម្ពអាវ 5 Stars ស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែឧសភា ថា ចាប់តាំងពីមានផែនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះមានតម្រូវការទាំងមួក អាវ ស្ទិកឃ័រ និងទង់យ៉ាងច្រើនពីគណបក្សនយោបាយ ទិញយកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខនេះ។
លោកស្រីបន្តថាពីមុន លោកស្រីគិតថា ប្រហែលជាគ្មានតម្រូវការច្រើនបែបនេះនោះទេ ព្រោះកម្ពុជាជួបនូវការរីករាលដាលនៃជំងឺកូវីដ ១៩។ ប៉ុន្តែផ្ទុយទៅវិញ គឺមានតម្រូវការខ្ពស់ ដោយពេលខ្លះស្ទើរតែបោះពុម្ពមិនគ្រប់តាមតម្រូវការ ព្រោះមិនបានត្រៀមទុកដូចកាលពីការបោះឆ្នោតអាណត្តិមុនៗ។
លោកស្រីថា៖ «គេកុម្ម៉ង់ ច្រើន មានមួក អាវ បដា ស្ទិកឃ័រយកទៅបិទឡាន និងទង់របស់គណបក្ស ដើម្បីយកទៅប្រើប្រាស់ពេលបោះឆ្នោត។ ពីមុនយើងចេះតែខ្លាចក្រែងមានកូវីដ ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានសម្ទុះខ្លាំង ដែលក្នុងរយៈពេល ១ ខែចុងក្រោយនេះ យើងលក់បាន ៥ ម៉ឺនទាំងមួក និងអាវជាមួយនឹងសម្ភាររាប់ពាន់ផ្សេងទៀតដែរ»។
ទោះជាយ៉ាងណា លោកស្រីថា សម្រាប់តម្រូវការសម្ភារទាំងនេះមានតម្រូវការតិចជាងការបោះឆ្នោតអាណត្តិមុន ព្រោះពេលវេលាមានរយៈខ្លី ដែលកាលពីការបោះឆ្នោតអាណត្តិមុនៗ លោកស្រីបានបោះពុម្ពពីចម្ងាយមកមុន ពោលគឺរវល់ ១ ឆ្នាំពេញ ប៉ុន្តែអាណត្តិនេះបានដកឃ្លាដោយសារតែកូវីដ និងមិនហ៊ានបោះដើមទុន។
លោក អ៊ួន សារ៉ាត់ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ៣ ទសវត្សរ៍បាននាំប្រពន្ធរបស់លោកមកទិញអាវ និងមួកនៅហាងបោះពុម្ពមួយកន្លែងនៅម្តុំវិមានឯករាជ្យ ដើម្បីចូលរួមឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
លោក អ៊ួន សារ៉ាត់ ដែលមានអាយុប្រមាណ ៥១ ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង និង បច្ចុប្បន្នស្នាក់នៅក្នុងរាជធានីភ្នំពេញប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា លោក និងភរិយារបស់លោកបានស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមកដោយលោកបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គ្រាប់អាណត្តិ ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមក។ លោកបន្តថា ការទិញអាវ និងមួកនេះ គឺឱ្យសមទៅនឹងទម្រង់របស់ខ្លួន និងចង់បានអាវដៃវែង ដើម្បីការពារពន្លឺថ្ងៃ ព្រោះការឃោសនាបោះឆ្នោតមានរយៈពេល ១៤ ថ្ងៃ។ តែយ៉ាងណា អាវរបស់គណបក្សក៏មានក្រុមការងារចែកឱ្យដែរ ប៉ុន្តែ វាមិនសមជាមួយនឹងខ្លួនរបស់លោក។
លោកថ្លែងថា៖ «ការទិញអាវ និងមួកនេះ គឺចាយលុយដោយខ្លួនឯងប្រមាណ ៧ ទៅ ៨ ដុល្លារ វាមិនអស់ច្រើនប៉ុន្មានទេ មួយរដូវបោះឆ្នោតម្តង យើងធ្វើឱ្យសមខ្លួនរបស់យើងទេ យើងមិនចាយជាប្រចាំណា យើងទិញតែម្តង មិនមែនបោះឆ្នោតឃុំ សង្កាត់ឯណា បោះឆ្នោតលើកក្រោយទៀត យើងពាក់បានទៀត»។
គណបក្សប្រជាជនកម្ពុជាបានរៀបចំទីតាំងឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅតាមបណ្តោយផ្លូវ វិថី រដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះការរៀបចំតុបតែង និងស្លាកគណបក្សស្ទើរតែចប់ ១០០%។ អ្នកគាំទ្រមួយរូបរបស់គណបក្សនេះដែលនៅទីតាំងនេះ ស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា គណបក្សបានដាក់ទង់គណបក្ស ឧបករណ៍បំពងសំឡេង និង ចែកខិត្តប័ណ្ណជូនដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ សម្រាប់ធ្វើការផ្សព្វផ្សាយនៅថ្ងៃឃោសនាបោះឆ្នោត។
លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់-ជាតិប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ឧសភាថា គណបក្សបានត្រៀមសម្ភារ ឧបករណ៍បំពងសំឡេង បណ្តាខិត្តប័ណ្ណ និងអាវ មួក ជាដើម បានគ្រប់គ្រាន់រួចហើយ សម្រាប់បម្រើឱ្យយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខនេះ។
លោកថ្លែងថា៖ «យើងមិនមានរៀបចំទីតាំងឃោសនាទេ យើងមានការឃោសនា ចាក់មេក្រូចល័ត ឃោសនាដោយហែក្បួន និងឃោសនាដោយថ្មើរជើង ចុះចែកខិត្តប័ណ្ណជម្រាបជូនពលរដ្ឋពីគោលនយោបាយរបស់គណបក្សខ្មែរស្រឡាញ់ជាតិ»។ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលមានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី ១៧ ខែឧសភា បានចេញសេចក្តីអំពាវនាវទៅដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការឃោសនាបោះឆ្នោតមានបំណងឱ្យគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងបេក្ខជនធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ»៕