ភ្នំពេញៈ ​បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​ពី​ការរកឃើញ​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី​យ៉ាង​ស្រួចស្រាល់​នៅ​ប្រទេស​ជាច្រើន​ដែល​កើត​ឡើង​លើ​កុមារ​ដោយ​មិនទាន់​រកឃើញ​ពី​មូលហេតុ​ច្បាស់លាស់​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​បាន​ស្នើឱ្យ​ក្រសួង​សុខាភិបាល​ត្រៀមខ្លួន​ទុកជាមុន​ក្នុងការ​បង្ការ​ជំងឺ​នេះ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​ ១៧ ឧសភា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ​(​ធីតា​)​ ថា មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី​បាន​កើតមានឡើង ទោះបីជា​ជំងឺ​នេះ​មិនទាន់​មកដល់​ប្រទេស​កម្ពុជា​នៅឡើយ​ក្ដី​។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​ត្រូវ​ត្រៀមខ្លួន​ជាមុន​ ​ដោយសារ​យើង​មិនដឹង​វា​នឹងមាន​ការបង្កើត​នូវ​ទម្រង់​ថ្មី​ណា​​ផ្សេងទៀត​នោះទេ​នូវ​ប្រភេទ​ជំងឺ​នានា​។ ​ឥឡូវនេះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី​គឺមាន​បញ្ហា​ទៀតហើយ ពិតមែនតែ​វា​មិនទាន់​មកដល់​យើង ក៏ប៉ុន្តែ​ថ្ងៃ​ណាមួយ​វា​នឹង​អាច​មកដល់​ដែរ​»​។

ទាក់ទង​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី​នេះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​កាលពី​សប្តាហ៍​មុន​ថា ចាប់ពី​ខែមេសា ឆ្នាំ​ ២០២២ ​កន្លងទៅនេះ អង្គការ​សុខភាព​ពិភពលោក​បានទទួល​របាយការណ៍​ពី​ប្រទេស​ចំនួន​ ២០​ ដែលមាន​ការរកឃើញ​ជំងឺ​នេះ​កើតមាន​ឡើងលើ​កុមារ​។

ជំងឺ​រលាក​ថ្លើម​ថ្មី​ដែល​កើត​លើ​កុមារ​នេះ​មិនមាន​ការពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ជាទូទៅ​ដែល​ត្រូវបាន​គេ​ស្គាល់​នោះទេ​។ ​ជំងឺ​រលាក​ថ្លើម​ជាទូទៅ​ដែល​ត្រូវបាន​ស្រាវជ្រាវ​ឃើញ​ និង​ប្រជាពលរដ្ឋ​ទូទៅ​លើស​កលលោក​ទទួលស្គាល់​ដែរនោះ រួមមាន ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B, C, D និង​ប្រភេទ E​។

លោកស្រី​មានប្រសាសន៍​ថា កម្ពុជា​មិនទាន់​រកឃើញ​ករណី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ថ្មី​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ក្នុងនាម​ក្រសួង​ជំនាញ​គឺ​តែងតែ​មាន​ការចាត់ចែង​ដោយ​ភាពសកម្ម និង​ការទទួល​ខុសត្រូវ​។ សម្រាប់​ការ​ព្យាបាល​នៃ​ជំងឺ​រលាក​ថ្លើម​ថ្មី​លើ​កុមារ​នេះ ក៏​មិនទាន់មាន​ការព្យាបាល​ណាមួយ​ច្បាស់លាស់​ផងដែរ ដោយ​អាស្រ័យ​លើ​រោគសញ្ញា​ដែល​ចេញមក​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា៖ «​ខ្ញុំ​សូម​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ប្រុងប្រយ័ត្ន បើទោះបី​ជា​នៅ​ប្រទេស​កម្ពុជា​យើង​មិនទាន់មាន​ករណី​ជំងឺ​នេះ​ក៏ដោយ ដោយ​ត្រូវការពារ​ខ្លួន ជាពិសេស​ត្រូវ​ចេះ​មើល​ការខុសត្រូវ​លើ​កូនចៅ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​»​។

ការបន្ត​ធ្វើ​អនាម័យ​ដោយ​ការរស់នៅ​ស្អាត ហូប​ស្អាត គឺ​​ជា​កត្តា​មួយ​សំខាន់​ណាស់ ជាពិសេស​ការលាង​សម្អាត​ដៃ និង​ការបរិភោគ​អាហារ​ដែល​អាចធ្វើឱ្យ​ចៀសវាង​បាន​នូវ​ជំងឺ​ថ្មី​នេះ​ និង​ជំងឺ​ផ្សេងៗ​ទៀតផង​ដែរ​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​ពី​លោកស្រី ឱ វណ្ណឌីន​។

យោងតាម​មជ្ឈមណ្ឌល​អឺរ៉ុប​សម្រាប់​ការបង្ការ និង​គ្រប់គ្រង​ជំងឺ​ (ECDC) ​បានលើកឡើង​ពីថ្ងៃ​ទី​ ១១ ខែឧសភា ថា ចាប់ពី​មានការ​ប្រកាសអាសន្ន​លើក​ដំបូង​ដោយ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី​ ៥ ខែមេសា ករណី​ដែល​អាច​កើតមាន​ជំងឺ​រលាក​ថ្លើម​ដែល​មិនទាន់​ស្គាល់​ចំពោះ​កុមារ​​នេះ​ត្រូវបាន​រាយការណ៍​ពី​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។

មជ្ឈមណ្ឌល​នេះ​បាន​ឱ្យដឹងថា​ «​នៅ​ទូទាំង​ពិភពលោក ចំនួន​ករណី​ជំងឺ​រលាក​ថ្លើម​ដ៏​អាថ៌កំបាំង ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​​ក្នុងចំណោម​កុមារ​បាន​កើនឡើង​ដល់ ៤៥០ ​ករណី ដោយ​បូករួម​​ទាំង​ការស្លាប់​ចំនួន ១១ ​នាក់​បន្ថែមទៀត ដែល​ត្រូវបាន​រាយការណ៍​ពី​ប្រទេស​ឥណ្ឌូនេស៊ី ប៉ាឡេស្ទីន និង​សហរដ្ឋអាមេរិក​»​។

មជ្ឈមណ្ឌល​អឺរ៉ុប សម្រាប់​​ការបង្ការ និង​គ្រប់គ្រង​ជំងឺ​ (ECDC) នឹង​បន្ត​តាមដាន​ព្រឹត្តិការណ៍​នេះ​តាមរយៈ​សកម្មភាព​ស៊ើបការណ៍​សម្ងាត់​នៃ​ជំងឺ​រាតត្បាត​របស់ខ្លួន​៕