ព្រះវិហារៈ ក្រសួង​បរិស្ថាន​កំពុង​តាក់តែង​ក្រម​​បរិស្ថាន​ ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ខណៈ​​បច្ចុប្បន្ន​ក្រសួង​ក៏បាន​ដាក់​បញ្ជា​ឱ្យ​មន្ដ្រី​ពន្លាត​ការ​អនុវត្ដ​ច្បាប់​នៃ​បទល្មើស​ទាំងនេះ ជា​អំពើ​ឧក្រិដ្ឋ​ទៅដល់​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។

នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុទ្ធនាការ​អន្ទាក់​សូន្យ​​កាលពី​ថ្ងៃទី ​១៦ ខែឧសភា ឆ្នាំ​ ២០២២ នៅក្នុង​សហគមន៍​ទេសចរណ៍​ធម្មជាតិ ត្មាតប៉ើយធឿន​ក្រសាំង ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ស្រុក​ជាំក្សាន្ត ខេត្ដ​ព្រះវិហារ​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ការបង្កើត​ឱ្យ​មាន​យុទ្ធនាការ​អន្ទាក់​សូន្យ គឺជា​ការកំណត់​​ទិសដៅ​ធ្វើឱ្យ​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា​មាន​សុវត្ថិភាព​គ្មាន​អន្ទាក់​។ ​លោក​បន្ត​​ថា​ក្រសួង​កំពុង​ជំរុញ​ការ​សហការ​គ្នា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ កម្លាំង​មាន​សមត្ថកិច្ច​ និង​អង្គការ​ពាក់ព័ន្ធ​ ដើម្បី​ប្រតិបត្ដិ​ការងារ​ផ្ទាល់ និង​អន្តរាគមន៍​ភ្លាមៗ​ក្នុងករណី​ទទួលបាន​ដំណឹង​ពី​ករណី​លក់​សត្វព្រៃ មាន​ការចាប់​សត្វព្រៃ ឬក៏​មានការ​ជួញដូរ​សត្វព្រៃ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​គូសបញ្ជាក់​ថា ការជួញដូរ​សាច់​សត្វព្រៃ​ខុសច្បាប់ គឺជា​អំពើ​ឧក្រិដ្ឋ ហើយ​អំ​ពោះ​ឧក្រិដ្ឋ​នេះ គឺ​ត្រូវ​ពន្លាត​ទៅដល់​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​​ដែលជា​ច្បាប់​មួយ​នៅ​ក្នុង​ការ​ពង្រឹង​ទៅលើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ ក្រសួង​បរិស្ថាន​បាន​ ​និង​កំពុង​អនុវត្ត​ច្បាប់​នេះ​បន្ថែម​ជាមួយនឹង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​»​។

លោក​បានឱ្យដឹងថា បច្ចុប្បន្ន​​កម្ពុជា​ក្រសួង​បរិស្ថាន​កំពុងតែ​អនុវត្ដ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដើម្បី​គ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​។

ប៉ុន្ដែ​មានច្បាប់​មួយទៀត គឺ​​ច្បាប់​ស្ដីពី​ប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​បូក​បន្ថែម​ទៅនឹង​បទល្មើស​ធនធាន​ធម្មជាតិ ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ និង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​​នគរបាល​យុត្ដិធម៌​ទាំងអស់​របស់​ក្រសួងបរិស្ថាន ដែល​កំពុងតែ​ឈរជើង​ការពារ​នៅ​​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បានទទួល​បញ្ជា​រួចហើយ​គឺ​​អនុវត្ដ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​រួចហើយ ប្រសិនបើ​បទល្មើស​មាន​កម្រិត​ពី​បទមជ្ឈិម​ទៅ​បទឧក្រិដ្ឋ​គឺ​ត្រូវតែ​ពន្លាត​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ការប្រឆាំង​ការសម្អាត​ប្រាក់​​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។

បើតាម​លោក ភក្ដ្រា ពាក់ព័ន្ធ​ជាមួយ​នឹង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​កន្លង​ទៅនេះ​ច្បាប់​នេះ ដោយសារ​តែ​រាជរដ្ឋាភិបាល​មើលឃើញថា ពលរដ្ឋ​មាន​ប្រពៃណី​ពឹង​ទៅលើ​ធនធាន​ធម្មជាតិ ប្រសិនបើ​ការរៀបចំ​នូវ​ច្បាប់ ​១ ​ដែលមាន​ភាព​តឹងរ៉ឹង​ខ្លាំង​កាលពី​ពេលមុន​នោះ គឺ​នឹង​អាច​ប្រឈមមុខ​ខ្លាំង​ជាមួយ​ពលរដ្ឋ​ដែល​បាន​ពឹងពាក់​អាស្រ័យ​ធនធាន​ធម្មជាតិ​។

លោក​បន្តថា​៖ «​ក៏ប៉ុន្ដែ​ខ្ញុំ​គិតថា ឥឡូវនេះ​គឺជា​ពេលវេលា​មួយ​ដែល​យើង​ត្រូវ​ពិនិត្យ​ឡើងវិញ​ទៅលើ​ច្បាប់​របស់​យើង​ដែលមាន​កន្លងទៅ​នៅក្នុង​ការធ្វើ​វិសោធនកម្ម​ទៅលើ​មាត្រា​មួយចំនួន ពីព្រោះ​ឥឡូវនេះ​ក្រសួង​បរិស្ថាន​បាន និង​កំពុង​រៀបចំ​តាក់តែង​នូវ​ក្រម​បរិស្ថាន ដែល​នៅក្នុង​ក្រម​បរិស្ថាន​នោះ​​ក៏​បានចែង​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​»​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​ជាមួយ​នឹង​ការផ្ដន្ទាទោស​បទល្មើស​គឺ​មន្ដ្រី​ជំនាញ​របស់​យើង​បាន​ពិនិត្យ​ទៅលើ​ករណីនេះ ហើយនឹង​លើក​ជា​គំនិត​ថា តើ​យើង​គួរតែ​បន្ថែម​ទោស​ ឬ​ថែម​​ការពិន័យ​ ឬក៏​វិធានការ​យ៉ាងណា​ ដើម្បី​យើង​បង្កើន​នូវ​សំណាញ់​ឱ្យ​ល្អិត​ជាង​មុន ពីព្រោះ​ឥឡូវនេះ​ធនធាន​ធម្មជាតិ​របស់​យើង​ក៏ដូចជា សត្វព្រៃ​របស់​យើង​មានការ​ថយចុះ ហើយ​និន្ន​ការ​នៃ​ការថយចុះ​នេះ វា​មិន​មែនមាន​នៅតែ​កម្ពុជា​របស់​យើង​ទេ ក៏ប៉ុន្ដែ​មាននៅ​ទូទាំង​ពិភពលោក​ទាំងមូល​»​។

បើតាម​លោក ភក្ដ្រា និន្នាការ​​នៃ​ការថយចុះ​ជីវចម្រុះ​នៅលើ​ពិភពលោក​នេះ​គឺមាន​ការធ្លាក់​​ចុះ​ច្រើន រហូត​ទៅដល់​ ៧០ ​ភាគរយ​នៃ​ជីវចម្រុះ​ក្នុង​រយៈពេល​ជិត​ ៧០ ​ឆ្នាំ ចុងក្រោយ​នេះ​។ បញ្ហា​នេះ​គឺជា​ការ​ប្រឈម​ដែល​​ត្រូវការ​សម្រប​ខ្លួន ត្រូវ​ការកែប្រែ​នូវ​កត្ដា​មួយចំនួន​ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​បង្កើន​ភាពល្អិត​នៃ​ការគ្រប់គ្រង​ឱ្យបាន​រឹងមាំ​ក្នុង​ការបង្កើន​ជីវចម្រុះ​ឡើងវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការការពារ និង​អភិរក្ស​ជីវចម្រុះ សត្វព្រៃ ព្រៃឈើ​កាន់តែ​ប្រសិទ្ធភាព​ខ្ពស់​នឹង​ផ្តល់​ផលប្រយោជន៍​​យ៉ាងច្រើន​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាមរយៈ​ការរកចំណូល​ពី​ទេសចរណ៍​ធម្មជាតិ​»​។

លោក កែន សេរីរដ្ឋា នាយក​អង្គការ WCS បាន​បាន​ចាត់ទុក​ការផ្គួចផ្ដើម​តាក់តែង​ក្រមស្ដីពី​បរិស្ថាន​នេះ​គឺជា​គំនិត​ប្រកប​ដោយ​ចក្ខុវិស័យ ហើយ​ខាង​អង្គការ​សង្គម​ស៊ីវិល ពិសេស​​អង្គការ​ខាង​អភិរក្ស​ធនធាន​ធម្មជាតិ ស្វាគមន៍​ការផ្គួច​ផ្ដើម​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រម​នេះ​​នឹង​កំណត់​ទិស​សម្រាប់​ឱ្យ​ការងារ​អភិរក្ស​យើង​អាច​អនុវត្ដ​នូវ​កិច្ចការងារ អភិរក្ស និង​ការពារ​ធនធាន​ជីវចម្រុះ និង​ព្រៃឈើ​បាន​។ ក្រម​នេះ​បាន​ជួយ​ច្រើន​លើ​ការ​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នេះ នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​»​។

បើតាម​លោក ភក្ដ្រា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​គឺ​ដើម្បី​បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន ផ្លាស់ប្តូរ​ទម្លាប់​ពលរដ្ឋ​មួយចំនួន​ដែល​ធ្លាប់តែ​ចូល​ព្រៃ​ប្រកប​មុខរបរ​កាប់​ឈើ និង​ប្រមាញ់​​សត្វព្រៃ​ឱ្យមាន​ជម្រើស​ថ្មី មុខរបរ​ថ្មី សម្រាប់​ប្រជាពលរដ្ឋ​ដែល​​រស់នៅ​ជុំវិញ និង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។

លោក​បន្តថា ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​នេះ គឺជា​វិធានការ​​ជាក់ស្តែង​ ដើម្បី​ការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ឱ្យបាន​គង់វង្ស​ដែល​មិនមែន​ជាការ​អង្គុយ​បក់ផ្សែង​ទេ ប៉ុន្តែ​ជាការ​ពន្លត់ភ្លើង​សំដៅ​រក្សា​ព្រៃ​ឱ្យបាន​​គង់វង្ស​ក្រោម​ទិស​ស្លោក «​រក្សា​ឈើ​ឈរ ដើម្បី​រក​ចំណូល​» ។

លោក​បានឱ្យ​ដឹងថា បច្ចុប្បន្ននេះ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដែល​ត្រូវបាន​បង្កើត​​ឡើង និង​ទទួលស្គាល់​ដោយ​ក្រសួង​បរិស្ថាន​មាន​ចំនួន​ ១៨២ ​ដែល​កំពុង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទទួលខុស​​ត្រូវ និង​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​។

លោក​ថា​ចាប់ពី​ដើមឆ្នាំ​ ២០២១ ​រហូតដល់​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ​​ក្រសួង​បរិស្ថាន​ធ្លាប់បាន​ផ្តល់​ពូជ​សត្វ​ទៅតាម​សហគមន៍​គោលដៅ​ដែល​បាន​ស្នើសុំ រួមមាន ក្របី ២៨០ ​ក្បាល គោ ៤០២ ​ក្បាល គោបា ​៦ ​ក្បាល គោមេ​ពូជ ៣០ ​ក្បាល ចៀម ៥២៤ ​ក្បាល ជ្រូក​ ៨០ ​ក្បាល ជ្រូកព្រៃ​ ១០០ ​ក្បាល បា​ចៀម​ ១ ​ក្បាល ពពែ​ ៣៨៣ ​ក្បាល​។ ក្រៅពីនេះ​ក៏មាន​កម្មវិធី​ផ្សេងៗ​​ទៀត​ដែល​អនុវត្ត​ដោយ​អង្គការ​​ជា​ដៃគូ​ក៏បាន និង​កំពុង​ជួយ​បង្កើន​ជីវភាព​សហគមន៍​បានល្អ​ផងដែរ​ដូចជា​កម្មវិធី​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​ ឬ ​«​ស្រូវ​ត្រយង​» ដែល​អនុវត្ត​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS នៅក្នុង​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ត្មាតប៉ើយ​ធឿន​ក្រសាំង​ជាដើម​។

គួរ​បញ្ជាក់ថា យុទ្ធនាការ​អន្ទាក់​​សូន្យ​ដែល​គ្រោង​រៀបចំ ៦ ​ខេត្ត​​ក្នុង​រយៈពេល ​៦ ​ខែ នឹង​បន្តធ្វើ​នៅ​ខេត្ត​ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនគិរី និង​បញ្ចប់​នៅ​ភ្នំពេញ​នា​ខែតុលា ឆ្នាំ ​២០២២៕