ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យមាន​ការលើក​លែង​ការធ្វើ​ចត្តាឡីស័ក ចំពោះ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ឡើយ បើទោះបីជា​នៅតាម​ប្រទេស​នានា​ជាប់​នឹង​ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើការ​លើកលែង​ក៏ដោយ​ដែល​វិធានការ​បែបនេះ ដោយសារ​លោក​មិន​ចង់ឱ្យ​ស្ថានការណ៍​ជំងឺ​កូវីដ​ដើរ​ថយក្រោយ​វិញ​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេជោ​ (TYDA) នា​ថ្ងៃទី​​១៧ ឧសភា នៅ​សាល​ពិព័រណ៍​ជ្រោយចង្វារ លោក ហ៊ុន សែន លើកឡើងថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បានស្នើ​ឱ្យមាន​ការលើក​លែង​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកទេសចរ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​យល់ព្រម​ទេ ផ្នែក​ឯកទេស​ថា យ៉ាងម៉េច​ថា​ចុះ​។ ហេតុ​អី​? យើង​កំពុងតែ​នាំគ្នា​ជំរុញ​ឱ្យមាន​ការចាក់​វ៉ាក់សាំង​បែរជា​ចង់​លើកលែង​ឱ្យ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។ អ៊ីចឹង​! តើ​មាន​អ្នកណា​ចង់​ចាក់​វ៉ាក់សាំង ហើយ​វា​ក៏​ជះឥទ្ធិពល​ទៅលើ​ប្រទេស​នានា ដែល​គេ​កំពុងតែ​ជំរុញឱ្យមាន​ការចាក់​វ៉ាក់សាំង​ផងដែរ​»​។

ប្រទេស​កម្ពុជា​ទទួលបាន​តែ​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ រួចរាល់​ទេ ប្រសិនបើ​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា​ដោយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង គឺ​ត្រូវដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​រយៈពេល​ ៧ ​ថ្ងៃ​។ នេះ​បើតាម​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​នៅពេលដែល​យើង​លើកលែង​ការធ្វើ​ចត្តាឡីស័ក អ្នកទេសចរ​បរទេស ដែល​មិនបាន​ចាក់​វ៉ាក់សាំង គឺ​នឹង​តម្រង់ទិស​មកកាន់​ស្រុក​ខ្មែរ​តែម្តង​។ អ៊ីចឹង​! សូមកុំ​យកលុយ​ជាធំ ត្រូវយក​ជីវិត​ជាធំ ហើយ​ខ្ញុំ​មិន​អាចឱ្យ​សភាពការណ៍​នេះ​ដើរ​ថយក្រោយ​នោះទេ​»​។

កាលពី​ខែមេសា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ ម៉ម ប៊ុនហេង បានប្រកាស កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ចត្តាឡីស័ក សម្រាប់​អ្នកដំណើរ​បរទេស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ហើយ​ចូលមក​កម្ពុជា ដោយ​បន្ថយ​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក​ពី​ ១៤ ​ថ្ងៃ មក​ត្រឹមតែ​ ៧ ​ថ្ងៃ​ប៉ុណ្ណោះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា អ្នកដំណើរ​មកពី​បរទេស​ចូល​តាម​ផ្លូវអាកាស​ត្រូវធ្វើ​តេស្ត​រហ័ស​នៅ​ថ្ងៃទី​ ៧ ដើម្បី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក ហើយ​អ្នកដំណើរ​មកពី​បរទេស​តាម​ព្រំដែន​គោក ត្រូវធ្វើ​តេស្ត​រហ័ស​ចំនួន​ ២​ លើក​។ លើក​ទី​ ១ នៅ​ថ្ងៃទី​ ១ មុនពេល​ចូល​មណ្ឌល​ចត្តាឡីស័ក និង​លើក​ទី​ ២ នៅ​ថ្ងៃទី ​៧ ដើម្បី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​។

សម្រាប់​ប្រទេស​កម្ពុជា ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវីដ ​១៩ លោកនាយក​រដ្ឋមន្ត្រី​បានដាក់​ចេញ​វិធីសាស្ត្រ​ ៤ ​ដំណាក់កាល រួមមាន ដំណាក់កាល​ទី​ ១ ការទប់ស្កាត់​ការឆ្លង​ចូលក្នុង​សហគមន៍​ចាប់ពី​ខែមីនា ឆ្នាំ​ ២០២០ ដល់​ខែតុលា ឆ្នាំ​ ២០២១​។ ដំណាក់កាល​ទី ​២ ការគ្រប់គ្រង​ការឆ្លង​កូវីដ​ក្នុង​សហគមន៍​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២១​។

ដំណាក់កាល​ទី​ ៣ គឺ​ការបង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍​តាម​យុទ្ធសាស្ត្រ​ជាតិ​ចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី​ ២០ ខែកុម្ភៈ ដល់​ខែតុលា ២០២១ និង​ដំណាក់កាល​ទី ​៤ គឺ​ការបើក​ដំណើរការ​ប្រទេស​ពេញលេញ និង​រស់នៅ​ជាមួយ​កូវីដ​ ១៩ ​តាម​គន្លង​ថ្មី​។

ទាក់ទង​នឹង​វ៉ាក់សាំង​កូវីដ​ ១៩ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ចំនួន​ ៥២​ លាន​ដូស ហើយ​បាន​ប្រើប្រាស់​អស់​ជាង​ ៤២​ លាន​ដូស និង​នៅសល់​ក្នុង​ឃ្លាំង​ជិត​ ១០ ​លាន​ដូស​។ ចំណែក វ៉ាក់សាំង ដែល​មិនទាន់​ដឹក​មកដល់​គឺ​នៅសល់​ប្រមាណ​ ២០,៥ ​លាន​ដូស ដែល​ក្នុងនោះ​មាន​ពី​ប្រទេស​ចិន​ ១៥ ​លាន​ដូស​ពី​សហរដ្ឋអាមេរិក​ ៥,៥ ​លាន​ដូស​។

លោក ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​អ្វីដែល​ខ្ញុំ​មាន​មោទនភាព វ៉ាក់សាំង​ ៥២ ​លាន​ដូស​ដែល​បានមក​ដល់​ទាំង​មុន និង​ក្រោយ គឺ​កម្ពុជា​បាន​ចំណាយលុយ​ខ្លួនឯង​ទិញ​វ៉ាក់សាំង​ចំនួន​ ២៨,៥​ លាន​ដូស​។ កម្ពុ​ជាមាន​សមត្ថភាព​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​។ ប្រទេស​យើង​ក្រ តែ​មិន​បណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះ​ថ្នាំ ដែល​យើង​អា​ចរក​ទិញ​បាន​នោះទេ​»​។

ជាមួយ​គ្នានេះ លោក ​ហ៊ុន សែន ក៏បាន​ស្នើឱ្យ​ក្រសួង​សុខាភិបាល​ត្រូវ​ជំរុញ​ដល់​វិស័យ​ឯកជន​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង ក៏ត្រូវ​ដំណើរ​ការផលិត​វ៉ាក់សាំង​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្រសួង​ត្រូវ​ពិនិត្យ​មើល​ទៅលើ​ក្រុមហ៊ុន ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​ការផលិត​វ៉ាក់សាំង ថា​តើ ធ្វើ​ឬ​មិន​ធ្វើ​។ បើ​មិន​ធ្វើ ត្រូវ​ដកយក​មកវិញ ដោយសារ​ខាង​ភាគី​ចិន​ថា ខាង​កម្ពុជា​យើង​មានការ​យឺតយ៉ាវ​មិនមាន​ធ្វើ​អី​»​។

លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក​ ម៉ម ប៊ុនហេង ត្រូវរាយការណ៍​ជូន​លោក​ក្នុង​ ១ ​អាទិត្យ​ម្តង​ស្តីពី​វឌ្ឍនភាព​នៃ​រោងចក្រ​ផលិត​វ៉ាក់សាំង​។ ប្រសិនបើ​ខាង​វិស័យ​ឯកជន​មិនអាច​ធ្វើ​បានទេ លោក​នឹង​បញ្ចេញ​ទុន​សម្រាប់​រដ្ឋ​ជា​អ្នក​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ដោយ​សហការ​ជាមួយនឹង​ដៃគូ​ប្រទេស​ចិន​តែម្តង​។

គួរ​បញ្ជាក់ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ​(TYDA) ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០១២ ក្រោម​ការផ្តួចផ្តើម​គំនិត​ផ្ទាល់​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ សមាគម​គ្រូពេទ្យ​ធីតា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ ហ៊ុន ម៉ាណែ​ត និង​លោកស្រី​ ពេជ ចន្ទមុន្នី ក្នុង​គោលបំណង​ផ្តល់​សេវា​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នានា​ទូទាំង​ប្រទេស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។

បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​មកពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​បាន​ជាង​ ៣៣​ ម៉ឺន​នាក់​។ ក្នុងនោះ​អ្នកជំងឺ​ធ្ងន់​ជាង​ ៦​ ពាន់​នាក់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​-​ភ្នំពេញ និង​ជាមួយ​ដៃគូ​សហការ​នានា​។ ក្នុងចំណោម​អ្នកជំងឺ​ធ្ងន់ ក៏មាន​អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ ៥៦ ​នាក់​ផងដែរ​។

ក្នុងពេល​កម្ពុជា​ទទួល​រង​នូវ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ក្រុមគ្រូពេទ្យ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​ជិត​ ៨០០​ នាក់ បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ជាមួយ​រាជរដ្ឋាភិបាល​ដោយ​ឥត​រួញរា​ផងដែរ​៕

វីដេអូ៖